ក្ដីក្ដាំរបស់ សេង សុឃីម ជាមួយ មាស នីតា នឹងចូលដល់ដៃតុលាការរាជធានីភ្នំពេញ​ នៅរសៀលនេះ

  • 2022-12-01 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតសង្សារនាយចឺម គឺអ្នកនាង សេង សុឃីម អះអាងថា ពាក្យបណ្ដឹងមួយបានរៀបចំរួចរាល់តាំងពីម្សិលមិញ ហើយនៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ នេះ អ្នកនាង និងមេធាវី នឹងដាក់ចូលទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

អ្នកនាង សេង សុឃីម បានបញ្ជាក់តាមរយៈ Sabay ថា សម្ដីជេរប្រមាថលើរូបនាង និងម្ដាយ ពីសំណាក់កញ្ញា មាស នីតា គឺជាពាក្យសម្ដីដែលធ្វើឲ្យអ្នកនាងឈឺចាប់បំផុតមិនអាចលើកលែងឲ្យបាន។ ពាក្យបណ្ដឹងដែលនឹងដាក់ដល់ដៃតំណាងអយ្យការនោះ គឺនាងសុំប្ដឹងចោទចំនួនពីរបទល្មើស គឺបទ“បរិហារកេរ្ដិ៍ជាសាធារណៈ និងបទជេរប្រមាថ”។

សេង សុឃីម៖ “និយាយទៅមេធាវីខ្ញុំរៀបចំរួចអស់ហើយ នៅចាំតែខ្ញុំផ្ដិតមេដៃដាក់ចូលហ្មង…តែខ្ញុំជាប់រវល់ថតនោះបង! រឿងហេតុដំបូងដែលឈានដល់ជេរខ្ញុំ និងម្ដាយខ្ញុំហ្នឹង​ ខ្ញុំខ្លួនឯងក៏អត់ដឹងច្បាស់ដែរ ទើបក្រោយមកបានដឹងថាទាក់ទងនឹងចឺម។ តែបង ខ្ញុំសូមបញ្ជាក់…របស់ដែលខ្ញុំចោលហើយ ខ្ញុំអត់រើសមកវិញទេ"។

Sabay នៅតែមិនទាន់អាចរកប្រភពទាក់ទងតារាចម្រៀង មាស នីតា ដើម្បីសុំការបំភ្លឺជុំវិញរឿងនេះបាននៅឡើយ។ ប៉ុន្ដែប្រភពក្រៅផ្លូវការឲ្យដឹងថា មូលហេតុដែលឈានដល់ការជេរប្រមាថនេះ គឺបន្ទាប់រូបថតនាយចឺម ថើបកញ្ញា មាស នីតា នៅក្នុងកម្មវិធីមួយ ហើយត្រូវបានអ្នកលេងបណ្ដាញសង្គមយករូបនោះទៅបង្ហោះចំអន់ថា ចឺមចោលប្រពន្ធស្អាត មកស្រវ៉ាស្រីមុខអាក្រក់។ បញ្ហានេះហើយដែលធ្វើឲ្យ មាស នីតា យល់ថា អ្វីដែលកើតឡើងចេញពីស្នាដៃរបស់អតីតសង្សារនាយចឺម គឺអ្នកនាង សេង សុឃីម៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី