អស់ពី ហ៊ុយ យ៉ាឡេង ឥឡូវតារាចម្រៀងខ្មែរពីរដួងទៀត រិះគន់រឿង បុព្វេសន្និវាស

  • 2022-08-12 04:34:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែភាពយន្ដថៃរឿង “បុព្វេសន្និវាស” ចាប់ផ្ដើមចាក់បញ្ចាំងនៅតាមរោងកុននានាក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទី១១ ខែសីហា។ ចាប់ផ្ដើមចាក់បញ្ចាំង ការរិះគន់ក៏ចាប់ផ្ដើមមានកាន់តែច្រើនដែរពីប្រជាជនខ្មែរ ជាពិសេសសិល្បករខ្មែរដែលស្រឡាញ់វិស័យភាពយន្ដខ្មែរ។

តារាចម្រៀងលោក រតនៈ វិសិដ្ឋ បង្ហាញអារម្មណ៍របស់ខ្លួនទាក់ទងនឹងរឿងបរទេសនេះតាមបណ្ដាញសង្គមនៅថ្ងៃទី១២ ខែសីហា ថា មិនមែនជោរPost តាមគ្នា ឬយ៉ាងណានោះទេ ប៉ុន្ដែលោកបានមើលឃើញអីចឹងមែន។

លោក រតនៈ វិសិដ្ឋ៖ “ខ្ញុំអត់ខ្វល់ផែនទីនោះមានពិតនៅក្នុងសម័យណាមួយរបស់វាទេ តែនេះវាបញ្ជាក់ច្បាស់ៗថា៖ព.ស២៥៦៥ ឬក៏មានបំណងចង់ឲ្យគេយល់ច្រឡំ? ជួយម្នាក់ម៉ាដៃម៉ាជើងទៅ វារៀងហើយ”។

ចំណែកតារាចម្រៀង អ៊ាម វន្នី វិញក៏ប្រត្ដិកម្មមិនខុសគ្នាប៉ុន្មានពីលោក រតនៈ វិសិដ្ឋ ដែរ។ លោកនិយាយថា លោកមិនយល់ គ្រាន់តែឈ្មោះ "ការ៉ាកេត គឺយកពីខ្មែរទៅហើយ ឥឡូវដល់រឿងខាងក្នុងលួចទៀត។ តើយើងនៅតែបន្ដគាំទ្រកុនរបស់គេដល់ណាទៀត លោកក៏សួរទៅកាន់អ្នកដែលគាំទ្រ ឬបានទស្សនាក្នុងន័យដាស់តឿនឲ្យចេះស្រឡាញ់វប្បធម៌ជាតិថា អ្នកបានចូលទស្សនាពេញចិត្ដ ឬនៅ?

អ៊ាម វន្នី៖ “បុព្វេសន្និវាស វគ្គ២ កាន់តែគឃ្លើន រហូតបង្ហាញថាទឹកដីខ្មែរបាត់អស់មួយជ្រុងទៀតទៅលើប្រទេសថៃ តើនេះឬជាអ្វីដែលអ្នកទស្សនា ជាកូនខ្មែរយើងនាំគ្នាគាំទ្រ ទាំងងងឹតងងុលមែនទេ”។

រូបថត៖​ ហ្វេសប៊ុក អ៊ាម វន្នី

សូមរំលឹកថា ការរិះគន់ និងការបង្ហាញពីភាពឈឺឆ្អាលក្នុងរឿងប្រទេសជិតខាងផលិតខ្សែភាពយន្ដឡើងពាក់ព័ន្ធនឹងប្រវត្ដិសាស្ដ្រ ហើយយកមកចាក់នៅកម្ពុជាពីសំណាក់មហាជន និងអ្នកសិល្បៈមួយចំនួន បានកើតឡើងតាំងពីមុន១ថ្ងៃ នៃការចាក់បញ្ចាំងរឿង “បុព្វេសន្និវាស”។ ពលរដ្ឋខ្មែរ និងអ្នកសិល្បៈខ្មែរ លើកឡើងថា ខ្សែភាពយន្ដនេះ មានឈុតខ្លះបានលួចចម្លងពីខ្មែរ និងមានចេតនាធ្វើឲ្យបរទេសយល់ច្រឡំពីវប្បធម៌ខ្មែរ៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី