ផ្លូវជាតិលេខ៥ ពង្រីកដល់ ៤គន្លងពិតមែន តែមាន​ក្រុមហ៊ុន១ ចង់ធ្វើផ្លូវល្បឿនលឿន ភ្នំពេញ-បាត់ដំបង-ប៉ោយប៉ែត ថែមទៀត

  • 2023-03-01 03:31:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បីជាផ្លូវជាតិលេខ៥ ត្រូវបានពង្រីកដល់ ៤គន្លង និង​សាងសង់​ជិតរួចរាល់អស់​ទាំងស្រុងក៏ដោយ ប៉ុន្តែមាន​ក្រុមហ៊ុនមួយ​នៅតែបង្ហាញមហិច្ឆតាចង់ធ្វើផ្លូវល្បឿនលឿនពីភ្នំពេញ-បាត់ដំបង-ប៉ោយប៉ែត​ទៀតផង។

ឯកឧត្តម ស៊ុន ចាន់ថុល​ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និងដឹកជញ្ជូន បានថ្លែង​ទៅកាន់​អ្នកកាសែត​ក្នុងពេល​ចុះពិនិត្យ​ការសាងសង់ផ្លូវក្រវាត់​ក្រុងទី៣ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ​២០២៣ថា មានក្រុមហ៊ុនមួយ​ដែល​ឯកឧត្តម​មិនបានបញ្ចេញឈ្មោះ ចង់សិក្សាធ្វើផ្លូវល្បឿនលឿនពីភ្នំពេញ ទៅបាត់ដំបង រហូតដល់ប៉ោយប៉ែត ជាប្រភេទ BOT បើទោះបីជា​ផ្លូវជាតិលេខ៥ ត្រូវបានពង្រីកដល់ ៤គន្លងទៅហើយក្តី។

បើតាម​ការលើកឡើង​របស់ឯកឧត្តម ថ្វីបើផ្លូវជាតិលេខ៥ ពង្រីកធំជាងមុនមែន ក៏ប៉ុន្តែការបើកបរនឹងនៅតែយឺតយ៉ាវ និងចំណាយពេលយូរ ព្រោះនៅមានសត្វឆ្លងកាត់​ជាដើម ដែល​អាចបង្ក​គ្រោះថ្នាក់​ផងដែរ។ «យើងផ្តល់ជម្រើស​ដល់ប្រជាពលរដ្ឋយើង។ លោកចង់លឿន យើង​ទៅផ្លូវល្បឿនលឿន ជិះធម្មតា តាមផ្លូវជាតិលេខ៥»។

សូមជម្រាបថា កម្ពុជាបាននឹង​កំពុងទាក់ទាញយ៉ាងខ្លាំងនូវការវិនិយោគលើផ្លូវល្បឿនលឿនជាបន្តបន្ទាប់ បន្ទាប់ពី​ការបើកដំណើរការផ្លូវល្បឿនលឿនទីមួយ​ពីភ្នំពេញ ទៅក្រុងព្រះសីហនុ។ នៅពាក់កណ្តាលឆ្នាំ ២០២៣ខាងមុខនេះ ក៏នឹងមានការបើកការដ្ឋាន​សាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅបាវិតផងដែរ។ ឯកឧត្តម ស៊ុន ចាន់ថុល បាន​ថ្លែងទៀតថា ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប គ្រោងនឹងបញ្ចប់ការសិក្សានៅក្នុងខែកញ្ញាខាងមុខ៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម