បាល់ទះ​ជន​ពិការ​​កម្ពុជា​បាន​​សម្រុក​ហ្វឹកហាត់​យ៉ាង​ខ្លាំង ត្រៀម​ការ​ប្រកួត​អាស៊ាន​ប៉ារ៉ាហ្គេម​​​​

  • 2022-07-20 03:43:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​បាល់ទះ​ជន​ពិការ និង​ជា​ប្រធាន​ក្រុម​​ អ៊ូ ផល្លា ​​បាន​​បង្ហើប​ថា​ក្រុម​កីឡាករ​របស់​ខ្លួន​បាន​សម្រុក​ហ្វឹកហាត់​មក​​ជា​យូរ​មក​ហើយ ក្នុង​​ការ​ប្រកួត​ព្រឹត្តិការណ៍​អាស៊ាន​ប៉ារ៉ាហ្គេម​នៅ​ប្រទេស​​ឥណ្ឌូណេស៊ី ដែល​នឹង​ធ្វើ​ឡើង​នៅ​​ថ្ងៃ​ទី​៣០ ខែ​កក្កដា ​ដល់​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០២២​។

​កីឡាករ​ឆ្នើម​ដែល​ធ្លាប់​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​អាស៊ាន​ប៉ារ៉ាហ្គេម​បាន​ចំនួន​ពីរ​​លើក​រួច​មក​ហើយ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ក្រុម​កីឡាករ​បាល់ទះ​ជន​ពិការ​កម្ពុជា​បាន​ធ្វើ​ការ​ហ្វឹកហាត់​មក​រហូត​តាំង​ពី​​២០១៩​មក​ ហាត់​មិន​សម្រាក​ឡើយ​។ ក្រោយ​ពី​ការ​ហ្វឹកហាត់​ជាប់លាប់​មក​រហូត​បែបនេះ​​កីឡាករ​កម្ពស់​១,៨៣​ម៉ែត្រ​រូ​ប​នេះ​មើល​ឃើញ​ថា សមត្ថភាព​​កូន​ក្រុម​របស់​ខ្លួន​មាន​ភាព​រីកចម្រើន​គ្រប់​ចំណុច​មិន​ថា ការ​ផ្ដាច់​​ និង​ការ​ធ្វើ​រនាំង​ជា​ដើម ដែល​ធ្វើ​ឲ្យ​ការ​រំពឹង​ទុក​ក្នុង​ការ​យក​​បាន​មេដាយ​ក្នុង​ព្រឹត្តិការណ៍​នេះ​​មាន​ខ្ពស់​។

កីឡាករ​ដែល​មាន​ដើម​កំណើត​មក​ពី​ខេត្ត​កំពង់​ឆ្នាំង​ខាង​លើ​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា «​សម្រាប់​ការ​ហ្វឹកហាត់​គឺ​យើង​ហាត់​មក​រហូត​តាំង​ពី​២០១៩​មក​​គឺ​យើង​ហាត់​អត់​ឈប់​ទេ យើង​បុក​ហាត់​មក​រហូត​ហ្នឹង​។…និយាយ​ទៅ​សមត្ថភាព​កូន​ក្រុម​ខ្ញុំ​មើល​ឃើញ​ថា​ មាន​ការ​រីក​ចម្រើន​ច្រើន​ទាំង​ការ​ផ្ដាច់ និង​ការ​ធ្វើ​រនាំង​បើ​ធៀប​នឹង​ការ​ប្រកួត​នៅ​ម៉ាឡេស៊ី​កាល​អាស៊ាន​ប៉ារ៉ាហ្គេម​នៅ​២០១៧​។ ខ្ញុំ​ជឿ​ថា​យើង​នឹង​បាន​មេដាយ​ឆ្នាំ​នេះ​ ព្រោះ​កាល​ពី ២០១៧ យើង​បាន​មេដាយ​ប្រាក់»។

​​កីឡាករ​ដែល​បទ​ពិសោ​​ធ​ក្បែរ​១០​ឆ្នាំ​ក្នុង​នាម​កីឡាករ​បាល់​ទះ​ជន​ពិការ​រូប​នេះ​បាន​បន្ថែមថា ប្រទេស​ក្នុង​ដំបន់​អាស៊ីអាគ្នេយ៍​នេះ​​មាន​តែ​ប្រទេស​ចំនួន​២​ប៉ុណ្ណោះ ដែល​ជា​ជើង​ខ្លាំង​គឺ​ថៃ និង​មីយ៉ាន់ម៉ា​។ ប៉ុន្តែ​ក្នុង​នោះ​ថៃ​ក៏​ធ្លាប់​ត្រូវ​បាន​កម្ពុជា​​ធ្លាប់​យក​ឈ្នះ​បាន​ដែរ មិន​ថា​ការ​ប្រកួត​​ផ្លូវ​ការ និង​មិត្ត​ភាព​ឡើយ​។ អ្វី​ដែល​​ជា​ការ​ចាប់អារម្មណ៍​នោះ​កម្ពុជា​ធ្លាប់​បំបាក់​ថៃ​ដល់​៣-០ ក្នុង​ការ​ប្រកួត​មិត្ត​ភាព​​ផង​ដែរ​។

​យ៉ាង​ណា​ក្រោយ​ការ​ខក​ខាន​ជួប​គ្នា​ច្រើន​ឆ្នាំ​ ដោយ​សារ​ការ​ផ្អាក​សកម្មភាព​​ប្រកួត​ព្រោះ​កូវីដ-១៩ ធ្វើ​ឲ្យ​ ផល្លា មិន​ហ៊ាន​សន្យា​ថា នឹង​ឈ្នះ​ដាច់​ខាត​ទេ ព្រោះ​កម្ពុជា​មាន​ការ​ហ្វឹកហាត់​ខ្លាំង ខណៈ​ប្រទេស​ផ្សេង​ៗ​ហាត់​ខ្លាំង​ដូច​គ្នា​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី