ខ្ញុង ទទួលបានឱកាសថ្មី លើវិថីមិនធ្លាប់ដើរ រំភើបឡើងស្រក់ទឹកភ្នែក
- 2023-04-04 03:05:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្ញុង ទទួលបានឱកាសថ្មី លើវិថីមិនធ្លាប់ដើរ រំភើបឡើងស្រក់ទឹកភ្នែក
ចន្លោះមិនឃើញ
មុនកាន់ប៊ិក ស៊ីញ៉េកុងត្រាការងារជាមួយក្រុមហ៊ុន LY & LING ក្នុងនាមជាទូតសុច្ឆន្ទៈក្នុងតម្លៃខ្លួនដ៏ខ្ពស់មួយ ខ្ញុង បានស្រក់ទឹកភ្នែកស្ទើជ្រះMascara ដែលខ្លួនបានលៀបយ៉ាងក្រាស់មុនពេលកម្មវិធីចាប់ផ្ដើម។
ទឹកភ្នែកបង្ហាញពីក្ដីសង្ឃឹមថ្មី កើតចេញពីការរំជួលចិត្ដ ដោយចាប់បានឱកាសការងារមិនធ្លាប់ធ្វើ ដើម្បីបន្ថែមចំណូលលើអាជីពសម្ដែង ស្រេង សុកាន់ដា ហៅខ្ញុង និយាយថា នាងមិនទាន់មានជំនឿលើខ្លួនឯងថាអាចធ្វើបាន ១០០% នោះទេ ទើបក្នុងត្រាលើកទី១ ក្នុងឆាកជីវិត នាងមិនទាន់ចុះដល់ ១ឆ្នាំពេញ គឺទទួលតែកន្លះឆ្នាំសិន។ ខ្ញុង៖ “តម្លៃខ្លួនម៉ាសមល្មម ខ្ញុំគុណគូទៅមិនយកលើសពីសមត្ថភាពទេ ហើយលុយកុងត្រាហ្នឹង ខ្ញុំទទួលតែ៥០% សិន ដើម្បីបែងចែកទៅលើសម្លៀកបំពាក់ ការថត ហើយមិនទាន់អាចយកវាទៅដោះបំណុលណាបាននៅឡើយទេ ត្រូវចាំមើល ៥០% ក្រោយទៀតសិន”។
បើទោះបីជាមិនទាន់អាចដោះបំណុលគេបានជាដុំកំភួន តាមរយៈចំណូលនេះ ប៉ុន្ដែអ្នកនាងថា វាជាឱកាសអាចជួយមួយផ្នែកក្នុងការដោះបំណុល។ ខ្ញុងថា គិតត្រឹមខែ មេសា ឆ្នាំ២០២៣ នេះ បំណុលរាយរង នៅសល់មិនដល់១០ម៉ឺនទៀតទេ ប៉ុន្ដែនៅបំណុលទាំងដុលដែលដែលអ្នកនាងមិនអាចបញ្ចេញតួលេខបាន ក៏អាចឈានទៅរកដោះបានទាំងស្រុង ឲ្យតែម្ចាស់បំណុលទុកឲ្យឱកាសឲ្យ ជាពិសេសក្រុមហ៊ុន និងម្ចាស់ផលិតផលនានាដែលបានផ្ដល់ឱកាស។
ជាក់ស្ដែងអគ្គនាយិកា ហេង សុគន្ធ នៃក្រុមហ៊ុន Ly &Ling បានផ្ដល់ឱកាសការងារឲ្យនាង បើទៅបីជាអ្នកស្រីដឹងថា នាងកំពុងមានបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ ហើយធ្លាប់ប៉ះទង្គិចកេរ្ដិ៍ឈ្មោះ ប៉ុន្ដែអ្នកស្រីនៅតែឲ្យតម្លៃ។ ខ្ញុង ទម្លាយថាមូលហេតុដែលធ្វើឲ្យនាង ស្រក់ទឹកភ្នែកនៅចំពោះមុខមិត្ដសិល្បៈ និងមហាជន ក៏ដោយសារតែនាងរំភើបចិត្ដពេក ព្រោះនឹកឃើញថានៅមានមនុស្សល្អៗនៅឲ្យតម្លៃ។
សូមរំលឹកថា ក្រុមហ៊ុន LY & LING ដែលនាំចូល និងចែកចាយផលិតផលសម្រកគីឡូម៉ាក ZELLS ពីប្រទេសបារាំង បានរៀបចំពិធីស្វាគមន៍ និងបង្ហាញមុខBA ចំនួន ៣រូប ដែលសុទ្ធតែជាតារាកំប្លែងកាលពីល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣។ ក្នុងនោះមានអ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង លោក បាន សំណាង ហៅពូណុយ និងតារាសម្ដែង ធុងប៉េត្រូ៕