Smart Axiata ចាប់ដៃជាមួយ Prime Video ដើម្បីឱ្យអ្នកប្រើប្រាស់អាចរីករាយជាមួយនឹងមាតិកាថ្មីៗ តាមរយៈសមត្ថភាពពិតប្រាកដនៃបច្ចេកវិទ្យា 5G
- 2026-03-09 06:04:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Smart Axiata ចាប់ដៃជាមួយ Prime Video ដើម្បីឱ្យអ្នកប្រើប្រាស់អាចរីករាយជាមួយនឹងមាតិកាថ្មីៗ តាមរយៈសមត្ថភាពពិតប្រាកដនៃបច្ចេកវិទ្យា 5G
ចន្លោះមិនឃើញ
ទីក្រុងបាសេឡូណា៖ កាលពីថ្ងៃទី 04 ខែមីនា ឆ្នាំ 2026 ក្រុមហ៊ុន Smart Axiata បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) ជាមួយ Prime Video ជាផ្លូវការ ដែលនេះជាការបោះជំហានថ្មីមួយរបស់ Smart ក្នុងការផ្តល់ជូននូវបទពិសោធន៍ឌីជីថលស្របតាមរសនិយមឌីជីថលដែលកាន់តែសម្បូរបែបរបស់ប្រជាជនកម្ពុជា។
កិច្ចសហប្រតិបត្តិការនេះជាការកិច្ចសហការ យ៉ាងពិសេសរវាងបណ្ដាញសេវា និងនវានុវត្តន៍ផ្នែកឌីជីថលរបស់ Smart ជាមួយនឹងភាពសម្បូរបែបនៃភាពយន្តចម្រុះ រឿងភាគ និងការផ្សាយបន្តផ្ទាល់កីឡា ដ៏ទូលំទូលាយរបស់ Prime Video។ ជារួមទៀតសោត ក្រុមហ៊ុនទាំងពីរ មានគោលបំណងធ្វើឱ្យការទស្សនាមាតិកាកម្សាន្តស្តង់ដាអន្តរជាតិ ឱ្យកាន់តែមានភាពងាយស្រួល និងផ្ដល់ជូនទស្សនីយភាពកាន់តែសម្បូរបែបសម្រាប់ប្រជាជនកម្ពុជា។
កិច្ចសហការនេះបានបង្ហាញពីចក្ខុវិស័យដ៏ទូលំទូលាយរបស់ Smart ក្នុងការអភិវឌ្ឍ និងធ្វើបច្ចុប្បន្នភាពផ្នែកសេវាកម្មឌីជីថលរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងរបៀបរស់នៅជំនាន់ថ្មី និងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដែលកំពុងវិវត្តយ៉ាងឆាប់រហ័សនៅកម្ពុជា។ ខណៈពេលដែលអតិថិជនកាន់តែមានការតភ្ជាប់ និងកាន់តែមានភាពផ្សារភ្ជាប់យ៉ាងជិតដិតជាមួយនឹងពិភពលោកកាន់តែច្រើន Smart នៅតែបន្តផ្តោតលើការផ្តល់ជូនសេវាកម្មប្រកបដោយភាពច្នៃប្រឌិត ដែលបំពេញតាមតម្រូវការពិតប្រាកដរបស់អតិថិជន។
លោក Ritesh Kumar Singh នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន Smart តែងតែអាប់ដេតសេវាកម្មរបស់យើងឱ្យស្របតាមអ្វីដែលអតិថិជនស្រឡាញ់ និងស្របតាមការរស់នៅរបស់ប្រជាជនកម្ពុជា។ កិច្ចសហការជាមួយ Prime Video គឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់យើង ក្នុងការនាំមកនូវបទពិសោធន៍ឌីជីថលកម្រិតពិភពលោកមកកាន់កម្ពុជា និងពង្រឹងគោលជំហរជាក្រុមហ៊ុនឌីជីថល សមស្របទៅតាមរសនិយម »។
Prime Video មានការទទួលស្គាល់យ៉ាងទូលំទូលាយ តាមរយៈគុណភាពស្តង់ដាអន្តរជាតិ សម្រាប់ ភាពយន្តបែបរន្ធត់និងព្រឺព្រួញ ក៏ដូចជាភាពយន្តបែបឧក្រិដ្ឋកម្ម និងស៊ើបអង្កេត រឿងបែបដ្រាម៉ា កំប្លែងដែលទទួលបានពានរង្វាន់នានា ព្រមទាំង មាតិកាសម្បូរបែប បែបមនោសញ្ចេតនា សម្រាប់យុវវ័យ និងគ្រួសារផងដែរ។ ស្នាដៃល្បីល្បាញ ដូចជា The Boys និង Tom Clancy’s Jack Ryan ជាភាពយន្តដែលពោរពេញដោយដំណាលរឿងយ៉ាងជក់ចិត្ត ខណៈដែលខ្សែរឿងភាគមួយចំនួនទៀតក៏ទទួលបាននូវកោតការសរសើរខ្ពស់ដូចជា Fleabag និង The Marvelous Mrs. Maisel ដែលសាច់រឿងផ្តល់នូវការកម្សាន្តតាមរយៈតួអង្គឆ្លាតវៃគួរឱ្យចង់តាមដាន ដែលសមតាមចំណង់ចំណូលចិត្តរបស់យុវវ័យក្នុងសម័យបច្ចុប្បន្ន។
មាតិកាផ្តាច់មុខរបស់ Prime Video រួមមានស្នាដៃបែបមនោសញ្ចេតនាដែលទទួលការគាំទ្រខ្លាំង ដូចជា The Idea of You និងស៊េរីបែប Coming-of-Age ដ៏ពេញនិយម The Summer I Turned Pretty ព្រមទាំងស៊េរីដ្រាម៉ាកូរ៉េដែលទទួលការសរសើរខ្ពស់ដូចជា Marry My Husband, GOOD BOY និង Spring Fever ដែលបង្ហាញពីការនិទានរឿងសម្បូរបែប ប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅ អាចទាក់ទាញទស្សនិកជនពីវប្បធម៌នានា។
បន្ថែមពីនេះ Prime Video ក៏នាំមកនូវបទពិសោធន៍កីឡាផ្សាយផ្ទាល់ជូនអ្នកគាំទ្រផងដែរ ដូចជាការផ្សាយផ្តាច់មុខនូវការប្រកួត NBA និងការវិភាគជំនាញពីកីឡាករបាល់បោះល្បីៗដើម្បីផ្ដល់ជូននូវ អារម្មណ៍រំភើបសម្រាប់អ្នកទស្សនាតាមរយៈវេទិកាឌីជីថលប្រកបដោយគុណភាពខ្ពស់។
តំណាងពី Prime Video លោក Nahshon Davidai អនុប្រធាន (Vice President) របស់ Amazon Fuse បានមានប្រសាសន៍ថា៖«យើងមានភាពរីករាយយ៉ាងខ្លាំងក្នុងការសហការជាមួយ Smart Axiata ដើម្បីនាំមកនូវមាតិកាកម្សាន្តកម្រិតពិភពលោករបស់ Prime Video ដល់អតិថិជនកាន់តែច្រើនទូទាំងប្រទេសកម្ពុជា» ។ «កិច្ចសហការនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្ដល់ជូននូវទស្សនីយភាពល្អៗកាន់តែច្រើន និងផ្ដល់ភាពងាយស្រួលសម្រាប់ទស្សនិកជនក្នុងតំបន់ ដោយផ្តល់ឱ្យអ្នកទស្សនាកម្ពុជា នូវស្នាដៃល្បីភាពយន្តល្បីៗ និងការប្រមូលផ្ដុំនូវមាតិកាផ្តាច់មុខដែលពួកគេចូលចិត្ត តាមរយៈក្រុមហ៊ុនទូរគមនាគមន៍ដែលពួកគេទុកចិត្ត»។
ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) នៅថ្ងៃទី 4 ខែមីនា ឆ្នាំ 2026 ក្នុងអំឡុងព្រឹត្តិការណ៍ Mobile World Congress នៅទីក្រុងបាសេឡូណា ជាកិច្ចចាប់ផ្តើមនៃទំនាក់ទំនងយុទ្ធសាស្ត្រនេះ។ បច្ចុប្បន្ន ក្រុមការងារកំពុងរៀបចំផ្នែកបច្ចេកទេស និងមានគម្រោងដាក់ឱ្យដំណើរការជាផ្លូវការក្នុងពេលឆាប់ៗខាងមុខ។
អតិថិជនអាចតាមដានបណ្តាញផ្លូវការរបស់ Smart សម្រាប់ព័ត៌មានថ្មីៗ អំពីវិធីដើម្បីចាប់ផ្តើមទស្សនាភាពយន្តល្អៗជាមួយ Prime Video តាមរយៈសេវាកម្មរបស់ Smart។
អំពី Prime Video
Prime Video គឺជាគោលដៅកម្សាន្តដែលផ្ដល់ជូនអតិថិជននូវការប្រមូលផ្ដុំកម្មវិធី ពិសេសៗដ៏សម្បូរបែបនៅក្នុងកម្មវិធីតែមួយ ដែលអាចប្រើប្រាស់បាននៅលើឧបករណ៍រាប់ពាន់ប្រភេទ។ នៅលើ Prime Video អតិថិជនអាចកំណត់បទពិសោធន៍នៃការទស្សនាផ្ទាល់ខ្លួន និងស្វែងរកភាពយន្ត ខ្សែភាពយន្តភាគនិងព្រឹត្តិការណ៍ផ្សាយផ្ទាល់ រួមមានរឿងភាគ និងភាពយន្តផលិតដោយ Amazon MGM Studios ដូចជា Fallout, Heads of State, Reacher, Red One, Road House, The Accountant 2, The Boys, The Lord of the Rings: The Rings of Power និង The Summer I Turned Pretty ព្រមទាំងមាតិកាពេញនិយមដែលទទួលបានសិទ្ធិចែកចាយផ្សេងៗទៀត។ លើសពីនេះ សមាជិក Prime ក៏ទទួលបានសិទ្ធិចូលទស្សនាផ្តាច់មុខលើការផ្សាយកីឡាផ្ទាល់ រួមមានការប្រកួត NBA និងភាពយន្តឯកសារកីឡា ដូចជា Bye Bye Barry, Kelce និង Earnhardt ផងដែរ។
អំពី Smart
ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Axiata Group Berhad (ប្រទេសម៉ាឡេស៊ី) ផ្តល់ជូននូវសេវាទំនាក់ទំនង 5G និងដំណោះស្រាយបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ចម្រុះនៅទូទាំងប្រទេសកម្ពុជា ដោយបម្រើអតិថិជនជិត ៨ លាននាក់។ ក្នុងនាមជាម៉ាកយីហោបច្ចេកវិទ្យាទូរសព្ទ និងឌីជីថលដ៏ទូលំទូលាយ ក្រុមហ៊ុន Smart កំពុងផ្លាស់ប្តូរទិដ្ឋភាពឌីជីថលរបស់កម្ពុជា តាមរយៈការជួយបង្កើនផលិតភាព ការលើកកម្ពស់របៀបរស់នៅបែបឌីជីថល និងការគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ដោយបានបញ្ជៀបចីរភាពទៅក្នុងការអនុវត្តការងារ តាមរយៈការពង្រីកបណ្តាញប្រកបដោយការទទួលខុសត្រូវ បរិយាបន្នឌីជីថល និងនវានុវត្តន៍។
ក្រោមការគាំទ្រពីក្រុមហ៊ុន Axiata Group Berhad ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេមួយនៅអាស៊ីអាគ្នេយ៍ ក្រុមហ៊ុន Smart គឺជាសហគ្រាសម៉ាឡេស៊ីដ៏សំខាន់មួយដែលទទួលបានវិនិយោគទន់មួយភាគធំពី មូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់រដ្ឋាភិបាលម៉ាឡេស៊ី។ ការជ្រោមជ្រែងនេះ ជួយជម្រុញឲ្យក្រុមហ៊ុន Smart ប្រកាន់ខ្ជាប់នូវស្តង់ដារពិភពលោក អភិបាលកិច្ចល្អ និងការរីកចម្រើនប្រកបដោយការទទួលខុសត្រូវ ដែលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងឌីជីថលរបស់កម្ពុជា។