ដើមឆ្នាំ២០២៣ អ៊ិន សុភិន សម្រេចបញ្ចេញរឿងទី១ តាមរោងកុនជាថ្មី ហើយថានៅសល់រឿង ៤ទៀត

  • 2023-01-03 03:18:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្មមហាហង្ស សម្រេចបញ្ចេញខ្សែភាពយន្ដលើកដំបូងរបស់ខ្លួននៅដើមឆ្នាំ២០២៣ ក្រោយវិបត្ដិជំងឺកូវីដ-១៩ អូសបន្លាយជាង ២ឆ្នាំ។ រឿង“កៅអីចុងក្រោយ” ក្នុងចំណោមរឿង៥ ផ្សេងទៀតដែលផលិតកម្មថតចប់តាំងពីឆ្នាំ២០១៩ នឹងមានវត្ដមាននៅតាមរោងភាពយន្ដល្បីៗជាបន្ដបន្ទាប់គ្នា។

ចាងហ្វាងផលិតកម្មមហាហង្សលោក អ៊ិន សុភិន បានផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្នុងឱកាសម្ពោធខ្សែភាពយន្ដរឿង “កៅអីចុងក្រោយ” កាលពីល្ងាចថ្ងៃទី២ ខែមករា ថា គ្រប់រឿងដែលផលិតកម្មធ្វើឡើង គឺតម្រូវទាំងទីផ្សារនៅក្នុងស្រុក និងក្រៅស្រុក។ ដោយឡែករឿង "កៅអីចុងក្រោ" ដែលមានឈុតឆាកភ័យរន្ធត់ កង្កប់ដោយភាពកំប្លុកកំប្លែងគឺលោកមើលឃើញថាត្រូវនឹងទីផ្សារក្នុងស្រុកច្រើនជាង។

លោក អ៊ិន សុភិន៖ “ចាប់ពីខែពីរទៅ យើងចាប់ផ្ដើមផលិតរឿងថ្មីទៀតហើយ អីចឹងដល់ពេលយើងចាប់រឿងទាំងនេះអស់ យើងមានរឿងថ្មីៗជាបន្ដបន្ទាប់។ សម្រាប់រឿងក្រោយៗ ធានាកាន់តែល្អមើលជាងនេះទៀត ព្រោះយើងដាក់ទុនច្រើន ហើយតួសុទ្ធតែល្បីៗទៀត”។

ខ្សែភាពយន្ដរឿង“កៅអីចុងក្រោយ” នឹងចាប់ផ្ដើមចាក់បញ្ចាំងជាផ្លូវការនៅគ្រប់រោងភាពយន្ដពីថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៣ តទៅ។ ក្នុងឱកាសសម្ពោធរឿងនេះកាលពីយប់មិញ នៅផ្សារទំនើបTK គេក៏ឃើញវត្ដមានតារាសម្ដែងល្បីៗដូចជា៖ កញ្ញា សីសី អ្នកនាង ឈឹម អារីយ៉ា កញ្ញា ភិន សុដាលីស ព្រមទាំងអតីតបវរកញ្ញា ក្នុងកម្មវិធី Miss Grand Cambodia ជាច្រើនរូបទៀតផង៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី