សាកទាយទាំងអស់គ្នា! អង្គរសង្ក្រាន្តឆ្នាំនេះ គ្រោងបំបែកឯកត្តទកម្មពិភពលោក ២ទៀត បន្ទាប់ពីអន្សមយក្ស និង​រាំម៉ាឌីហ្សុន

  • 2023-02-07 07:55:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា គ្រោង​នឹង​បំបែក​ឯកត្តទកម្មពិភពលោក​ចំ​នួន ២ទៀត​ក្នុងព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត​ឆ្នាំ​២០២៣នេះ បន្ទាប់ពីធ្វើបានជោគជ័យរួចមកហើយ​នូវអន្សមយក្ស និង​ការរាំចង្វាក់ម៉ាឌីហ្សុន។ នេះបើតាមការចុះផ្សាយរបស់​ផេក «ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត​» នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ប៉ុន្តែយ៉ាងណាមិញ​ ទំព័រហ្វេសប៊ុកនេះ មិនបានបញ្ជាក់ថា វាជាអ្វីខ្លះនោះទេ។

យោងតាម​ប្រភពផ្លូវការ​នេះ បាន​សរសេរ​យ៉ាងដូច្នេះថា៖ «ក្នុង​ឆ្នាំ២០២៣នេះ អង្គរសង្ក្រាន្តគ្រោងនឹងបំបែកឯកគ្គទកម្មថ្មីចំនួន២​បន្ថែមទៀត សម្រាប់​ជាមោទកភាព​នៃប្រជាជាតិ​កម្ពុជា ក្រោមស្មារតីខួប១០ឆ្នាំ នៃមហាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ សូមរង់ចាំមើលទាំងអស់គ្នា ថាតើអ្វីនឹងក្លាយជាសមិទ្ធផលថ្មីសម្រាប់អង្គរសង្ក្រាន្តឆ្នាំ២០២៣នេះ?»។

សូមរំលឹក​ថា ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៥ កម្ពុជា​បានបំបែកឯកគ្គទកម្មដោយអន្សមយក្ស ដែលមានទម្ងន់ជាង៤តោន។ នៅ​ឆ្នាំ ២០១៥ ដដែល កម្ពុជា​ក៏​មានការរាំចង្វាក់ម៉ាឌីហ្សុនដែលមានអ្នកចូលរួមចំនួន២០១៥នាក់ ដែលជាការបំបែកកំណត់ត្រាពិភពលោក វាយតម្លៃដោយស្ថាប័ន Guinness ផងដែរ។

ជាមួយគ្នានេះ កម្ពុជា​ក៏បានបំបែកឯកគ្គទកម្មថ្នាក់ជាតិតាមរយៈសមិទ្ធផលជាច្រើនដូចជា អុកយក្ស បំពង់ទឹកត្នោតយក្ស មួកស្លឹកត្នោតយក្ស ទាញព្រ័ត្រយក្ស សំបុកមាន់យក្ស កន្ត្រងប្រហុកយក្ស និងចាប៉ីដងវែងយក្សជាដើម។

ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត​ដែលធ្វើឡើង​ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ ធ្វើឡើងក្រោម​ប្រធានបទ «ក្ដីស្រមៃ និងក្ដីសង្ឃឹម» ដេីម្បីជាការលើកយកនូវកេរ្តិ៍តំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមកធ្វើការរំលេចឡើងជាផ្ទាំង នៃទស្សនីយភាពវប្បធម៌ជាច្រើនដូចជា ល្បែងប្រជាប្រិយ របាំបុរាណ របាំប្រពៃណី និងរបាំប្រជាប្រិយ ការបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតាមតំបន់ និង សិល្បៈទស្សនីយភាពជាច្រើនទៀត។

អង្គរសង្ក្រាន្តនៅក្នុងឆ្នាំនេះនឹងមានលក្ខណៈកាន់តែលេចធ្លោ​ធំជាងបណ្ដា​ឆ្នាំមុនៗ ដោយមានការប្រមូលផ្ដុំនូវកម្មវិធី ព្រឹត្តិការណ៍ និងតួអង្គនិមិត្តរូបសំខាន់ៗ (តាមឆ្នាំនីមួយៗនៃអង្គរសង្រ្កាន្ត) ក៏ដូចជាវត្ថុពិសេសៗ (វត្ថុយក្ស) មកជួបជុំគ្នា ដែលឆ្លុះបញ្ចាំងតាមរយៈកម្មវិធីចំនួន៤៤កម្មវិធី (កើនចំនួន៣៣ កម្មវិធីប្រៀបធៀបក្នុងឆ្នាំ២០១៣) នៅតាមទីតាំង ឬតំបន់ចំនួន ៦ ផ្សេងគ្នា (កើនចំនួន៤ទីតាំង ប្រៀបធៀបក្នុងឆ្នាំ២០១៣) និងមានកំណើនយុវជនស្ម័គ្រចិត្តជាច្រើនចូលរួម (២៣២៤នាក់ នៅឆ្នាំ២០១៣ និង៤២៤៩នាក់ នៅឆ្នាំ២០១៨។ នេះបើតាម​ការបង្ហោះ​របស់​ផេកហ្វេសប៊ុក «ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត»៕

ប្រភពរូបភាព៖ ផេកហ្វេសប៊ុក «ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត»

អត្ថបទ៖ សំភី

អត្ថបទថ្មី