កីឡាករ​ខ្មែរ​លើក​ពាន​ក្នុង​ការ​ប្រកួត​ទល់​នឹង​កីឡាករ​ថៃនៅ​សង្វៀន​ "Krud គុនខ្មែរ" របស់ទូរទស្សន៍ជាតិ

  • 2022-12-05 11:01:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ខ្មែរ ៤ រូប បាន​លើក​ពាន​មិត្តភាព នៅ​ក្នុង​ការ​ប្រកួត​ទល់​នឹង​កីឡាករ​មក​ពី​ប្រទេស​ថៃ​៤រូប​ដែរ នៅ​ថ្ងៃ​ដំណើរ​ការ​សង្វៀន​ថ្មី​ដំបូង​របស់​ស្ថានីយទូរទស្សន៍​ជាតិ​កម្ពុជា(ទទក) កាល​ពី​ចុង​សប្ដាហ៍​មុន។

កីឡាករ​កម្ពុជា​ទាំង ៤ មាន​កីឡាករ ប៊ុន សុធា ប៉ះជាមួយ​កីឡាករ ភេតថូ ឆឆាំពាន។ កីឡាករ ពេជ្រ ប៊ុនសិទ្ធ ប៉ះ​កីឡាករ យ៉មផុន គ្រូដានយីម កីឡាករ អេវិរៈ ខាំឈីត ភូថង(ម៉ឺន មេឃា) ប៉ះ​កីឡាករ ខៃវ៉ានថៃ គៀតឆ័ត្រឆៃ និង​កីឡាករ អេ អាំម៉ារិន ភូថង ប៉ះ​កីឡាករ កៅ អេ។ ជា​លទ្ធផល​ក្នុង​មាន​តែ​កីឡាករ ពេជ្រ ប៊ុនសិទ្ធ ម្នាក់​ប៉ុណ្ណោះ បាន​ភ្លាត់​ចាញ់​ពិន្ទុ​កីឡាករ​ថៃ។

ដោយ​ឡែក​កីឡាករ​កម្ពុជា ៣រូប​ទៀត គឺ​ ប៊ុន សុធា អេវិរៈ ខាំឈីត ភូថង និង​កីឡាករ អេ អាំម៉ារិន ភូថង សុទ្ធ​តែ​ធ្វើ​ឲ្យ​ដៃគូ​សន្លប់ និង​បោះបង់​ការ​ប្រកួត​មុន​ទឹក​ទី៥។ លទ្ធផល​នេះ កីឡាករ កម្ពុជា​បាន​លើក​ពាន​មិត្តភាព​របស់​សង្វៀន​ប្រដាល់​របស់ ទទក ដោយ​យោង​លើ​លក្ខខណ្ឌ​ដែល​បាន​ចែង​របស់​កម្ពុជា។

រាប់ពីឆ្វេង៖ លោក ម៉ុល នី ប្រធាន​អ្នក​ផ្គូរផ្គង​ប្រចាំ​សង្វៀន​ប្រដាល់​របស់ ទទក និង​លោក នៅ លីដា ជា​ផលិតករ​កម្មវិធី​ប្រដាល់ "Krud គុនខ្មែរ" របស់ ទទក

លោក នៅ លីដា ជា​ផលិតករ​កម្មវិធី​ប្រដាល់​ខាង​លើ​ថ្លែង​ថា "ពាន​នេះ ជា​ពាន​មិត្តភាព អត់មានប្រាក់រង្វាន់​ទេ គឺ​ជា​ពាន​សម្រាប់​បើក​កម្មវិធី តាម​លក្ខខណ្ឌ ការ​ប្រកួត ខ្មែរ​៤ ទល់ ថៃ៤នេះ បើ​តាម​លក្ខខណ្ឌ បើ​ខាង​ណា​ឈ្នះ ចាប់​ពី ៣ ទៅ នឹង​លើក​ពាន​នេះ តែ​បើ​ឈ្នះ ២ស្មើ គឺ​គិត​ទៅ​លើ​លក្ខខណ្ឌ​ផ្សេង​ៗ​ទៀត"។

នេះ​ជា​ការ​ប្រកួត​បើក​ឆាក​របស់​សង្វៀន​ប្រដាល់ "Krud គុនខ្មែរ" របស់​ស្ថានីយទូរទស្សន៍​ជាតិ​កម្ពុជា ក្រោយ​ពី​បាន​ធ្វើ​កិច្ចសហការ​ជាមួយ​ភេសជ្ជៈ Krud ថ្មីៗ។ តាម​លោក ម៉ុល នី ប្រធាន​អ្នក​ផ្គូរផ្គង​ប្រចាំ​សង្វៀន​ប្រដាល់​របស់ ទទក ប្រាប់​ឲ្យ​ដឹង​ថា ទទក និង​ភេសជ្ជៈ Krud បាន​ធ្វើកិច្ចសហការ​ជាមួយ​គ្នា​រយៈ​ពេល ១​ឆ្នាំ ២០២៣។

​ទិសដៅ​ គឺ​លើក​កម្ពស់ ក៏ដូចជា​ផ្ដល់​ឱកាស​កាន់​តែ​ច្រើន​ដល់​កីឡាករ​ក្នុង​ស្រុក​បាន​ប្រកួត​ដក​ស្រង់​សមត្ថភាព​ទាំង​លក្ខណៈជាតិ និង​អន្តរជាតិ។ ដូច្នេះ​ហើយ នៅ​ថ្ងៃ​បើក​ឆាក កម្មវិធី​បាន​អញ្ជើញ​កីឡាករ​ថៃ សុទ្ធ​ខ្លាំងៗ និង​ក្នុង​ចំណោម​នោះ ខ្លះ​មិន​សូវ​មាន​អ្នក​ស្គាល់មក​ប្រកួត ដើម្បី​ផ្ដល់​ភាព​ខុស​ប្លែក ខណៈ​កន្លង​មក ទស្សនិកជន​ខ្លះ​រអ៊ូ​ថា កីឡាករ​មក​ប្រកួត​នៅ​កម្ពុជា មុខ​ដដែលៗ។

លោក​ថា នឹង​ព្យាយាម​រក​អ្នក​ខ្លាំង ប្លែក​មុខ​បន្ត​បន្ទាប់​ទៀត។ ជាមួយ​គ្នា លោក​អះអាង​ទៀត​ថា សម្រាប់​កីឡាករ​ក្នុង​ស្រុក លោក​នឹង​បង្ក​ឱកាស​ឲ្យ​កីឡាករ​គ្រប់​រូប គ្រប់​ក្លឹប​មាន​ឱកាស​បាន​ប្រកួត​បញ្ចេញ​សមត្ថភាព​នៅ​លើ​សង្វៀន "Krud គុនខ្មែរ" របស់​ ទទក ទាំង​អស់​គ្នា នៅ​ពេល​ខាង​មុខ​ជា​បន្តបន្ទាប់៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម