FIFA បើក​ការ​ស៊ើប​អង្កេត​ករណី​ចុងភៅ​ល្បី Salt Bae ចូល​ទៅ​ឱប​ថើប​ពាន World Cup

  • 2022-12-23 10:30:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

FIFA នឹង​ធ្វើ​ការ​បើក​ការ​ស៊ើបអង្កេត​ពាក់​ព័ន្ធ​នឹង​ករណី​ចុងភៅ​សាច់​គោ​ដ៏​ល្បី ដែល​មាន​រហស្សនាម​ថា Salt Bae ក៏​ដូច​ជា​មនុស្ស​មួយ​ចំនួន​ទៀត ដែល​ចូល​ទៅ​កាន់​ទីលាន​បាល់ទាត់​ ដើម្បី​ទៅ​អបអរ​ជ័យជម្នះ​របស់​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ដោយ​មិនមាន​ការ​អនុញ្ញាត​ច្បាស់លាស់។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន BBC។

ប្រភព​ខាង​លើ​បាន​ឱ្យ​ដឹង​ថា អ្នកនាំ​ពាក្យ​ FIFA បាន​និយាយ​ថា៖ «ក្រោយ​ការ​ត្រួតពិនិត្យ FIFA បាន​រក​ឃើញ​ថា​មាន​បុគ្គល​មួយ​ចំនួន​បាន​ចូល​ទៅ​កាន់​ទីលាន​ដោយ​មិនមាន​ការ​អនុញ្ញាត នៅ​ក្រោយ​ពិធី​បិទ នៅ​កីឡដ្ឋាន​ Lusail នៅ​ថ្ងៃ​ទី១៨ ខែ​ធ្នូ»។

«វិធានការ​ផ្ទៃក្នុង​សមស្រប​ណា​មួយ​នឹង​ត្រូវ​អនុវត្ត»។ នេះ​បើ​តាម​ការ​បន្ថែម​របស់ FIFA។

សូមជម្រាបថា បើ​តាម​បទបញ្ជា​របស់ FIFA ពាន World Cup នឹង​ត្រូវ​បាន​កាន់​ដោយ​មនុស្ស​មួយ​ក្រុម​តូច​តែ​ប៉ុណ្ណោះ​ ដែល​រាប់​បញ្ចូល​ទាំង​កីឡាករ​ជើងឯក​ពាន​នេះ មន្ត្រី​របស់ FIFA និង​ប្រមុខ​រដ្ឋ​។

លោក Salt Bae ដែល​មាន​ឈ្មោះ​ពិត​ថា Nusret Gökçe ជា​ចុងភៅ​ និង​ម្ចាស់​ហាង​សាច់គោ​ទួរគី​ ដែល​ចាប់​ផ្ដើម​ល្បី​ឈ្មោះ​នៅ​ឆ្នាំ២០១៧។ តារា​ និង​កីឡាករ​ល្បីៗ​សុទ្ធ​តែ​ធ្លាប់​ជា​ភ្ញៀវ​របស់​លោក​នា​ពេល​កន្លង​មក៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី