ទឹកមិនចេះខូច ប៉ុន្តែទឹកសុទ្ធមានដាក់កាលបរិច្ឆេទកំណត់ព្រោះតែមូលហេតុដាច់ដោយឡែកមួយផ្សេង
- 2022-09-06 02:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទឹកមិនចេះខូច ប៉ុន្តែទឹកសុទ្ធមានដាក់កាលបរិច្ឆេទកំណត់ព្រោះតែមូលហេតុដាច់ដោយឡែកមួយផ្សេង
ចន្លោះមិនឃើញ
ភាគច្រើននៃដបទឹកបរិសុទ្ធ រមែងមានការដៅកាលបរិច្ឆេទថ្ងៃផុតកំណត់។ តើអ្នកធ្លាប់ឆ្ងល់ទេថា ទឹកអាចនឹងមានថ្ងៃផុតកំណត់ប្រើប្រាស់ដែរឬ?
ជាការពិតណាស់ ទឹកមិនចេះខូចគុណភាពទេ បើយើងមិនលាយឡំវាជាមួយសារធាតុកង្វក់ផ្សេងៗនោះ។ ប៉ុន្តែបើនិយាយដល់ថ្ងៃផុតកំណត់នៅលើដបទឹកសុទ្ធគឺវាត្រូវបានកំណត់ឡើងដោយសារមូលហេតុពិសេសផ្សឹងទៅវិញ។ ហេតុផលចម្បងគឺដោយសារច្បាប់របស់រដ្ឋាភិបាល។ ព្រោះទឹកត្រូវចាត់ចូលជាប្រភេទអាហារទទួលទានផងដែរនោះទើបវាត្រូវតែមានការដាក់កាលបរិច្ឆេទថ្ងៃផុតកំណត់ដូចប្រភេទអាហារដទៃ។
មូលហេតុពិសេសមួយទៀតគឺថា ការកំណត់នេះគឺដើម្បីដឹងគុណភាពដបទឹក មិនមែនទឹកនៅក្នុងដបទេ។ ដបប្លាស្ទិក បើកាលណាដល់ពេលកំណត់ផុតកាលបរិច្ឆេទប្រើប្រាស់ វានឹងលេចធ្លាយចេញនូវសារធាតុគីមីចូលទៅក្នុងទឹក ដែលជាហេតុធ្វើឲ្យទឹកខូចគុណភាព និងរសជាតិមិនល្អ។
ដោយឡែកមូលហេតុបន្ទាប់បន្សំទៀតនៃការដាក់ថ្ងៃផុតកំណត់ដបទឹកសុទ្ធគឺព្រោះកត្តាបច្ចេកទេស។ ភាគច្រើននៃម៉ាស៊ីនផលិតដបទឹកបរិសុទ្ធមានដាក់មកស្រាប់នូវមុខងារកំណត់កាលបរិច្ឆេទ ព្រោះម៉ាស៊ីនទាំងនោះមិនមែនអាចផលិតតែដបទឹកនោះទេ គឺវាអាចផលិតផលិតផលកំប៉ុងផ្សេងៗទៀត ដែលទាមទារឲ្យមានការកំណត់កាលបរិច្ឆេទគុណភាព។ បន្ថែមពីនេះ បើមានកាលបរិច្ឆេទត្រឹមត្រូវ នោះវាងាយស្រួលសម្រាប់ខាងរោងចក្រដើម្បីស្វែងរកទំនិញមកវិញ នៅពេលរកឃើញថាមានកំហុសឆ្គងលើផ្នែកបច្ចេកទេសផលិតណាមួយ៕