យុទ្ធនាការ “BeyondTheGame” អាចរុញឲ្យកម្ពុជាបំបែកកំណត់ត្រាថ្មីមួយទៀត នៅក្នុងឆ្នាំ ២០២៣​ នេះ

  • 2023-03-07 14:47:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“កម្ពុជាតូច តែមានបេះដូងធំ” គឺជាសម្ដីរបស់លោក ហ៊ុន ម៉ានី និងថ្នាក់ដឹកនាំ នៃសហព័ន្ធកីឡាជាតិកម្ពុជា ថ្លែងក្នុងឱកាសសន្និសីទសារព័ត៌មានមួយនៅអគារ The Kampus រាជធានីភ្នំពេញ ទទួលបានសំឡេងទះដៃគាំទ្រយ៉ាងខ្លាំងពីកីឡាករ-កីឡាការិនី អ្នកសិល្បៈ ព្រមទាំងតំណាងពីវិស័យឯកជន នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣​ នេះ។

ចូលរួមក្នុងនាមជាគណៈអធិបតី លោក ហ៊ុន ម៉ានី បានបង្ហាញចំណាប់អារម្មណ៍ថា កម្ពុជាបានក្លាយជាប្រទេសនៅក្នុងក្រសែភ្នែកពិភពលោក បន្ទាប់ពីស្ដែងចេញនូវសកម្មភាពមនុស្សធម៌ជាច្រើន ដូចជា ករណីអនុញ្ញាតឲ្យនាវា Westerdam ចូលចតនៅកំពងផែក្រុងព្រះសីហនុ ក្នុងពេលដែលប្រទេសផ្សេងៗមិនអនុញ្ញាតឲ្យចូលចត ព្រោះខ្លាចជំងឺឆ្លងកូវីដ-១៩។ ដោយឡែក នៅឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតស៊ីហ្គេម និងប៉ារ៉ាហ្គេម កម្ពុជា កំពុងបង្កើតទំព័រប្រវត្ដិសាស្ដ្រថ្មីមួយទៀត គឺបំបែកកំណត់ត្រា "បេះដូងច្រើនជាងគេលើពិភពលោក"។

ហ៊ុន ម៉ានី៖ “ប្រាកដណាស់ យើងចង់បំបែកឯគ្គតកម្មពិភពលោក តែដំណើរឆ្ពោះទៅកាន់ភាពជោគជ័យ គឺចន្លោះកណ្ដាលនេះហើយដែលវាសំខាន់បំផុត។ ខ្ញុំសូមសារភាពតាមត្រង់ថា បើអត់មានកម្មវិធី “BeyondTheGame” ខ្ញុំអត់មានឱកាសជួបបងៗ ដើម្បីរួមគ្នាធ្វើទាំងកម្លាំងកាយ និងកម្លាំងចិត្ដ ហើយខ្ញុំមានមោទកភាពណាស់”។

តាមរយៈយុទ្ធនាការ #BeyondTheGame” កម្មវិធីមួយឈ្មោះ “បេះដូងច្រើនជាងគេលើពិភពលោក” ត្រូវបានបង្កើតឡើង ដើម្បីផ្ដល់ឱកាសដល់មហាជនដែលចង់ចូលរួមគាំទ្រព្រឹត្ដិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្នុងគោលបំណងបង្ហាញទឹកចិត្ដស្រឡាញ់ និងការបរិច្ចាគដោយប្រយោលពីអ្នកគាំទ្រ ទៅកាន់កីឡាករ-កីឡាការិនីមានពិការភាព។ អ្នកចូលរួម អាចបត់ក្រដាសពណ៌ចេញជារូបបេះដូងមួយ ឬច្រើនទៅតាមលទ្ធភាពរៀងៗខ្លួន ដែលរូបបេះដូងមួយមានតម្លៃស្មើនិង ៥០០រៀល ហើយក្រុមហ៊ុន និងស្ថាប័នឯកជនចំនួន ៥ ជាអ្នកផ្ដល់ថវិកាបរិច្ចាគដោយផ្ទាល់ទៅកាន់កីឡាករ ដោយផ្នែកលើចំនួនរូបបេះដូងដែលប្រមូលបានជាក់ស្ដែង នៅដើមខែមេសា ខាងមុខ។

យុទ្ធនាការ #BeyondTheGame ដោយផ្សាភ្ជាប់សកម្មភាពបត់រូបបេះដូងឲ្យបាន ១លាន បេះដូងនេះ គឺធ្វើ​ឡើង ដើម្បីបំបែកឯគ្គតកម្មពិភពលោក ដោយ​ចាប់ផ្ដើមធ្វើពីថ្ងៃទី៧ ខែមីនា រហូតដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ ទើបប្រមូលរាប់ដោយក្រុមកាងារ នៃយុទ្ធនាការ និងភ្នាក់ងារ World Guinness Record។ លទ្ធផលដែលទទួល ក៏នឹងដាក់បង្ហាញជូនសាធារណជនទស្សនានៅក្នុងថ្ងៃ​ អង្គរសង្គ្រាន្ដ ចូលឆ្នាំថ្មី ២០២៣ នៅខេត្ដសៀមរាប ដែរ។

