ណាត់គ្នាទៅ ទិវាមួយម៉ោងសម្រាប់ភពផែនដី មានទាំងការប្រគំតន្ត្រី ពិព័រណ៍បរិស្ថាន និងកម្មវិធីកម្សាន្ត

  • 2023-03-25 05:35:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងឆ្នាំនេះ ទិវាមួយម៉ោងសម្រាប់ភពផែនដី (Earth Hour Cambodia 2023) ត្រឡប់មកវិញនៅថ្ងៃសៅរ៍ ទៅ២៥ ខែមីនា ជាមួយនឹងកម្មវិធីពិសេសជាច្រើនដូចជា ការតាំងពិព័រណ៍សមិទ្ធផលបរិស្ថាន វេទិកាពិភាក្សា ការសម្តែងសិល្បៈ ការប្រគំតន្ត្រី ពិធីបិទភ្លើងមួយម៉ោងជានិមិត្តរូប និងកម្មវិធីកម្សាន្តជាច្រើនទៀត។

កម្មវិធីនេះប្រព្រឹត្តទៅនៅ Factory Phnom Penh ដោយស្វាគមន៍សាធារណជនសូមចូលរួមរីករាយកម្សាន្តដោយសេរី និងបំផុសស្មារតីឈានទៅមុខរួមគ្នា ស្តារផែនដីស្រស់បំព្រងឡើងវិញ (Step Up, Build Back Better)។

ទិវាមួយម៉ោងសម្រាប់ភពផែនដីមិនមែនត្រឹមតែជាមួយម៉ោងសម្រាប់ផែនដីប៉ុណ្ណោះទេ វាជាចលនាសម្រាប់អនាគតរបស់យើងទាំងអស់គ្នា។ យុទ្ធនាការសកលមួយនេះដើរតួជាវេទិកាសាធារណៈសម្រាប់ឲ្យមនុស្សរួមគ្នាបង្កើត ឲ្យមានសកម្មភាពវិជ្ជមានសម្រាប់និរន្តរភាពបរិស្ថាន និងធម្មជាតិ។

ទិវាមួយម៉ោងសម្រាប់ភពផែនដីចាប់ផ្តើមដំបូងបំផុតនៅទីក្រុងស៊ីដនីក្នុងឆ្នាំ ២០០។ យុទ្ធនាការនេះបានលូតលាស់ ហើយក្លាយជាចលនាបរិស្ថានសកលដ៏ធំបំផុតនៅលើពិភពលោកដែលជម្រុញនិង ផ្តល់កម្លាំងចិត្តដល់បុគ្គល សហគមន៍ សហគ្រិន អាជីវកម្ម និងអង្គការនានានៅក្នុងប្រទេសជាង ១៩០ប្រទេស ដើម្បីចូលរួមលើកកម្ពស់ការយល់ ក៏ដូចជាធ្វើសកម្មភាព រួមគ្នាទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងការបាត់បង់ធម្មជាតិ។

ប្រទេសកម្ពុជាក៏បានចូលរួមក្នុងយុទ្ធនាការសកលនេះអស់រយៈពេលជាងមួយទសវត្សរ៍ដែរ។ទិវាមួយម៉ោងសម្រាប់ភពផែនដី នៅកម្ពុជាចាប់តាំងពីឆ្នាំ ២០១០ ទិវាមួយម៉ោងសម្រាប់ភពផែនដីបានក្លាយទៅជាយុទ្ធនាការបរិស្ថានដ៏ពេញនិយមប្រចាំឆ្នាំមួយដែលជម្រុញឲ្យមានសកម្មភាពវិជ្ជមានដល់ទស្សនិកជននៅទូទាំងប្រទេស ជាពិសេសយុវជន។ យុទ្ធនាការនេះត្រូវបានរៀបចំឡើងដោយក្រសួងបរិស្ថាន អង្គការ WWF ក្រុមយុវជនដោយមានការគាំទ្រពីដៃគូពាក់ព័ន្ធ រួមទាំងវិស័យឯកជនផងដែរ។

ទិវាមួយម៉ោងសម្រាប់ភពផែនដី ២០២៣ ត្រូវបានបង្កើតឡើងដោយផ្អែកលើសារៈសំខាន់នៃការជម្រុញសកម្មភាពវិជ្ជមានដែលយើងអាចធ្វើបានរួមគ្នាដើម្បីការពារភពផែនដីដែលជាផ្ទះរបស់យើងទាំងអស់គ្នា។ ក្នុងរយៈពេលជាងមួយទសវត្សរ៍នេះ សារ និងខ្លឹមសារអំពីបរិស្ថាននៃទិវាមួយម៉ោងសម្រាប់ភពផែនដីកម្ពុជា បានទៅលឺដល់មនុស្សជាង ៦ លាននាក់តាមប្រព័ន្ធឌីជីថល និងអ្នកចូលរួមផ្ទាល់ជាង ៥ពាន់នាក់ ក្នុងកម្មវិធីដែលរៀបចំនៅទីសាធារណៈ។

អ្នករៀបចំកម្មវិធីពិតជាមានសេចក្តីសោមនស្សរីករាយចំពោះសកម្មភាពវិជ្ជមានរបស់មនុស្សគ្រប់គ្នាដែលបានបង្ហាញពីឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ពួកគេសម្រាប់បរិស្ថាន និងធនធានធម្មជាតិ ដើម្បីរួមចំណែកកសាងសង្គមជាតិប្រកបដោយចីរភាព។

ដោយក្ដីជឿជាក់ថាការធ្វើសកម្មភាពរួមគ្នាគឺចាំបាច់ដើម្បីការពារ និងស្តារភពផែនដីយើងអោយស្រស់បំព្រងឡើងវិញ ស្ថាប័នរៀបចំកម្មវិធីទទូចថា ដល់ពេលហើយដែលយើងត្រូវបង្កើនកិច្ចខិតខំរួមគ្នា សម្រាប់ភពផែនដីដែលជាជម្រកដ៏សុខដុមរួមរបស់យើងទាំងអស់គ្នា។

ទិវាមួយម៉ោងសម្រាប់ភពផែនដីនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី២៥ ខែមីនានេះ ចាប់ពីម៉ោង ៨ព្រឹក នៅ Factory Phnom Penh។ សូមចូលរួមជាមួយសកម្មភាពរបស់កម្មវិធីដោយសេរី នៅទីតាំងនេះ ព័ត៌មានបន្ថែមទាក់ទងនឹងកម្មវិធី៖ Earth Hour Cambodia

អត្ថបទពេញនិយម