ឃ្លា «ឃើញហើយស្អាតណាស់» វិលក្នុងខួរក្បាលរាល់ថ្ងៃ ចុះមានចំណងជើងដើមអ្វី ហើយប្រភពពីណាទេ?

  • 2022-09-23 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយរយៈចុងក្រោយនេះ បទចម្រៀង ដែល​ផ្ដើមឃ្លាដំបូងថា «ឃើញហើយស្អាតណាស់ ព្រះម្ចាស់ថ្លៃអើយ» ពិតជាមានការពេញនិយមខ្លាំង ដោយផ្ដើមដំបូងពី គណនី​ TikTok មានឈ្មោះថា @chandarayuth7 ជាប់ចិត្តបទនេះ​ និងជ្រើសមកធ្វើជាបទ Background ស្ទើរគ្រប់ Post។ ក្រោយមកទៀត ក៏មានអ្នកប្រើបណ្ដាញសង្គម​មួយនេះជា​ច្រើននាក់ បាន​នាំគ្នា Cover ជាបន្តបន្ទាប់ រហូត​ល្បីពេញប្រទេសកម្ពុជា។ ម្នាក់ៗនឹកឃើញតែឃ្លា «ឃើញហើយស្អាតណាស់ ព្រះ​ម្ចាស់ថ្លៃអើយ» ប៉ុន្តែតើចំណងជើងដើម ជាអ្វី?

ជាការពិតបទ​នេះ​ គឺជា​សំនៀងដើមរបស់អ្នកស្រី ហ៊ឹម ស៊ីវន និងមាន​ចំណងជើងថា «មហាសណ្ដំ» និងបទចម្រៀងសម្រាប់បញ្ចូលក្នុងវីដេអូបទចម្រៀងបែបភាពយន្តបុរាណ របស់រឿង «សុវណ្ណតែងអន» កាល​ពីជិត ២០ឆ្នាំមុន។

ឯអត្ថន័យបទវិញ គឺចង់សំដៅ ដល់យក្ខិនី ដែលចេញយាត្រា ដើររកចំណីក្នុងព្រៃព្រឹក្សា ប៉ុន្តែស្រាប់តែបានប្រទះឃើញ រាជបុត្រមួយអង្គរាងសង្ហាឥតទាស់ភ្នែក មានព្រះនាមថា ព្រះបាទជ័យសូរវង្ស ដែលទើបលាព្រះមុន្នីឥស្សី ក្រោយរៀនសិល្ប៍វិជ្ជាចប់ និងធ្វើដំណើរវិលចូលនគរវិញ។

លុះងាកទៅ យក្ខិនីវិញ កាលបានឃើញភ្លាម ស្រាប់តែកើតចិត្តស្នេហាលើរាជបបុត្រអង្គនោះ រហូតសេបមន្តសណ្ដំ ឲ្យព្រះអង្គលង់លក់ នឹងអាលខ្លួន ប្រែកាឡា មកនែបនិត្យថ្នាក់ថ្នមទៅតាមចិត្តដែលបេតី។ ពេល​ស្ដេចទ្រង់តើនពីសណ្ដំវិញ ក៏ឃើញនារីក្រមុំនៅជិតខ្លួន ហើយដោយមិនដឹងថាជាយក្សប្រែកាឡា ក៏លួងលោមស្នេហានៅគ្រានោះទៅ។

ងាកទៅតួអង្គក្នុងភាពយន្តបែបទចម្រៀងកាយវិការនេះវិញ តួធំៗរួមមាន លោក ទេព រិន្ទដារ៉ូ លោក យុត្ថរ៉ា ឆានី អ្នកនាង ចន ច័ន្ទលក្ខិណា លោក ហេង ដារី អ្នកនាង ម៉ារីយ៉ាន (តួយក្ខិនី)៕

អត្ថបទ៖ ធារី