ក្នុងសកម្មភាពតែមួយ ប៉ុន្ដែបានផ្ដល់លទ្ធផលយ៉ាងសម្បើមចំនួនពីរ គឺសម្រាប់លើកមុខមាត់ជាតិផង និងកីឡាករខ្មែរផង ក្នុងគ្រាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម។ កាយវិការនេះ បានបង្ហាញពីទឹកចិត្ដសម្បុរសធម៌ និងស្រឡាញ់វិស័យកីឡា ហើយគ្រប់គ្នាមិនបាច់បរិច្ចាគថវិកាផ្ទាល់ខ្លួនឡើយ គឺគ្រាន់តែបត់រូបបេះដូងដាក់ក្នុងធុង​ដែលបានកំណត់ជាការស្រេច ហើយក្រុមហ៊ុន វឌ្ឍនៈ ក្រុមហ៊ុន Smart មូលនិធិ ម៉ានី ធនាគារ ABA និងក្រុមហ៊ុន សាប៊ូកក់សក់ Clear ជាអ្នកបរិច្ចាគដោយផ្ទាល់ដល់កីឡាករ តាមរយៈគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។

អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាលោក យី វាសនា បានសម្ដែងការត្រេកអរ និងគាំទ្រយុទ្ធនាការនេះថា ក្នុងនាមជាម្ចាស់ផ្ទះ រៀបចំការប្រកួតស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី៩ ខែមិថុនា ពិតហើយថាកម្ពុជាចង់បង្ហាញបេះដូងដ៏បរិសុទ្ធរបស់ខ្លួនទៅកាន់ពិភពលោក និងបងប្អូនកីឡាករមានពិការភាពកម្ពុជា ឲ្យមានលទ្ធភាព និងកម្លាំងចិត្ដកាន់តែខ្លាំងក្នុងការចូលរួមប្រកួត នៅព្រឹត្ដិការណ៍ជាប្រវត្ដិសាស្ដ្រនេះ។

លោក យី វាសនា៖ “យើងមានឈាមនេះ ឈាមនោះ តែយើងមានបេះដូងជាខ្មែរតែមួយ… ឃើញប្អូនៗកីឡាករ-កីឡាការិនីឈ្នះបានមេដាយ ខ្ញុំមានមោទកភាព ហើយខ្ញុំជឿជាក់ថាបេះដូងដ៏បរិសុទ្ធរបស់យើង នឹងមានរាប់រយលាននៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង នឹងទទួលបានជ័យជម្នះក្នុងឱកាសនេះ”។

តាមរយៈយុទ្ធនាការ #BeyondTheGame លោក យី វាសនា បានសង្កត់ធ្ងន់ថា សកម្មភាពនេះ វាបានបង្ហាញពីសក្ខីភាពថាប្រជាជនកម្ពុជាគ្រប់គ្នា បានចូលរួមគាំទ្រយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យកីឡា និងលើកមុខមាត់កម្ពុជា ដោយគ្រាន់តែចូលរួមបត់ក្រដាសរូបបេះដូងឲ្យបានច្រើនចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ ពោលគឺមុនពេលដែលក្រុមការងារ រៀបចំកម្មវិធី”បេះដូងច្រើនជាងលើពិភពលោក” បិទបញ្ចប់ការទទួល ដើម្បីទុកពេលឲ្យក្រុមការងារ World Guinness record រាប់​​ និង​ធ្វើការសម្រេចចិត្ដ។

សូមរំលឹក​ថា រាជរដ្ឋាភិបាល សហភាពសហព័ន្ធយុវជនកម្ពុជា និងដៃគូអភិវឌ្ឍន៍ ធ្លាប់បំបែកកំណត់ត្រាមួយចំនួនរួចមកហើយ គឺមានដូចជា៖ ទូក “ង” វែងជាងគេលើពិភពលោកកាលពីឆ្នាំ២០១៨ នំអន្សមធំជាងគេលើពិភពលោកកាលពីឆ្នាំ២០១៥ ក្រម៉ាខ្មែរវែងជាងគេលើពិភពលោក កាលពីឆ្នាំ២០១៨ និងអ្នករាំក្បាច់ម៉ាឌីហ្សុនច្រើនជាងគេលើពិភពលោក កាលពីឆ្នាំ២០១៥។ ដោយឡែកកម្មវិធី “បេះដូងច្រើនជាងគេលើពិភពលោក” ដែល​បានបំផុស​ឲ្យមានការចូលរួមពីគ្រប់មជ្ឃដ្ឋាន ក្នុង​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះរៀបចំស៊ីហ្គេមនេះ ត្រូវគេរំពឹងថានឹងបានជោគជ័យទៀត៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី