កំពូលយុទ្ធសាស្ដ្រ ស៊ីន យូប៊ីន បង្ហាញអត្ដសញ្ញាណខ្មែរ ដោយផ្ញើអាហារខ្មែរដល់តារាល្បីៗលំដាប់ពិភព

  • 2025-02-21 09:01:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចការបង្ហើបប្រាប់អ្នកសារព័ត៌មានជាច្រើនស្ថាប័នកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ថាខ្លួននឹងចូលរួមក្នុងកម្មវិធីអន្ដរជាតិដ៏ធំមួយដែលនឹងធ្វើឡើងនៅកម្ពុជាក្នុងពេលឆាប់ៗ។ ស្រាប់តែនៅថ្ងៃទី២១ ខែកុម្ភៈ នេះ តារាសម្ដែងស្រី ស៊ីន យូប៊ីន បានធ្វើឲ្យហ្វេនៗបើកភ្នែកធំៗ លាន់មាត់កោតសរសើរចំពោះទង្វើរបស់នាងទៅកាន់ភ្ញៀវអន្ដរជាតិ ជាពិសេសតាល្បីៗដែលត្រូវចូលរួមក្នុងព្រឹត្ដិការណ៍ដ៏ធំនៅយប់នេះ។

នៅលើទឹកដីអង្គរ ខេត្ដសៀមរាប ដែលជាទីប្រារព្វកម្មវិធី BVLGARI កញ្ញា ស៊ីន យូប៊ីន បានជួយផ្សព្វផ្សាយម្ហូបអាហារ និងបង្អែមប្រចាំតំបន់របស់ខ្មែរទៅលើឆាកអន្តរជាតិក្នុងព្រឹត្តិការណ៍របស់ BVLGARI ដោយទិញនំអាកោត្នោត ប្រហិតឆឹង គ្រាប់ស្វាយចន្ទី និងតំណាប់ស្វាយទៅជូនតារាល្បីៗជាច្រើនជា Friends of the House មកពីបណ្ដាប្រទេសនានា ដើម្បីភ្លក់រសជាតិ នៅប្រាសាទបាយ័ន នារសៀលថ្ងៃទី២១ ខែកុម្ភៈ នេះ។

ក្រោយបានទទួលបានការស្វាគមន៍ និងភ្លក្សរសជាតិម្ហូប និងបង្អែមខ្មែរដែលល្បីស្រាប់ប្រចាំតំបន់ តារាទាំងអស់នោះ បានបង្ហោះសរសើរថាឆ្ងាញ់នៅលើបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួនរបស់គេថែមទៀត។

ដោយសារតែកម្មវិធីមួយនេះជាព្រឹត្តិការណ៍អន្តរជាតិ មានតារាល្បីៗជាច្រើននាក់ចូលរួម ព្រមទាំងនាយកប្រតិបត្តិ BVLGARI លោក Jc Babin ថ្នាក់ដឹកនាំកំពូលនៃក្រុមហ៊ុនលំដាប់ពិភពលោក ទើបតារាសម្ដែងស្រីជួរមុខ ស៊ីន យូប៊ីន នឹកឃើញវិធីសាស្ត្រនេះ ដើម្បីជួយដល់ប្រជាពលរដ្ឋខ្មែរក្នុងតំបន់ផង និងជួយលើកមុខមាត់កម្ពុជានៅលើឆាកអន្ដរជាតិផង។ ជាក់ស្ដែងគេឃើញ Mai Davika ជាតារាស្រីមានប្រជាប្រិយភាពខ្លាំងទាំងក្នុងតំបន់អាស៊ី និងនៅអឺរ៉ុបក៏បង្ហោះរូបអង្គុយហូបនំអាកោខ្ទិះ និងប្រហិតឆឹង ដែល យូប៊ីន ទិញផ្ញើផងដែរ។

សូមបញ្ជាក់ដែរថា BVLGARI AETERNA EVENT នឹងប្រារព្ធឡើងនៅប្រាសាទបាយ័ន ទឹកដីខេត្តសៀមរាប ហើយ CEO របស់ BVLGARI និងក្រុមការងារក៏បានអញ្ជើញចូលរួមដែរ។ ក្នុងនោះក៏មានវត្តមានតារាល្បីៗជុំវិញពិភពលោកដែលជាអ្នកតំណាងឱ្យ BVLGARI ចូលរួមដូចជា តារាខ្មែរ ថៃ វៀតណាម ហ្វីលីពីន ព្រមទាំងដំណឹងថាមានចិន កូរ៉េ និងតារាហូលីវូដក៏នឹងមកចូលរួមដែរ៕

ជិន សុភ័ក្ដ្រ