ពាណិជ្ជកម្ម​ទ្វេភាគី កម្ពុជា-តួកគីយ៉េ កើន​ឡើង​ ជាមួយ​​តួលេខ​សរុប​ជាង ៩០លានដុល្លារអាមេរិក

  • 2022-08-25 04:24:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​របាយការណ៍​ពី​ក្រសួង​ពាណិជ្ជកម្ម ប្រទេស​កម្ពុជា​សម្រេច​បាន​កំណើន​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគីជាមួយ​ប្រទេស​តួកគីយ៉េ​ក្នុង​អត្រា ២,០៦% ធៀបនឹងឆ្នាំ២០២០។

រូបតំណាង

នេះ​បើ​តាម​របាយការណ៍​ពី​អង្គ​ប្រជុំ​មួយ​ធ្វើ​នៅព្រឹក​ថ្ងៃ​ទី ២៤ សីហា ទីស្តីការក្រសួងពាណិជ្ជកម្ម។ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-តួកគីយ៉េ សម្រេចបាន ៤៦២,៦៣លានដុល្លារអាម៉េរិក ក្នុងរយៈពេល៥ឆ្នាំ(២០១៧-២០២១)។ ទោះបីស្ថិតក្នុងបរិបទនៃការរីករាលដាលជំងឺកូវីត-១៩ក្ដី ប៉ុន្តែ​ផ្អែក​តាម​របាយការណ៍​ ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-តួកគីយ៉េ សម្រេចបានប្រមាណ ៩០,៦៣លានដុល្លារក្នុងឆ្នាំ២០២១។ តួលេខ​នេះ កើនឡើង ២,០៦% ធៀបនឹងឆ្នាំ២០២០។

ចាប់​តាំង​ពី​ភ្ជាប់​ទំនាក់ទំនងពាណិជ្ជកម្ម​ទ្វេ​ភាគី​មក កម្ពុជា​បាន​នាំចេញមុខទំនិញទៅតួកគីយ៉េ មាន​ដូចជា៖ សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង សម្ភារៈធ្វើដំណើរ អង្ករ ឆ័ត្រ។ល។ ដោយឡែកការនាំចូលទំនិញពីតួកគីយ៉េ មានដូចជា៖ ម៉ាស៊ីន ផលិតផលឱសថ កញ្ចក់ ដែក ផលិតផលប្លាស្ទិក និងទំនិញដទៃទៀត។

ប្រទេស​ទាំង​ពីរ មាន​ផែន​ការ​រៀប​ចំ​កិច្ច​ប្រជុំ​លើក​ទី៣ គណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគីយ៉េ ដែលគ្រោងនឹងធ្វើឡើងនៅកំឡុងខែតុលា ឆ្នាំ២០២២ នៅកម្ពុជា។ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើសេចក្តីព្រាងរបៀបវារៈ និងកំណត់ហេតុរួមនៃកិច្ចប្រជុំ​មួយ​ចំនួន​ត្រៀម​សម្រាប់​ជំនួប​នោះ។

ជា​លទ្ធផល​ពី​អង្គប្រជុំ បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើសេចក្តីព្រាងកំណត់ហេតុរួម ដែលក្នុងនោះបង្ហាញពីវិស័យអាទិភាពដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-តួកគីយ៉េឱ្យកាន់តែស៊ីជម្រៅ និងទាញអត្ថប្រយោជន៍ឱ្យបានជាអតិបរមា រួមមានជាអាទិ៍៖ ពាណិជ្ជកម្ម វិនិយោគ ធុរកិច្ច ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ ហាឡាល សហគ្រាសធុនតូចនិងមធ្យម កសិកម្ម ដឹកជញ្ជូន អាកាសចរស៊ីវិល សុខាភិបាល អប់រំ ទេសចរណ៍ និងវិស័យពាក់ព័ន្ធដទៃទៀត៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី