ឆ្នាំងចាស់បាយឆ្ងាញ់! ណូយ វណ្ណេត ប្រកាសចូលច្រៀងក្នុងផលិតកម្មថ្មី ធ្លាប់ល្បីតាំងពីទសវត្ស៨០
- 2023-02-15 07:30:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្នាំងចាស់បាយឆ្ងាញ់! ណូយ វណ្ណេត ប្រកាសចូលច្រៀងក្នុងផលិតកម្មថ្មី ធ្លាប់ល្បីតាំងពីទសវត្ស៨០
ចន្លោះមិនឃើញ
តារាចម្រៀងជើងចាស់លោក ណូយ វណ្ណេត ប្រកាសថាខ្លួននឹងចូលច្រៀងឲ្យផលិតកម្មថ្មីមួយរបស់កូនប្រុសបង្កើតអតីតចាងហ្វាងផលិតកម្មឆ្លងដែនដែលល្បីខ្លាំងនៅចន្លោះឆ្នាំ១៩៨០ ដល់ឆ្នាំ២០០០។
ការដឹកនាំថ្មី ប៉ុន្ដែឈ្មោះផលិតកម្មចាស់ គឺផលិតកម្មឆ្លងដែន ត្រូវបានគេឃើញលេចមុខជាសាធារណៈ អមដោយតារាចម្រៀងចាស់ៗប៉ុន្មានដួងក្នុងនោះក៏មានលោក ណូយ វណ្ណេត ដែរ។ លោកបញ្ជាក់ថា រូបលោក និងលោក ធឹង សុន ម្ចាស់ផលិតកម្មចាស់ ធ្លាប់មានអនុស្សាវរីយ៍ថតបទចម្រៀងជាច្រើនជាមួយលោក។
ណូយ វណ្ណេត៖ "នៅថ្ងៃនេះ...ខ្ញុំណូយ វណ្ណេត ដែលជាតារាចម្រៀងឆ្លងដែនជាមួយគាត់(ធឹង សុន)ជាយូរយាណាស់មកហើយ! ខ្ញុំចង់ឲ្យបងប្អូនគាំទ្រផលិតកម្មនេះបន្ដ ព្រោះនេះជាការបង្កើតថ្មីដោយក្មួយប្រុសត្រូវជាកូនគាត់ផ្ទាល់ ហើយឥឡូវនេះខ្ញុំបានមកដល់ស្ទូឌីយោរបស់គាត់ ហើយបន្ដិចទៀតខ្ញុំក៏មានបទចម្រៀងជាបន្ដបន្ទាប់សម្រាប់បងប្អូន"។
ផលិតកម្មឆ្លងដែន ដឹកនាំដោយលោក ធឹង សុន ធ្លាប់ផ្ដល់បទចម្រៀងពីរោះៗរាប់ពាន់បទកាលពីអតីតនោះ ចាប់ផ្ដើមឃ្លាតឆ្ងាយពីត្រចៀកមហាជន ក្រោយផលិតកម្មថ្មីបង្កើតជាច្រើន ហើយបច្ចេកវិទ្យាកាន់តែទំនើប។ ប្រិយមិត្ដខ្លះ កាន់តែលែងឮ ឬបានស្គាល់ឈ្មោះផលិតកម្មឆ្លងដែន ក្រោយពីលោក ធឹង សុន ទទួលមរណៈភាពកាលពីឆ្នាំ២០១៧។
គិតត្រឹមរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ Sabay មិនទាន់ទាចទាក់ទងកូនប្រុសបង្កើតលោក ធឹង សុន ដែលជាម្ចាស់ផលិតកម្មថ្មីនេះ ដើម្បីសុំការអត្ថាធិប្បាយបន្ថែមជុំវិញការបង្កើតផលិតកម្មថ្មីនេះនៅឡើយទេ។
ប៉ុន្ដែបើយោងតាមប្រសាសន៍លោក ណូយ វណ្ណេត ផលិតកម្មនេះទើបបើកថ្មី កំពុងរៀបចំច្បាប់ទម្លាប់អីឲ្យបានត្រឹមត្រូវ ខណៈដែលគេឃើញតារាចម្រៀងលោក ឌី សារ៉ែន កញ្ញា កែវ រមន្នី និងតារចម្រៀងប្រុសពីរនាក់ផ្សេងទៀត បានបង្ហើរសំនៀងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ផលិតកម្មឆ្លងដែនថ្មីនេះហើយ៕