ទិដ្ឋភាព ភ្ញៀវ​ទេសចរ​រាប់​ម៉ឺន​នាក់​ទៅ​លេង​បុណ្យ​ទន្លេ​នា​ពេល​រាត្រី​នៅ​ខេត្តកំពង់ធំ

  • 2023-03-09 02:41:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីបុណ្យទន្លេ​ឆ្នាំ ២០២៣ លើក​ទី៧ ត្រូវ​បាន​រៀប​ចំ​ឡើង​នៅខេត្តកំពង់ធំ​រយៈ​ពេល​ចំនួន ៣ថ្ងៃ ដោយ​រាប់​ចាប់​ពី​ថ្ងៃ ចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត (Our River for Now and Next)»។

តាម​របាយការណ៍ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ធំ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ បាន​សម្រុក​មក​លេង​តាំង​ពី​មុន​១​ថ្ងៃ ពោល​គឺ​ចាប់​ពី​ថ្ងៃ​ទី ៧មីនាមក​ម្ល៉េះ ក្នុង​នោះ​សរុប​​២ថ្ងៃអំឡុងពេលចាប់ផ្ដើមពិធីបុណ្យទន្លេ ទទួលបានភ្ញៀវទេសចរជាង ៤០ម៉ឺននាក់​ឯណោះ។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំបានថ្លែងថា «ចំនួន​ប្រជាពលដ្ឋចូលរួមថ្ងៃទី៧ មានប្រមាណ១៨,៥០០នាក់ និងថ្ងៃទី៨ មានប្រមាណ៣៨៥,០០០នាក់ សរុប៤០៣,៥០០នាក់»។

ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំមួយនេះ គឺមានការតាំងពិព័រណ៍សមិទ្ធផល មហោស្រពម្ហូបអាហារ និងភេសជ្ជៈ និងការតាំងពិព័រណ៍កសិទេសចរណ៍ ផលិតផលសហគ្រាសធុនតូចនិងមធ្យម ផលិតផលខ្មែរ ផលិតផលកសិកម្ម និងផលិតផលរបស់សហគមន៍ សរុបចំនួន៣០០ស្តង់។

ការរៀបចំពិព័រណ៍នេះ គឺជាការរួមចំណែកមួយក្នុងការប្រើប្រាស់ឱ្អស់លទ្ធភាពនៃវិស័យទេសចរណ៍ ដែលត្រូវបានចាត់ទុកថាជាការនាំចេញនៅនឹងកន្លែង ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម ពិសេសការបង្កើតឱកាសការងារសម្រាប់កសិករ សិប្បករ និងអ្នកផលិតតាមរយៈទីផ្សារទេសចរណ៍។

ក្រៅពីនេះ មានការសម្តែងទស្សនីយភាពសិល្បៈចម្រុះបុរាណ-សម័យ ដែលមានការចូលរួមពីសិល្បករ-សិល្បការនីជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងមានសកម្មភាពកីឡាដែលរួមមាន៖ កីឡារត់ប្រណាំងកម្សាន្ត៣គម និង៥គម កីឡាបាល់ទាត់ឆ្នេរខ្សាច់ កីឡាបាល់ទះឆ្នេរខ្សាច់ កីឡាប៉េតង់ ប្រដាល់គុនខ្មែរ កីឡាបាល់ទាត់លើតុ ដែលសកម្មភាពកីឡាទាំងនេះនឹងបង្ហាញអំពីការចូលរួមអបអរសាទរដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលនៅសល់តែ៥៧ថ្ងៃទៀតប៉ុណ្ណោះ កម្ពុជាយើងនឹងត្រូវធ្វើជាម្ចាស់ផ្ទះលើកដំបូង។

យ៉ាងណា ឯកឧត្ដមរដ្ឋមន្ត្រីធ្លាប់បង្ហាញការរំពឹងទុកថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យទ​ន្លេ​នៅខេត្ត​កំពង់ធំ​នេះ​នឹងទទួលបានភ្ញៀវទេសចរយ៉ាងតិច១លាននាក់៕

ប្រភព៖ក្រសួងទេសចរណ៍

អត្ថបទ៖ ទារិកា

អត្ថបទថ្មី