រង់ចាំតែថ្ងៃ​សង់ហើយ! ផ្លូវជាតិ​លេខ៤៨ ទៅ​កោះកុង នឹង​មាន​ទីតាំង​មួយ​សម្រាប់​គយគន់ថត​សមុទ្រ​ឈើ

  • 2023-02-23 07:45:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់តែល្បីឈ្មោះសមុទ្រឈើ នៅខេត្តមណ្ឌលគិរី តែក្នុងពេលខាងមុខ ​​ផ្លូវជាតិលេខ៤៨ នៅខេត្តកោះកុង​ ត្រូវបាន​សាងសង់រួច នឹង​ត្រូវ​រាជរដ្ឋាភិបាលរក្សាទុក​ទីតាំង​ដីមួយកន្លែង​ សម្រាប់​ឱ្យអ្នកដំណើរ​ចុះថតរូប​សមុទ្រឈើ ដើម្បីទាក់ទាញ​ទេសចរ។

ថ្លែងទៅកាន់​អ្នកកាសែត​ ក្នុងពេល​ចុះត្រួតពិនិត្យ​ផ្លូវជាតិលេខ៤៨ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ​២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និងដឹកជញ្ជូន បាន​ថ្លែង​ថា ឯកឧត្តម​បាន​ប្រទះឃើញ​ទីតាំង​មួយ​កន្លែងដែល​មើលឃើញ​សមុទ្រឈើយ៉ាងស្រស់ស្អាត នៅ​តាមបណ្តោយផ្លូវជាតិលេខ៤៨នេះ។ ឯកឧត្តម​បញ្ជាក់ថា នឹង​ស្នើសុំ​រក្សា​ទុកទីតាំងដីនេះ សម្រាប់​អ្នក​ដែលធ្វើដំណើរ​ទៅខេត្តកោះកុង ចុះថតរូប​ទេសភាព​នៃសមុទ្រឈើនេះ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោង​សាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង គិតមកទល់ពេលនេះសម្រេចវឌ្ឍនភាពបានត្រឹមតែ ២២% ប៉ុណ្ណោះ ដែលយឺតជាងផែនការ ១២% បន្ទាប់ពីបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ២០២២។

ផ្លូវជាតិដែល​គ្រោងចំណាយទឹកប្រាក់ ៧៨លានដុល្លារនេះ ចាប់ផ្តើមសាងសង់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ ស្ថិត ក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គម្រោងផ្លូវនេះ រួមមាន៖ ផ្លូវ២គន្លង មានប្រវែង ១២២,៩គីឡូម៉ែត្រ ទទឹងផ្លូវ ១១ម៉ែត្រ និង ផ្លូវ៤គន្លង មានប្រវែង២៥,១គីឡូម៉ែត្រ ទទឹងចាប់ពី ១៨,៥ម៉ែត្រ ដល់ ២១,៥ម៉ែត្រ៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម