បង្ហាញ​ក្ដីស្រឡាញ់​ក្នុងថ្ងៃ ១៤ កុម្ភៈ ធ្លាយ​រឿង ទឹម រដ្ឋា ទើបចុះ​អេតាស៊ីវិល

  • 2023-02-15 08:35:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ហើយ​ដែល​តារាសម្ដែង និង​ម៉ូដែលវ័យជ្រេ ទឹម រដ្ឋា និង​ស្វាមី បាន​បង្កើត​ទំនាក់ទំនង​ស្នេហា​មុន​ចូល​រោងការ។ ទើប​កាល​ពី​ថ្ងៃ​ទី២៦ ខែ​មីនា ឆ្នាំ​២០២២ ពួកគេ​បាន​ចូល​រៀបការ​តាម​ប្រពៃណី ប៉ុន្ដែ​មិត្ដ​សិល្បៈ និង​អ្នក​គាំទ្រ​មួយ​ចំនួន​មិន​បាន​ដឹង​ទេ​ថា​អ្នក​ទាំង​ពី​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ពី​ពេល​ណា។

ចំពោះ​រឿង​នេះ ត្រូវ​បាន​លាតត្រដាង​ដោយ​សាមី​ខ្លួន​ក្នុង​ឱកាស​បង្ហាញ​ក្ដី​ស្រឡាញ់​ចំពោះ​ស្វាមី​ក្នុង​ថ្ងៃ ទិវា នៃ​ក្ដីស្រឡាញ់ ១៤ កុម្ភៈ ម្សិលមិញ។ ទឹម រដ្ឋា និយាយ​ថា ថ្ងៃ នៃ​ក្ដីស្រឡាញ់​ឆ្នាំ​នេះ ពិត​ជា​ពិសេស​ជាង​ឆ្នាំមុនៗ​ខ្លាំង​ណាស់ ព្រោះ​វា​ជា​ឆ្នាំ​ដំបូង​ដែល​ពួកយើង​ទាំង​ពីរ​បាន​ក្លាយ​ជា​ប្ដី-ប្រពន្ធ​ស្របច្បាប់។

ទឹម រដ្ឋា៖ "អគុណ​បុរស​សង្ហារ​ដ៏​ក្លាហាន និង​ស្មោះ​ម្នាក់​នេះ ដែល​បាន​តស៊ូ​រហូត​ដល់​មាន​ថ្ងៃ​នេះ​ជាមួយ​ខ្ញុំ មិន​ថា​ជួប​ឧបសគ្គ​ពិបាក​យ៉ាង​ណា​ក៏​ដោយ​ស្រឡាញ់​គ្នា​រហូត"។

តារា​សម្ដែង​កម្ពស់​បាន ទឹម រដ្ឋា បាន​រៀបការ​ជាមួយ​អ្នក​ជំនួញ​ម្នាក់ គឺ​លោក Jovany Antonio។ ទាំង​មុន និង​ក្រោយ​រៀបការ ពួកគេ​នៅ​តែ​រក្សា​បាន​នូវ​ចំណង​ស្នេហ៍​យ៉ាង​ស្អិតរមួត រហូត​ដល់​មិត្ដ​សិល្បៈ និង​អ្នក​គាំទ្រ លួច​សរសើរ​នូវ​ទំនាក់ទំនង​ដ៏​យូរ​នេះ ថា​មាន​ភាព​ស្មោះត្រង់​នឹង​គ្នា ហើយ​មាន​សុភមង្គល​ទៀត៕

ជិន សុភ័ក្ដ្រ