ឃើញស្ថានភាព DJ Lion បែបនេះ សុខ រ៉ាស៊ី ទប់ទឹកភ្នែកស្ទើរមិនជាប់

  • 2022-08-16 02:48:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុគ្គលដែលដឹងកំហុស ហើយចេះកែខ្លួនមកសាងអំពើល្អ គឺជាបណ្ឌិត្យ។ នេះ ជាពាក្យរបស់ព្រះពុទ្ធ ហើយត្រូវបានលោក សុខ រ៉ាស៊ី លើកមកប្រដូចនិងអតីតពិធីករស្ថានីយទូរទស្សន៍ CTN ហែម បូរិទ្ធ ហៅDJ Lion ដែលទើបចេញពីពន្ធនាគារ ហើយចេះកែខ្លួន។

លោក សុខ រ៉ាស៊ី និយាយថា ពេលបានជួប និងឃើញស្ថានភាពរបស់ Dj Lion លោកស្ទើរតែទប់ទឹកភ្នែកមិនបាន។ លោកបង្ហើបដំណឹងនេះដោយមានភ្ជាប់វីដេអូ និងរូបថតជាច្រើនសន្លឹកតាមបណ្ដាញសងង្គមកាលពីថ្ងៃទី១៥ ខែសីហា ថា៖ “បង ឡាយអែន ចេញមកវិញអត់មានការងារទាល់តែសោះ រាល់ថ្ងៃជួយរៀបចំបាយទឹកឲ្យប្អូនស្រីគាត់ជាជាងអ៊ុតសក់ នៅតូបគួរឲ្យអាណិតណាស់"។

សុខ រ៉ាស៊ី បន្ថែមថា បើចង់ឲ្យស្រុកខ្មែរ សម្បូរមនុស្សល្អ ទាល់តែបងប្អូនចេះលើកលែងឲ្យអ្នកដែលដឹងខ្លួនខុស និងចេះកែខ្លួន។ លោកក៏ឆ្លៀតអំពាវនាវដល់ក្រុមហ៊ុន ឬAgency ដែលមានការងារធ្វើត្រូវនិងជំនាញរបស់លោក ហែម បូរិទ្ធ ហៅDJ Lion សូមមេត្ដាជួយផ្ដល់ឱកាសឲ្យលោកផង។

Sabay មិនទាន់អាចទាក់ទងលោក ហែម បូរិទ្ធ ដើម្បីលម្អិតព័ត៌មាននេះនៅឡើយទេ គិតត្រឹមម៉ោង ៩ និង៣០នាទីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។ Sabay នឹងព្យាយាមទាក់ទងលោក ដើម្បីធ្វើបច្ចុប្បន្នភាព នៃស្ថានភាពរបស់លោក។

សូមរំលឹកថា លោក ហែម បូរិទ្ធ ហៅDJ Lion បានជាប់ពាក់ព័ន្ធនិងករណីរក្សាទុក និងជួញដូរគ្រឿងញៀនចំណុះមួយគីឡូក្រាម នៅអតីតមណ្ឌមណ្ឌលកម្សាន្ដរ៉ុក រាជធានីភ្នំពេញ កាលពីចុងឆ្នាំ២០១៨។ កាលណោះរូបលោក និងបក្សពួក ៣នាក់ផ្សេងទៀត ត្រូវបានតុលាការចោទប្រកាន់ទោស ហើយសម្រេចដាក់ពន្ធនាគារ ហើយទើបតែពេលនេះលេចដំណឹងថាលោក Lion ចេញវិញហើយ៕

ជិន សុភ័ក្ដ្រ

អត្ថបទពេញនិយម