បន្ទាប់ពីផ្លូវជាតិលេខ៥! ខេត្តកំពង់ឆ្នាំង នឹងទទួលបានលាភ២ទៀត គឺផ្លូវភ្ជាប់ទៅកំពង់ធំ និងស្ពានវែងជាងគេនៅស្រុកខ្មែរ
- 2023-03-09 07:58:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បន្ទាប់ពីផ្លូវជាតិលេខ៥! ខេត្តកំពង់ឆ្នាំង នឹងទទួលបានលាភ២ទៀត គឺផ្លូវភ្ជាប់ទៅកំពង់ធំ និងស្ពានវែងជាងគេនៅស្រុកខ្មែរ
ចន្លោះមិនឃើញ
ខេត្តកំពង់ឆ្នាំង នឹងកាន់តែមានភាពលេចធ្លោខ្លាំង ដោយសារមានគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗរួចជាស្រេចហើយ ពោលគឺបន្ទាប់ពីផ្លូវជាតិលេខ៥ ត្រូវបានពង្រីកដល់៤គន្លងហើយនោះ ខេត្តភ្នំនាងកង្រីនេះ នឹងត្រូវសាងសង់ផ្លូវភ្ជាប់ទៅខេត្តកំពង់ធំ រួមជាមួយស្ពានឆ្លងកាត់ទន្លេ៣ ដែលវែងជាងគេនៅកម្ពុជា។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងទៅកាន់ប្រជាពលរដ្ឋ ក្នុងពេលចុះពិនិត្យទីតាំងសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ថា សម្តេចតេជោ ហ៊ុន សែន បានបើកភ្លើងខៀវឱ្យរកថវិកាសាងសង់ផ្លូវលេខ ៥០C ដែលជាផ្លូវចំកណ្តាលប្រទេសភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅកំពង់ធំ ឱ្យបាននៅឆ្នាំ២០២៤ ក្រោយសិក្សាឃើញថា គម្រោងនេះមិនប៉ះពាល់ដល់បរិស្ថាននោះទេ។
ឯកឧត្តម បញ្ជាក់ទៀតថា ភ្ជាប់ជាមួយនឹងផ្លូវលេខ៥០Cនេះ ក៏នឹងមានការសាងសង់ស្ពានវែងជាងគេនៅកម្ពុជា ដែលមានប្រវែង ៣,៣គីឡូម៉ែត្រ (សិក្សាលើកមុន ៣,៩គីឡូម៉ែត្រ) ឆ្លងកាត់ទន្លេក្នុងខេត្តកំពង់ឆ្នាំងនេះទៀតផង។ តម្លៃប៉ាន់ស្មាននៃការសាងសង់នេះ គឺប្រហែល ២៥០លានដុល្លារ ក្នុងនោះ ផ្លូវ ១៥០លានដុល្លារ និងស្ពាន ១០០លានដុល្លារ។
សូមរំលឹកថា ក្នុងពិធីបុណ្យទន្លេ កាលពីខែមីនា ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំង សម្តេចតេជោ ហ៊ុន សែន បានប្រកាសសម្រេចចិត្តឱ្យមានការសាងសង់ស្ពាន និងផ្លូវភ្ជាប់ពីខេត្តកំពងឆ្នាំង ទៅខេត្តកំពង់ធំ ដើម្បីសម្រួលដល់ការធ្វើដំណើរ ចំណេញពេលវេលា និងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ។
សម្តេចបញ្ជាក់ថា ផ្លូវនេះ មានចម្ងាយជាង ៥៧គីឡូម៉ែត្រ ដែលតភ្ជាប់ពីស្រុកកំពង់លែង នៃខេត្តកំពង់ឆ្នាំង ទៅកាន់ក្រុងស្ទឹងសែន នៃខេត្តកំពង់ធំ។ ក្នុងនោះគឺត្រូវធ្វើស្ពានដែលវែងជាងគេនៅក្នុងប្រទេសកម្ពុជា គឺមានប្រវែងរហូតទៅដល់ ៣៩០០ម៉ែត្រ ដែលឆ្លងដៃទន្លេទាំង៣ គឺ៖ ទន្លេផ្សារក្រោម, ទន្លេជល់មុខ និងទន្លេកំពង់ហាវ។ ក្រៅពីនេះ ក៏មានការសង់ស្ពានចំនួន២ នៅក្រុងស្ទឹងសែនផងដែរ៕