រីករាយណាស់!​ ចេតិយអាយុ១២៣ឆ្នាំនៅវត្តបទុមវតីដែលវាយកម្ទេចម្សិលមិញត្រូវអាជ្ញាធរបញ្ឈប់ និងជួសជុលឡើងវិញ

  • 2023-01-02 05:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំណង់ចេតិយបុរាណអាយុ ១២៣ឆ្នាំនៅក្នុងវត្តបទុមវតីដែលបានវាយកម្ទេចម្សិលមិញត្រូវបានអាជ្ញាធរចុះឲ្យបញ្ឈប់ និងរៀបជួសជុលឡើងវិញ។

នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះ តំណាងខាងមន្ទីរ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងអ្នកជំនាញបានចុះមកពិនិត្យ និងជួបព្រះចៅអធិការវត្តបទុមវតី ដើម្បីសាកសួរ និងបញ្ឈប់ការវាយបន្តសំណង់ចេតិយបុរាណដែលមានទីតាំងនៅទិសខាងត្បូងជាប់នឹងព្រះវិហារវត្ត។ ក្នុងពេលចុះពិនិត្យនៃការវាយកម្ទេចសំណង់ចេតិយខាងលើ លោក អ៊ុក សុខា អគ្គនាយកបេតិកភណ្ឌនៃក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈ បានបញ្ជាក់ថាប្រាប់អ្នកសារព័ត៌មានថា «យើងបានឯកភាពហើយ ទាំងសម្តេច និងក្រសួងមន្ទីរ កិច្ចការនេះគឺយើងត្រូវជួលជុលឡើងវិញ»

«មូលហេតុរហូតដល់ការវាយកម្ទេចសំណង់ចេតិយនេះលោក អ៊ុក សុខា បញ្ជាក់ថា នៅក្នុងបរិវេណជុំវិញព្រះវិហារនេះសម្តេចព្រះចៅអធិការមានបំណងចង់រៀបចំចាក់រៀបឥដ្ឋការ៉ូឡា តែព្រះសង្ឃ និងគណៈកម្មការដែលទទួលការងារនេះ ក្តាប់ព័ត៌មានមិនច្បាស់ពីបំណងនៃការរៀបចំទើបមានការវាយប៉ះចំចេតិយបុរាណនេះ ឥឡូវក្រសួងបានចាត់ឲ្យអ្នកជំនាញពិនិត្យ និងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំហើយ»។

ទាក់ទងនឹងបញ្ហាការអនុវត្តច្បាប់ក្នុងករណីវាយកម្ទេចសំណង់បេតិកភណ្ឌដែលបានចុះក្នុងបញ្ជីរួចហើយ លោកអ៊ុក សុខា បញ្ជាក់ថា «កិច្ចការនេះគឺក្រសួងមាននិតិវិធីច្បាប់ ហើយខ្ញុំមិនអាចបញ្ជាក់នៅទីនេះបានទេ ដោយសារបញ្ហាច្បាប់គឺជាបញ្ហាមួយដែលយើងត្រូវតែដោះស្រាយ រាល់ការងារអ្វីក៏ដោយក្រសួងធ្វើតាមតែច្បាប់ មិនមែនជាការនឹកឃើញធ្វើនោះទេ យើងត្រូវគិតគូរពីបញ្ហាច្បាប់ កាលណាយើងវិនិឆ្ឆ័យអ្វីមួយដោយសើៗវាខុសនឹងច្បាប់គឺជាកំហុសមួយដែលប៉ះពាល់មនុស្សម្នាក់ទៅទីសាធារណៈទូទៅ ដូចនេះហើយធ្វើអ្វីមួយគឺពិនិត្យលើច្បាប់ ដូចករណីនេះយើងមិនទាន់អាចឆ្លើយឲ្យបានគ្រប់គ្រាន់ យើងនឹងធ្វើរបាយការណ៍មួយជូនទៅថ្នាក់ដឹកនាំ និងរកវិធីយ៉ាងម៉េចដើម្បីដោះស្រាយបញ្ហានេះ»

សកម្មភាពរបស់មន្ត្រីជំនាញចុះមកពិនិត្យសំណង់ចេតិយបុរាណអាយុ១២៣ឆ្នាំក្នុងវត្តបទុមវតីនៅព្រឹកថ្ងៃ២ ខែមករា ឆ្នាំ២០២៣

ទាក់ទងនឹងការគ្រប់គ្រង ថែរក្សា អភិរក្សសំណង់បេតិកភណ្ឌបុរាណពុទ្ធសាសនាក្នុងវត្តអារាម សំណង់សាធារណៈ សំណង់ឯកជន ភូមិដ្ឋាន និងផ្ទះបុរាណ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាក៏បានចេញសារាចរ និងសង្ឃប្រកាសឲ្យថែរក្សា អភិរក្សសំណង់បេតិកភណ្ឌទាំងនេះរួចហើយផងដែរ។

បើយោងតាមសំណេររបស់សាស្ត្រាចារ្យ ព្រាប ចាន់ម៉ារ៉ា ព្រឹទ្ធបុរសរងមហាវិទ្យាល័យបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដែលសរសេរក្នុងហ្វេសបុកកាលពីថ្ងៃទី១ មករា ឆ្នាំ២០២៣ បានបញ្ជាក់ថា «ចេតិយរចនាតុបតែងវិចិត្របិទក្បាច់ «ផ្កាចាន» (កុលាលភាជន៍ = Ceramic) សាងដោយក្រុមអ្នកឧកញ៉ាអនុរក្ខធានិន្ទ បែន និងអ្នកឧកញ៉ារាជានុភាព ឌុច… នៅថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំជូត ឯកស័ក ព.ស.២៤៤៣, ម.ស.១៨២២, ច.ស.១២៦២ (គ.ស.១៩០០)។ អាយុកាល១២៣ឆ្នាំ នៅរឹងមាំខ្លាំង ស្រស់សង្ហា ឆ្លងកាត់សម័យសង្គ្រាមគេទម្លាក់គ្រាប់បែក គ្រាប់ផ្លោង តមកដល់សម័យវិនាសកម្ម ៣ឆ្នាំ ៨ខែ ២០ថ្ងៃ និងព្យុះ ភ្លៀង ខ្យល់ ថ្ងៃក្តៅហួតហែងរាល់ថ្ងៃ រាល់ខែ រាល់ឆ្នាំ មិនអី មកអី ក្នុងសម័យសម្បូណសប្បាយឯណេះទៅវិញ គួរណាស់ទុកគ្រាន់ឲ្យសិស្ស និស្សិត និងអ្នកផងទូទៅបានមើល បានសិក្សារៀនសូត្រខ្លះពីរចនាបថសំណង់កម្រៗ ដែលជាមរតកដូនតាផង និងគោរពបុណ្យកុសលចាស់ជាន់មុនផង ហើយជាស្នាដៃកសាងដោយអ្នកមានបណ្តាស័ក្តិខ្ពង់ខ្ពស់របស់ព្រះនគរយើងផង សូមព្រះមេត្តា និងមេត្តាឲ្យតម្លៃ គោរពបុណ្យកុសលដូនតា និងរក្សាភស្តុតាងសិល្បៈប្រវត្តិសាស្ត្រខ្លះនៅតាមទីស្ថាននានាផងចុះ»!

នៅក្នុងថ្ងៃដដែលលោកសាស្ត្រាចារ្យ ព្រាប ចាន់ម៉ារ៉ា ក៏បានសរសេរសារក្នុងហ្វេសបុករបស់ខ្លួនថា «ហេប ភី ញូ យារ ០១.០១.២០២៣ អាទិត្យមុន ខំប្រាប់និស្សិតជិត៤០០នាក់ និងនិស្សិតថ្នាក់ផ្សេងៗទៀតជាច្រើនរៀងរាល់ឆ្នាំ ដែលរៀនមុខវិជ្ជាស្ថាបត្យកម្មប្រពៃណីនិងសំណង់នៅតាមវត្តអារាម ឲ្យទៅមើលការតុបតែងរចនាវិចិត្រចេតិយមានបិទក្បាច់ «ផ្កាចាន» (កុលាលភាជន៍ = Ceramic) នៅសល់ក្នុងរវាងស.វ.ទី១៩និងដើមស.វ.ទី២០ (នៅមានតិចតួចណាស់)។ កន្លែងដែលនៅជិតជាងគេគឺ ចេតិយក្នុងវត្តបទុមវតី សាងដោយក្រុមអ្នកឧកញ៉ាអនុរក្ខធានិន្ទ បែន និងអ្នកឧកញ៉ារាជានុភាព ឌុច… នៅថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំជូត ឯកស័ក ព.ស.២៤៤៣, ម.ស.១៨២២, ច.ស.១២៦២ (គ.ស.១៩០០) ឥឡូវនិស្សិតមិនទាន់បានមើលផង វិនាសអន្តធានទៅហើយ ប្អូនៗអ្ហើយ! អនិច្ចា វដ្តសង្ខារា... (និស្សិតដែលសរសេរនិក្ខេបបទថ្នាក់អនុបណ្ឌិតជាមួយសាលានៅប្រទេសបារាំង អំពីចេតិយបិទផ្កាចាននៅស្រុកខ្មែរ មិនទាន់បានចប់សព្វគ្រប់ ដើម្បីតម្កល់ទុកជាឯកសារផង ក៏ទទួលអនិច្ចកម្មទៅហើយដែរ»



អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី