ឡូរ៉ា ជឿលើការរស់ឡើងវិញ នៃចម្រៀងទាក់ទងវប្បធម៌ខ្មែរ ក្រោយឃើញលទ្ធផល គង់ ណៃ និងវណ្ណដា

  • 2022-10-26 03:58:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ម ឡូរ៉ាទេវរី ដែលជាតារាចម្រៀងស្រីខ្មែរ-អាមេរិកកាំង បង្ហាញជំនឿចិត្ដកាន់តែខ្លាំងលើការផលិត Original song ក្រោយឃើញការគាំទ្រដ៏មិននឹកស្មានដល់មួយ​ ចំពោះបទ "Time to rise” របស់ព្រឹទ្ធាចារ្យ គង់ ណៃ និងលោក វណ្ណដា ពីផលិតកម្មបារមី។

កញ្ញា ឡូរ៉ា បានបង្ហាញអារម្មណ៍ពិតតាមបណ្ដាញសង្គមហ្វេសប៊ុកថា កន្លងទៅមានគេប្រាប់កញ្ញាថាការធ្វើបទ Original គឺមិនអាចទៅរួចទេ។ ទន្ទឹមគ្នានោះកញ្ញាក៏នៅចាំសម្ដីលោក Arn Chorn-Pond ថាអាជីវកម្មខ្លះមិនឲ្យតម្លៃសិល្បៈប្រពៃណីរបស់យើង ហើយគិតថាសិល្បៈនេះតូចទាប គួរឲ្យខ្មាស់គេណាស់។

ប៉ុន្ដែលោកបានជំរុញឲ្យកញ្ញាធ្វើអ្វីមួយ ដើម្បីផ្លាស់ប្ដូរផ្នត់គំនិតនេះ។ ឡូរ៉ា ក៏ចាប់ផ្ដើមពិចារណា ហើយដឹងច្បាស់ថាមានមនុស្សមួយចំនួនពិតជាមានអារម្មណ៍មិនសប្បាយចិត្ដជាមួយនឹងគំនិត “ភាពអស្ចារ្យរបស់ខ្មែរ”នោះទេ ព្រោះតែពួកគេមានអារម្មណ៍ថាយើងចាញ់ ឬបរាជ័យគ្រប់គ្រាន់ហើយ។

កញ្ញា ឡូរ៉ា៖ “ចាប់ពីថ្ងៃនេះតទៅ ខ្ញុំមានជំនឿចិត្តខ្លាំងជាងពេលមុនទៅទៀត ថានេះគឺគ្រាន់តែជាការចាប់ផ្ដើមតែប៉ុណ្ណោះ។ លោកព្រឹទ្ធាចារ្យ គង់ ណៃ និង វណ្ណដា បាននិយាយថា វាដល់ពេលហើយដែលយើងក្រោកឡើង គឺដល់ពេល “Time to Rise”! ហើយប្រជាជនយើងក៏បានយល់ព្រមជាមួយពួកគាត់ដែរ គឺយល់ព្រមដល់ទៅ១០០លានដង ដូច្នេះតោះកម្ពុជា ក្រោកឡើងវិញ”។

តារាចម្រៀងខ្មែរ-អាមេរិករូបនេះ ក៏បង្ហាញពីមោទកភាពចំពោះក្រុមការងារ នៃផលិតកម្មបារមី ហើយក៏សប្បាយចិត្ដចំពោះលោកតា គង់ ណៃ និងវណ្ណដា ដែលច្រៀងរួមគ្នាទទួលបានការគាំទ្រជាង ១០០លាន views នៅលើបណ្ដាញសង្គមYoutube ដែលជាលទ្ធផលមិននឹកស្មានមិនដល់៕

ជិន សុភ័ក្ដ្រ