តិចទៀត! មើល​ហ្វេសប៊ុកផង លេង​ឆាតផង មិនចាំបាច់ដោនឡូត App ដល់ទៅ២ នាំតែពិបាក​ដូចមុនទៀតទេ

  • 2023-03-13 03:20:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់រយៈពេលជិត ១០ឆ្នាំមកហើយ​ដែលការ​​ប្រើប្រាស់​បណ្តាញសង្គមហ្វេសប៊ុកគឺត្រូវដំឡើង App ទាល់តែ២ ក្នុងទូរសព្ទ គឺមួយជា Facebook App និងមួយទៀតជា Messenger App។ ប៉ុន្តែនៅពេល​ខាងមុខនេះ អ្នកប្រើប្រាស់​មិនចាំបាច់​ត្រូវការ​ដោនឡូត App ទាំង​២ បែបនេះនាំតែពិបាកទៀតទេ ពោលគឺ​អាច​ប្រើមុខងារទាំងពីរ ក្នុង App តែមួយប៉ុណ្ណោះ។

លោក Tom Alison អ្នកដឹកនាំ​ផ្នែក Facebook របស់​ក្រុមហ៊ុន Meta បាន​បញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុនខ្លួន​កំពុង​ធ្វើការ​តេស្ត​សាកល្បង​ចំពោះការបន្ថែម Messenger ទៅក្នុង Facebook App តែមួយហើយ។ «យើង​កំពុង​ធ្វើតេស្តលទ្ធភាព​សម្រាប់​មនុស្ស​ក្នុងការចូលទៅប្រើប្រាស់​ប្រអប់​សារ Messenger ជាមួយ Facebook App តែម្តង ហើយ​អ្នក​នឹង​បាន​ឃើញ​ការពង្រីក​ការធ្វើតេស្តនេះ ក្នុងពេលឆាប់ៗ»។

ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្សមួយនេះ ចង់​ឱ្យ​អ្នក​ប្រើប្រាស់​កាន់តែមានភាពងាយស្រួល និងកាន់តែធ្វើឱ្យប្រសើរឡើង​នូវការភ្ជាប់ទំនាក់ទំនង​ និង​ចែក​រំលែក ពោលគឺ​មិនចាំបាច់​ត្រូវចុចប្តូរឆ្លាស់ Appចុះឡើងនោះទេ ដែល​មើលទៅហាក់ដូចជាចង់ប្រកួតប្រជែង​ជាមួយ TikTok។

គួរ​រំលឹកថា នៅពេល​ស្ថាបនិក លោក Mark Zuckerberg បាន​សម្រេច​បែងចែក App នេះជាពីរកាលពីឆ្នាំ២០១៤នោះ គឺ​លោក​ចង់​ផ្តោតលើការ​អភិវឌ្ឍ Messenger ​ឱ្យ​ក្លាយ​ជា​ App ផ្ញើសារឆ្លងឆ្លើយ​ដ៏ល្អបំផុត៕

អត្ថបទ៖ សំភី