អ្វីទៅជា «សន្ទស្សន៍វិនិយោគនវានុវត្តន៍» ដែលត្រូវបានសម្ពោធក្នុងពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២?

  • 2022-11-13 09:49:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធ «សន្ទស្សន៍វិនិយោគនវានុវត្តន៍» ត្រូវបានធ្វើឡើងនៅក្នុងវេទិកា Main Stage នៃពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងភ្ញៀវកិត្តិយសជាច្រើនទៀត។

ដើម្បីធ្វើការវាយតម្លៃឥរិយាបទក្នុងការវិនិយោគ និងប្រៀបធៀបអាជីវកម្មក្រុមហ៊ុនមួយជាមួយក្រុមហ៊ុនដទៃទៀតនៅកម្ពុជា «សន្ទស្សន៍​វិនិយោគ​នវានុវត្តន៍» ត្រូវបានអភិវឌ្ឍដោយមូនិធិខុនរ៉ាដ​អាឌិនណៅអ៊ែរ (KAS) ដោយសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

«សន្ទស្សន៍វិនិយោគនវានុវត្តន៍» នឹងឆ្លើយតបនូវសំណួរថា តើក្រុមហ៊ុនរបស់អ្នកមានភាពនវានុវត្តន៍យ៉ាងណា? តើសហគ្រាសធុនតូច និងមធ្យម និងក្រុមហ៊ុនធំៗ វិនិយោគប៉ុន្មានលើនវានុវត្តន៍? តើវិស័យណាដែលនាំមុខគេ? តើការវិនិយោគវិនិយោគក្នុងវិស័យអ្វីដែលនាំមុខគេនាពេលបច្ចុប្បន្ន? តើកម្រិតនៃការវិនិយោគ (ផ្នែករឹង សូហ្វវែរ ចំណេះ/ជំនាញ) ជាផ្នែកៗមានទម្រង់យ៉ាងណា?

ដោយគ្រាន់តែបំពេញសំណួរចម្លើយស្ទាបស្ទង់មតិ តាមតំណភ្ជាប់គេហទំព័រ «សន្ទស្សន៍វិនិយោគនវានុវត្តន៍» https://survey.misti.gov.kh/innovation-investment-index ម្ចាស់អាជីវកម្ម ឬបុគ្គលិកក្រុមហ៊ុន អាចទទួលបានការវាយតម្លៃដោយឥតគិតថ្លៃ ដោយក្នុងនោះមានការគណនាជា ពិន្ទុរួម របាយការណ៍ពីទិដ្ឋភាពរួម ភាពជាអ្នកដឹកនាំ និងចក្ខុវិស័យ ចំណាប់អារម្មណ៍របស់ក្រុមហ៊ុនលើនវានុវត្តន៍ វិធីសាស្ត្រចម្បងបីសម្រាប់ផ្លាស់ប្តូរប្រតិបត្តិការអាជីវកម្ម ផ្នែកគោលធំបីដែលម៉ូដែលអាជីវកម្មផ្តោតលើ ការវិនិយោគលើនវានុវត្តន៍នាពេលបច្ចុប្បន្ន និងអនាគត ការវិនិយោគលើផ្នែករឹង ទន់ និងជំនាញឌីជីថល ទិដ្ឋភាពទូទៅដែលក្រុមហ៊ុនទទួលបានហិរញ្ញប្បទាន ចំណាប់អារម្មណ៍របស់ក្រុមហ៊ុនលើបច្ចេកវិទ្យាថ្មីៗ វិធីសាស្ត្រដែលក្រុមហ៊ុនប្រើប្រាស់ដើម្បីការពារនវានុវត្តន៍របស់ខ្លួន ឧបសគ្គក្នុងការវិនិយោគលើនវានុវត្តន៍ និងឧបសគ្គធំៗទាំង៥ ក្នុងការវិនិយោគលើនវានុវត្តន៍របស់ក្រុមហ៊ុនខ្លួន។

សន្ទស្សន៍វិនិយោគរបស់ព្រះរាជាណាចក្រកម្ពុជា នឹងវាស់វែងជាបន្តបន្ទាប់ ពីឥរិយាបថនៃការវិនិយោគ និន្នាការ និងឧបសគ្គរបស់ក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅព្រះរាជាណាចក្រកម្ពុជា។

ចង់ដឹងបន្ថែមពីបច្ចេកវិទ្យា នវានុវត្តន៍ និងឱកាសវិនិយោគថ្មីៗ សូមចូលរួម ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ Cambodian Tech Expo (CTX) 2022 ពីថ្ងៃទី ១១ ដល់ ១៣ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ A-F)៕

អត្ថបទពេញនិយម