ចេះទាញ​យក​ប្រយោជន៍ពី​បច្ចេកវិទ្យាឌីជីថល​ក្នុងខ្សែ​ច្រវាក់ផ្គត់ផ្គង់ គឺអាច​រក្សាភាពខ្លាំង​ក្នុង​ទីផ្សារ

  • 2023-02-21 03:32:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចេកវិទ្យា​ឌីជីថលមាន​ការវិវត្ត​ឥតឈប់ឈរ​ដែលទាមទារ​ឱ្យសហគ្រិន​ និងម្ចាស់អាជីវកម្ម ត្រូវចេះ​ប្រើប្រាស់ និងទាញយក​ផលប្រយោជន៍​ជាវិជ្ជមាន​ពីបច្ចេកវិទ្យា​ឌីជីថលទាំងនោះ ដើម្បី​អាចសម្រប​ខ្លួន​ទៅនឹង​បរិបទ​ដែលមានការប្រែប្រួល និង​អាចរក្សាភាព​ប្រកួត​ប្រជែង​របស់ខ្លួននៅក្នុងទីផ្សារ។

ការប្រើប្រាស់​បច្ចេកវិទ្យា​​នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់​នៃវិស័យ​ជាច្រើន រួមមាន៖

អ៊ីនធើណែត​នៃវត្ថុ (Internet of Things): សំដៅ​ដល់​បណ្តា​នៃឧបករណ៍​រូបវន្ត​ដែល​បង្កប់​ដោយ​ឧបករណ៍​ចាប់​សញ្ញា (Sensor) ដែលតភ្ជាប់​ឧបករណ៍​ទាំងនោះ ឱ្យមានទំនាក់ទំនង​គ្នា។ វាតាមដាន​សកម្មភាពសំខាន់ៗមួយចំនួន​ដូចជា ការចេញចូល​នៃទំនិញ, ប្រមូលព័ត៌មានអំពីសីតុណ្ហភាព សម្ពាធ សំណើម​នៅក្នុងកន្លែងផ្ទុក និង​ដំណើរការដឹកជញ្ជូន។

ប្រព័ន្ធ​កុំព្យូទ័រក្លោដ (Cloud Computing): វាផ្ទុក​ទិន្នន័យ​នៅលើអ៊ីនធើណែត ជាជាង​ផ្ទុក​ក្នុងកុំព្យូទ័រ ដែល​ធានាបានថា​ទិន្នន័យ​ទាំងអស់​ទាក់ទង​នឹង​ខ្សែច្រវាក់​ផ្គត់ផ្គង់​នៅគ្រប់វិស័យ ត្រូវ​បាន​រក្សាទុកនៅកន្លែង​មានសុវត្ថិភាព និង​អាចចូលប្រើប្រាស់​ទិន្នន័យ​បាន​គ្រប់ពេលវេលា និងគ្រប់​ទីកន្លែងដែលមានអ៊ីនធើណែត។

បញ្ញាសិប្បនិម្មិត និង​ម៉ាស៊ីន​សិក្សា (Artificial Intelligence and Machine Learing): អ្នកផលិត​អាច​ប្រមូលទិន្នន័យពីតំបន់ផ្សេងៗគ្នា និង​ធ្វើការ​វិភាគ​កែលម្អ​ភាព​មិន​ប្រក្រតី​នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ ដោយ​ផ្អែកលើ​ទិន្នន័យ​ទាំងនោះ បើទោះបីមាន​លក្ខណៈ​ស្មុគស្មាញ​ក៏ដោយ។ វា​ត្រូវបាន​ប្រើប្រាស់​ដើម្បីបំពេញ​មុខងារ​សំខាន់ៗដូចជា ការព្យាករពីហានិភ័យដែលអាចកើតឡើង ការកំណត់​អត្តសញ្ញាណ ផ្តល់ដំណឹង និង​កែលម្អភាព​មិនប្រក្រតី​ពាក់ព័ន្ធ​ដំណើរការផលិត ឬភាព​មិនប្រក្រតីនៃទិន្នន័យ និង​ការកំណត់​កាលវិភាគបញ្ជាទិញជាដើម។

ដំណើរការ​ស្វ័យ​ប្រវត្តិកម្ម (Robotic Process Automation): វា​សម្រួល​ដល់​ដំណើរការ​ខ្សែច្រវាក់ផ្គត់ផ្គង់​ ដូចជា ការ​ទទួល​ការបញ្ជាទិញ ការតាមដាន​ការដឹកជញ្ជូន ការប្រមូលផលដោយស្វ័យប្រវត្តិ​ដែល​ប្រើប្រាស់​ក្នុងវិស័យ​កសិកម្ម ការវិភាគ​ទិន្នន័យ​ដែល​មិនសូវស្មុគស្មាញ និង​ការបញ្ចូល​ទិន្នន័យដោយស្វ័យប្រវត្តិ។ ជារួម វាជួយបង្កើន​ប្រសិទ្ធភាព​ខ្សែច្រវាក់ផ្គត់ផ្គង់​ ចំណេញពេលវេលា និងជាជំនួយដល់​កម្លាំងពលកម្មផងដែរ។

ទិន្នន័យធំ និងការវិភាគ (Big Data and Analytics): ជួយដល់ការប្រមូលទិន្នន័យទាក់ទង​នឹងខ្សែ​ច្រវាក់ផ្គត់ផ្គង់​ពីឧបករណ៍​ចាប់សញ្ញា​ដូចជា ចំនួនផលិត ដំណើរការម៉ាស៊ីន គ្រប់គ្រងទិន្នន័យសន្និធិ ទិន្នន័យ​ដឹកជញ្ជូន នៅក្នុងឧស្សាហកម្ម។ សហគ្រិន និងម្ចាស់អាជីវកម្ម​អាច​ស្វែងរកឬសគល់​នៃបញ្ហា​ដែល​អាចកាត់បន្ថយ​ហានិភ័យ ​រៀបចំយុទ្ធសាស្រ្ត​ឱ្យកាន់​តែមានប្រសិទ្ធភាព ប្រើធនធានឱ្យអស់លទ្ធភាព និងកាត់​បន្ថយការចំណាយ៕

ប្រភព៖ ផេក កម្ពុជា ៤.០-Cambodia 4-0

អត្ថបទថ្មី