ផ្លូវជាតិលេខ៧ ដែលសល់មួយកំណាត់​ទៀត​ដល់ព្រំដែន​ឡាវប្រវែងជិត ១០០គីឡូម៉ែត្រ នឹង​ធ្វើ​ស្អាតភ្លឹង​ខាងមុខ

  • 2023-03-02 04:00:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​សាធារណការ និងដឹកជញ្ជូន បាន​បើកកិច្ចពិភាក្សា​ជាមួយ​ក្រុមហ៊ុនចិន លើគម្រោង​ស្តារ និង​លើកកម្រិត​កំណាត់​ផ្លូវជាតិលេខ៧ ចាប់ពីភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ រហូតដល់ត្រពាំងគ្រៀល ខេត្តស្ទឹង​ត្រែង (ព្រំដែនកម្ពុជា-ឡាវ) ប្រវែង​សរុប ៩៦,៦៣គីឡូម៉ែត្រ។

ក្នុងកិច្ចប្រជុំ​ដែល​ធ្វើឡើង​កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ​២០២៣ អង្គប្រជុំ​បាន​ផ្លាស់ប្តូរមតិ និងលើកជាមតិយោបល់​ឱ្យក្រុមហ៊ុន​ទទួលបន្ទុក​ពិនិត្យ​សិក្សា​លើការ​ប្រើប្រាស់​បច្ចេកទេស​ផ្លូវថ្នល់ និង​ការរៀបចំ​កំណត់ទទឹងផ្លូវ​ឱ្យបានសមរម្យ​សម្រាប់​ស្ថានភាព​ភូមិសាស្ត្រផ្លូវជាតិលេខ៧នេះ​ផងដែរ ដើម្បីរៀបចំ​នីតិវិធីបន្តសម្រាប់ឈានដល់ការអនុវត្តគម្រោងនៅពេលខាងមុខ។ គម្រោងនេះ​ស្ថិតក្រោម​ជំនួយឥតសំណង​ពី​ប្រទេស​ចិន ដែលទទួលបន្ទុកការសិក្សា​ដោយក្រុមហ៊ុន China Railway First Survey & Design Institute Group Co.,Ltd។

សូមរំលឹក​ថា កំណាត់​ផ្លូវជាតិលេខ៧ ចាប់ពីចំណុចរង្វង់មូល​ខ្លាស្ទុះ ក្រុងក្រចេះ ទៅ​ភូមិ​រមាត ត្រូវបាន​ធ្វើពិធីសម្ពោធ​រួចមកហើយកាលពីខែកុម្ភៈ ឆ្នាំ​២០២២ ដោយមានប្រវែង ៩៣គីឡូម៉ែត្រ ទទឹង​តួផ្លូ ១១ ម៉ែត្រ ចែកជា ២ គន្លង សាងសង់​ក្រោមជំនួយ​របស់រដ្ឋាភិបាលចិនជាង ៣៣ លានដុល្លារ។

គួរដឹងថា ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវដ៏មាន​សក្ដានុពល​មួយ​ឆ្លង​កាត់ខេត្ត​សំខាន់ៗ​ដូចជា៖ ខេត្តកំពង់ ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និងឆ្ពោះ ទៅតំបន់ប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជាស្ថិតនៅភូមិភាគឦសាន។ ជាងនេះទៀត ខ្សែផ្លូវនេះ​គឺជាផ្នែកមួយ​នៃផ្លូវអាស៊ានហាយវ៉េយលេខ១១(AH11) ដែលតភ្ជាប់ពីទីក្រុងគុនមីង​នៅភាគខាងត្បូង​នៃប្រទេសចិន ឆ្លងកាត់ទីក្រុងវៀងចន្ទន៍​នៃប្រទេសឡាវ កាត់រាជធានីភ្នំពេញ​និងឆ្ពោះទៅកំពង់ផែក្រុងព្រះសីហនុនៃប្រទេសកម្ពុជា៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម