ផ្លូវថ្មី​បាត់ដំបង-កោះកុង៖ សុខចិត្តបង្វែរទិសផ្លូវ អស់លុយ ៥៧លានដុល្លារ ក៏មិនចង់​ធ្វើ​ត្រង់​ប៉ះពាល់​ជម្រក​សត្វព្រៃដែរ

  • 2023-02-23 02:02:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោង​សាងសង់​ផ្លូវជាតិលេខ១០​ ដែល​មានប្រវែង ១៩៨គីឡូម៉ែត្រ លាតសន្ធឹងពីស្រុកសំឡូត នៃខេត្តបាត់ដំបង ឆ្លងកាត់ស្រុកវាលវែង នៃខេត្តពោធិ៍សាត់ បន្តរហូតដល់ខេត្តកោះកុង គឺ​គិតមកទល់​បច្ចុប្បន្ន ការសាងសង់សម្រេចបាន ៥៦%ហើយ។ នេះបើតាមការថ្លែងបញ្ជាក់​របស់​ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និងដឹកជញ្ជូន ក្នុងពេល​ចុះត្រួតពិនិត្យ​ការសាងសង់​ផ្លូវនេះ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។

ឯកឧត្តមបានឱ្យដឹងថា កាលដើមឡើយគម្រោងសាងសង់​ផ្លូវជាតិលេខ១០នេះ មានប្រវែងតែ ១៨៨គីឡូម៉ែត្រប៉ុណ្ណោះ។ ប៉ុន្តែ​ដោយសារតែ​ទិសផ្លូវត្រូវប៉ះចំ​ជម្រកសត្វព្រៃ​រស់នៅ ទើប​ក្រសួងបរិស្ថាន​ស្នើសុំឱ្យបង្វែរទិស​ផ្លូវចេញឱ្យផុតពីតំបន់សត្វព្រៃ ហេតុនេះ​រាជរដ្ឋាភិបាល​ក៏បានសម្រេចប្តូរ​មុខផ្លូវនេះ​ដោយចំណាយ​ថវិកាបន្ថែម ៥៧លានដុល្លារ។

ក្នុងដំណើរបំពេញបេសកកម្មនាឱកាសនេះ ក្រសួងក៏បានធ្វើតេស្តគុណភាពកម្រាសស្រទាប់គ្រឹះផ្លូវ នៅតាមកន្លែងមួយចំនួនហើយឃើញថាក្រុមហ៊ុនធ្វើបានត្រឹមត្រូវតាមស្ទង់ដារបច្ចេកទេស តែទោះជាយ៉ាងណាក្រសួងក៏នឹងនៅតែបន្តតាមដានជាប់ជានិច្ច ដើម្បីធានាបានថាមិនមានភាពចន្លោះប្រហោង និងមានគុណភាពអាចប្រើប្រាស់បានយូរអង្វែង។

គួររម្លឹកដែរថា គម្រោងសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់កោះកុង សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣ របស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុបចំនួន៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់ (DBST) សាងសង់ស្ពានចំនួន២៨កន្លែងប្រវែង​ ១.៧២១,៤៦ម៉ែត្រ ដែលក្នុងនោះមានស្ពានខ្ពស់ជាងគេមួយដែលមានកម្ពស់៧៥ម៉ែត្រ បណ្តោយ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ ព្រមទាំងមានបំពាក់ ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព។  ផ្លូវនេះគ្រោងចំណាយប្រមាណ​ជាង ១៨៨លានដុល្លារ ជាហិរញ្ញប្បទានរបស់ប្រទេសចិន និងថវិកាបដិភាគរបស់​រាជរដ្ឋាភិបាលកម្ពុជា។

ផ្លូវនេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ក្នុងការធ្វើដំណើរឆ្លងកាត់ប៉ុណ្ណោះទេ ប៉ុន្តែវាអាចជាផ្នែកមួយទាក់ទាញអ្នកទេសចរ​ដែលចូលចិត្តធ្វើដំណើរកម្សាន្ត អាចគយគន់ធម្មជាតិដ៏ស្រស់ត្រកាល ដោយសារផ្លូវនេះមានតំបន់ធម្មជាតិជាច្រើន ជាពិសេសព្រៃឈើ ក្រាស់ៗយ៉ាងស្រស់ស្អាត៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម