១ថ្ងៃចំណេញ៣កន្លែង៖ បើទៅ ទេទឹកពុះ កុំភ្លេចទៅហួសតែបន្តិចទេ នឹងទៅដល់ ទំនប់តាសាល ហើយមកវិញអាចចូលលេងទឹកធ្លាក់ជ្រាវបានទៀត
- 2023-03-14 07:54:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១ថ្ងៃចំណេញ៣កន្លែង៖ បើទៅ ទេទឹកពុះ កុំភ្លេចទៅហួសតែបន្តិចទេ នឹងទៅដល់ ទំនប់តាសាល ហើយមកវិញអាចចូលលេងទឹកធ្លាក់ជ្រាវបានទៀត
ចន្លោះមិនឃើញ
ចូលឆ្នាំខ្មែរនេះ មានគម្រោងទៅណាហើយឬនៅ? ថ្ងៃនេះ Sabay សូមបង្ហាញរមណីយដ្ឋាន៣កន្លែងនៅក្នុងខេត្តកំពង់ស្ពឺ ដោយលោកអ្នកគ្រាន់តែចំណាយពេលតែមួយថ្ងៃប៉ុណ្ណោះ ពោលគឺតំបន់ទេសចរណ៍ទាំង៣ ស្ថិតនៅក្បែរៗគ្នា ងាយស្រួលធ្វើដំណើរ និងចំណេញពេលវេលា នោះគឺ ទេទឹកពុះ ទំនប់តាសាល និងទឹកធ្លាក់ជ្រាវ។
ចំពោះតំបន់ទេសចរណ៍ទាំង៣នេះ យើងសូមណែនាំឱ្យលោកអ្នកគួរទៅលេងនៅរមណីយដ្ឋាន ទេទឹកពុះ ឬ ទំនប់តាសាលមុន ព្រោះរមណីយដ្ឋានទាំងពីរ ស្ថិតនៅលើផ្លូវជាមួយគ្នាតែម្តង ហើយពេលត្រឡប់មកវិញ អាចចូលលេងទឹកធ្លាក់ជ្រាវ សម្រាកបន្ធូរអារម្មណ៍ដល់ល្ងាចតែម្តង ចាំធ្វើដំណើរមកផ្ទះវិញ ក៏មិនថ្វី។
សម្រាប់អ្នករាជធានីភ្នំពេញ អាចធ្វើដំណើរតាមផ្លូវជាតិលេខ៤ ឬតាមផ្លូវល្បឿនលឿន រហូតដល់ក្រុងច្បារមន ខេត្តកំពង់ស្ពឺ រួចបត់ចូលជិះតាមផ្លូវជាតិលេខ៤៤ រហូតដល់រង្វង់មូលស្រុកឱរ៉ាល់ ហើយបន្តទៅត្រង់ទៀត បន្តែស្ថានភាពផ្លូវរាងពិបាកបន្តិចចាប់ពីចំណុចរង្វង់មូលនេះទៅ ប្រហែល ២៤គីឡូម៉ែត្រ នឹងទៅដល់រមណីយដ្ឋានទេទឹកពុះ។ ចំពោះការចូលទស្សនារមណីយដ្ឋាននេះ មិនចំណាយពេលច្រើននោះទេ ដោយសារវាជាទីតាំងតូចប៉ុណ្ណោះ ដោយលោកអ្នកគ្រាន់តែលូកដៃស្ទាបកម្តៅទឹក និងថតរូបលេងកម្សាន្ត។
ក្រោយចេញពីទេទឹកពុះ លោកអ្នកគ្រាន់តែធ្វើដំណើរទៅមុខបន្តិចទៀតប្រហែល ១៤គីឡូម៉ែត្រ នឹងទៅដល់ទំនប់តាសាល ដែលមានទេសភាពយ៉ាងស្រស់ស្អាត។ លោកអ្នកគ្រាន់តែចំណាយពេលថតរូបលេងកម្សាន្តប៉ុណ្ណោះ ព្រោះថាទំនប់នេះគ្មានកន្លែងសម្រាប់ងូតទឹកលេងឡើយ។
ពេលធ្វើដំណើរត្រឡប់មកវិញ ដល់ចំណុចរង្វង់មូលស្រុកឱរ៉ាល់ គឺលោកអ្នកអាចបត់ឆ្វេងទៅផ្លូវលេខ១៣២ ចម្ងាយប្រហែលតែ៣៧គីឡូម៉ែត្រ នឹងទៅដល់ផ្លូវបំបែកមួយនៅអមលាំង ស្រុកថ្ពង ដែលជាច្រកឆ្ពោះទៅទឹកធ្លាក់ជ្រាវ។ ចាប់ពីចំណុចផ្លូវបំបែកនេះ ទៅដល់ទឹកធ្លាក់ជ្រាវ មានចម្ងាយប្រហែល ២០គីឡូម៉ែត្រ។ ដូច្នេះ លោកអ្នកអាចទទួលទានអាហារ ក៏ដូចជា ងូតទឹកលេងកម្សាន្ត រហូតដល់ពេលល្ងាច សឹមវិលមកផ្ទះវិញ៕