ដឹងអត់! ស្ពាន​២នៅកម្ពុជា ត្រូវបានបំពាក់​សាកល្បង​ឧបករណ៍​វាស់លំញ័រស្ពាន

  • 2023-03-28 06:32:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ពាន​ចំនួនពីរនៅកម្ពុជា គឺ​ស្ពានព្រែកតាមាក់ និងស្ពានត្សឹបាសា (ស្ពានអ្នកលឿង) ត្រូវបាន​បំពាក់​សាកល្បង​ឧបករណ៍វាស់លំញ័រស្ពាន​របស់​ក្រុមហ៊ុន ArrowDot ដើម្បី​ដឹងពីអាយុកាលរបស់ស្ពាន និង​ពេលវេលានៃ​ការថែទាំ។

លោក ផូ ស័ក្កសូរភក្ត្រា មកពីក្រុមហ៊ុន ArrowDot បាន​ប្រាប់​ Sabay ក្នុងពិព័រណ៍​វិទ្យាសាស្រ្ត បច្ចេកវិទ្យា​ និងនវានុវត្តន៍ កម្ពុជា-អន្តរជាតិ នៅកោះពេជ្រ​ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ​២០២៣ថា ឧបករណ៍​វាស់​លំញ័រស្ពាន (Bridge Vibrate Detection Device) នេះ គឺ​ប្រើប្រាស់​សេនស័រសម្រាប់​ចាប់ជាប់បេតុងស្ពានក្នុងការ​កត់ត្រានូវលំញ័ររបស់​ស្ពាន ដើម្បីយក​ទិន្នន័យ​នេះ ទៅសិក្សាវិភាគមើល​ពីអាយុកាលរបស់ស្ពាន និងពេលវេលា​ដែល​ត្រូវថែទាំ។

លោក​បន្តថា ឧបករណ៍​វាស់លំញ័រស្ពាននេះ ទើបតែត្រូវបាន​ចាប់ផ្តើមសិក្សា ហើយត្រូវបានដំឡើង​នៅស្ពាន​ចំនួនពីរ គឺស្ពាន​ព្រែកតាមាក់ និងស្ពានត្សឹបាសា ដែល​ជាការដាក់សាកល្បង ដើម្បីធ្វើការសិក្សាស្រាវជ្រាវ ក្រោម​កិច្ច​សហការ​ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន។

ជាមួយគ្នានេះ ប្រសិន​បើការធ្វើតេស្តលើស្ពានទាំងពីរនេះ​​ជោគជ័យ គឺក្រុមហ៊ុន​នឹងពង្រាយ​ការដំឡើង​ឧបករណ៍វាស់លំញ័រនេះ នៅបណ្តាស្ពានទាំងអស់​ទូទាំងប្រទេស។ នេះ​ជាការអះអាងបញ្ជាក់របស់​លោក ផូ ស័ក្កសូរភក្ត្រា។

សូមជម្រាប​ថា ក្នុងការតាំងពិព័រណ៍​នេះដែរ ក្រុមហ៊ុន ArrowDot ក៏បាន​ដាក់បង្ហាញ​ឧបករណ៍​ជូនដំណឹង​គ្រោះទឹកជំនន់ (Flood Warning System) សម្រាប់វាស់​នីវូទឹកទន្លេ និងតាមទឹកស្ទឹង នៅតំបន់​ដែលមាន​មនុស្សរស់នៅច្រើន ដើម្បី​ផ្តល់​សញ្ញាអាសន្ន​ពេល​មានទឹកជំនន់ខ្លាំង និង​ឧបករណ៍វាស់​​ជម្រៅទឹក​ក្រោមដី ដែល​ដាក់​សេនស័រ​ក្នុងអណ្តូងទឹក ដើម្បីអាចដឹងថា នៅតំបន់​នីមួយៗ ​មាន​ទឹកក្រោមដីកម្រិតណា។ ជាមួយគ្នានេះ ក្រុមហ៊ុន​ក៏ដាក់បង្ហាញ​រ៉ូបូត​សម្រាប់​ត្រួតពិនិត្យ​គុណភាព​ខ្សែកាប​របស់ស្ពានផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី