ឱកាសល្អ ក្រសួងអញ្ជើញ​អាជីវកម្មពាក់ព័ន្ធនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចូលរួមពិព័រណ៍ឱ្យច្រើនកុះករ

  • 2023-03-22 03:53:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងកំណត់ការរៀបចំ «ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រចាំឆ្នាំលើកទី១» នៅថ្ងៃអាទិត្យ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ដោយរៀបចំប្រារព្ធធ្វើនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ស្របតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល។

តាមការគ្រោងទុក ទិវាវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងប្រព្រឹត្តិទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកនាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ក្នុងឱកាសនៃការរៀបចំទិវាជាតិដ៏មានសារៈសំខាននេះ ក្រសួងក៏នឹងរៀប «ពិព័រណ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អន្តរជាតិ-កម្ពុជា លើកទី១ ២០២៣» ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នៅទីតាំងខាងលើនេះផងដែរ។

ដើម្បីកុំឱ្យឱកាសដ៏មានអត្ថប្រយោជន៍ប្រកបដោយចក្ខុវិស័យដ៏យូរអង្វែងរបស់កម្ពុជា ក្រសួងមានសេចក្ដីរីករាយសូមអញ្ជើញបណ្ដាក្រុមហ៊ុន សហគ្រាស អាជីវកម្ម ផលិតកម្មដែលពាក់ព័ន្ធនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចូលរួមគាំទ្រ និងដាក់តាំងបង្ហាញនូវផលិតផល និងសេវាកម្មរបស់ខ្លួនឱ្យបានច្រើនកុះករ។

ពិព័រណ៍នេះជាឱកាសដ៏មានគុណតម្លៃសម្រាប់ពាណិជ្ជកម្ម ការវិនិយោគ ការផ្លាស់ប្ដូរគំនិត ការបង្កើតគំនិតថ្មី ការសិក្សាស្រាវជ្រាវ ការចូលរួមសហការគ្នាផ្សេងៗ។ សាធារណជនត្រូវបានស្វាគមន៍នៅទី២៧ និង២៨ ខែមីនា។

ការប្រាព្ធនូវទិវាជាតិវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មានសារៈសំខាន់ណាស់ ក្នុងការចូលរួមចំណែកទាក់ទាញវិនិយោគិន ធុរជន និងបុគ្គលមានគំនិតបង្កើតថ្មី និងនវានុវត្តន៍ថ្មីៗ ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាពិសេសគឺចូលរួមចំណែកបង្កើនកំណើនសេដ្ឋកិច្ចជាតិ និងក្នុងគោលដៅសម្រេចឲ្យបាននូវចក្ខុវិស័យដែលកម្ពុជានឹងប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងអគ្គនាយកដ្ឋានកិច្ចការទូទៅ តាមរយៈលេខទូរស័ព្ទ ០១៧ ៥៥៥ ៧៩៩, ០១២ ៩៦ ២២ ៩៦ និង ០៩៨ ៨២៣ ៣៣៣។

អត្ថបទថ្មី