ឯកឧត្ដម ហ៊ុន ម៉ានី នឹងកាន់ទង់អាស៊ានប៉ារ៉ាហ្គេមដោយផ្ទាល់មកកម្ពុជាល្ងាចនេះ
- 2022-08-07 06:18:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯកឧត្ដម ហ៊ុន ម៉ានី នឹងកាន់ទង់អាស៊ានប៉ារ៉ាហ្គេមដោយផ្ទាល់មកកម្ពុជាល្ងាចនេះ
ចន្លោះមិនឃើញ
បន្ទាប់ពីចំណាយពេលអស់ ៨ថ្ងៃនៅឯប្រទេសឥណ្ឌូណេស៊ី ប្រតិភូ កីឡាករ កីឡាការិនី នឹងមកដល់កម្ពុជានៅល្ងាចនេះហើយ ខណៈដែលឯកឧត្ដម ហ៊ុន ម៉ានី នឹងនាំយកទង់ប៉ារ៉ាហ្គេម មកជាមួយផងដែរក្នុងនាមជាម្ចាស់ផ្ទះប៉ារ៉ាហ្គេមឆ្នាំក្រោយ។
នាឱកាសបិទការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី ក្រោមអធិបតីភាពលោកប្រធានាធិបតី ចូកូ វីដូដូ (Joko Widodo) គណៈប្រតិភូប៉ារ៉ាឡាំពិកកម្ពុជា ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានអញ្ជើញទៅទទួលទង់អាស៊ានប៉ារ៉ាហ្គេម ពីម្ចាស់ផ្ទះឥណ្ឌូណេស៊ី។ តាមរយៈពិធី គឺបានប្រកាសជាឱឡារិកថា កម្ពុជាជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ពីពេលនេះតទៅ។
គណៈប្រតិភូកម្ពុជានឹងធ្វើមាតុភូមិនិវត្តមកដល់ព្រះរាជាណាចក្រកម្ពុជាវិញនារសៀលថ្ងៃទី៧ ខែសីហា ជាមួយនឹងការដង្ហែទង់ពីប្រទេសឥណ្ឌូណេស៊ី ដើម្បីប្រគល់ជូនសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំព្រឹត្តការណ៍កីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម CAMSOC នៅអាកាសយានដ្ឋានភ្នំពេញ។ បន្ទាប់ពីពិធីប្រគល់ ក៏នឹងមានការដង្ហែទង់អាស៊ានប៉ារ៉ាហ្គេម និងម្ចាស់មេដាយនៅតាមដងវិថីសំខាន់ៗក្នុងរាជធានីភ្នំពេញផងដែរ៕