ស្ពានអាកាស​ឫស្សីកែវប្រកាស​បើកឱ្យប្រើហើយ ឯ​ស្ពាន​ឆ្លងកាត់​ទន្លេសាបដែលនៅជាមួយគ្នា​ ក៏នឹង​បើកមុនចូលឆ្នាំខ្មែរដែរ

  • 2023-02-27 06:30:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អនុញ្ញាត​ដាក់​ឱ្យ​ប្រើប្រាស់​ជាបណ្តោះអាសន្ន​ស្ពាន​​អាកាស​ឫស្សីកែវ ស្ថិត​ក្នុងភូមិ​ឃ្លាំង​សាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ​២០២៣។

រដ្ឋបាល​រាជធានីភ្នំពេញ បាន​ជូនដំណឹង​កាលពីចុងសប្តាហ៍​កន្លងទៅថា ស្ពានដែល​ត្រូវ​បាន​បើកការដ្ឋាន​សាងសង់​កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២​មួយនេះ សម្រេច​ការសាងសង់​ស្ទើរតែ ១០០% ហើយបច្ចុប្បន្ននេះ ដោយនៅសល់តែ​ការងារ​ក្រាលកៅស៊ូ និងអ៊ុតគំនូសចរាចរ ហើយ​គ្រោងបញ្ចប់​ការដ្ឋាន​សាងសង់​ទាំងស្រុង​នាប៉ុន្មានថ្ងៃខាងមុខនេះ។

សូមជម្រាប​ថា ស្ពានអាកាសនេះ​មាន​បណ្តោយ ៤៨៣ម៉ែត្រ និងទទឹង ១៥,៨ម៉ែត្រ ដែល​ក្រុមហ៊ុន​វិនិយោគ​ទុនអាណិកជនកម្ពុជា (OCIC) ទទួល​បានគោលការណ៍​សាងសង់​ពីរាជរដ្ឋាភិបាល។

ចំណែក​ស្ពាន​មួយទៀត​ដែល​នៅស្ថិតនៅចំណុចនោះផងដែរ គឺ​ស្ពានបេតុង​ខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាប​ភ្ជាប់ទៅតំបន់​អភិវឌ្ឍន៍​ជ្រោយចង្វារ ក៏គ្រោង​នឹង​បញ្ចប់នៅដើមខែមេសា ឆ្នាំ​២០២៣ផងដែរ ពោលគឺ​គ្រោងនឹង​បើកឱ្យប្រើប្រាស់បណ្តោះអាសន្ន​នៅមុនចូលឆ្នាំខ្មែរ ខណៈគិតត្រឹមពាក់កណ្តាលខែមករា សម្រេចបាន ៩៣% ហើយ។

ស្ពាន​ខ្សែកាបនេះ ត្រូវបាន​សាងសង់​ចេញពី​ចំណុច​ឃ្លាំងស្តុកសាំងសូគីម៉ិច ផ្លូវជាតិលេខ៥ ទៅ​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ជ្រោយចង្វារ ដែល​ស្ថិតក្នុងសង្កាត់​ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។ ស្ពាន​នេះ មានប្រវែង ៦៤២ម៉ែត្រ ទទឹង ២០,៥ម៉ែត្រ មានសសរទាញខ្សែកាបចំនួន៤ កម្ពស់ ៤០ម៉ែត្រ ធៀបនឹង​កម្រាលស្ពាន៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម