មាន សូនីតា រវល់យ៉ាងណាក៏មិនរំលង បុណ្យភូមិ ឆ្លៀតផ្ដាំក្ដែងៗទៅហ្វេនថា ចូលលេងអត់យកលុយទេ
- 2023-04-08 12:35:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មាន សូនីតា រវល់យ៉ាងណាក៏មិនរំលង បុណ្យភូមិ ឆ្លៀតផ្ដាំក្ដែងៗទៅហ្វេនថា ចូលលេងអត់យកលុយទេ
ចន្លោះមិនឃើញ
ក្រោយពីបង្ហោះរូបភាពហោះហើរឯនាយសមុទ្រលើទឹកដីសហរដ្ឋអាមេរិកលើបណ្ដាញសង្គម តារាសម្ដែង និងម៉ូដែលល្បីល្បាញ កញ្ញា មាន សូនីតា ស្រាប់តែបង្ហាញខ្លួននៅកម្មវិធីបុណ្យភូមិ «សប្តាហ៍សិល្បៈបុរាណ» នៅ វត្តភ្នៀតសិម្ពលី ចម្ងាយប្រមាណ ២៨គីឡូម៉ែត្រ ដោយចំណាយពេលធ្វើដំណើរប្រមាណ ៥០នាទីពីចំណុចកណ្ដាលរាជធានីភ្នំពេញ។
ជាអ្នកមកលេងបុណ្យភូមិផង និងមានស្ដង់លក់ផលិតផលផ្ទះស្រឡាញ់ផងនោះ រាជនីក្រមា មាន សូនីតា ក៏បានបញ្ជាក់ប្រាប់ប្រិយមិត្តផងដែរថា កុំឱ្យមានការយល់ច្រឡំ អ្នកមកលេងបុណ្យភូមិនៅវត្តភ្នៀតសិម្ពលី មិនមានការយកលុយនោះទេ ចូលរួមរីករាយសប្បាយទាំងអស់គ្នា ព្រោះនេះជាឆ្នាំទី ១០នៃការប្រារព្ធធ្វើបុណ្យភូមិ។
ដោយបង្ហាញតាំងពីច្រកចូលអារាម មានគោមផ្កាយយក្ស តំណាងឱ្យបុណ្យភូមិផ្ទាល់តែម្ដង កញ្ញា មាន សូនីតា ដែលជាអាជីវករយកផលិតផលមកតាំងលក់ក្នុងកម្មវិធីបុណ្យភូមិជាច្រើនឆ្នាំ បានរៀបរាប់ថា «សប្តាហ៍សិល្បៈបុរាណ» បុណ្យភូមិនៅ វត្តភ្នៀតសិម្ពលី មានអាហារជាច្រើនប្រកបដោយអនាម័យ មានការលេងបាញ់ធ្នូដែលមានប្រវត្តិតាំងពីបរមបុរាណ។
កញ្ញាបានកោតសរសើរដែរថា ឱ្យតែមានមកលេងបុណ្យភូមិ តែងតែមានអ្វីប្លែកៗជានិច្ច ដូចជាការបាញ់ស្នា គប់លំពែងហើយម៉្យាងសោភ័ណភាពនៅវត្តភ្នៀត សិម្ពលី ត្រូវបានតុបតែងស្អាតមែនទែន គួបផ្សំនឹងទេសភាពព្រះអាទិត្យអស្ដង្គតគួរជាទីគយគន់។
ផ្ទះស្រឡាញ់ បាននាំយកផលិតផលក្រមា វត្ថុអនុស្សាវរីយ៍ និងគ្រឿងតុបតែងជាច្រើនទៀត ដោយមានការបញ្ចុះតម្លៃ ជាច្រើន ហើយផលិតផលខ្លះមិនមានលក់នៅហាងទេ។
កម្មវិធីបុណ្យភូមិ «សប្តាហ៍សិល្បៈបុរាណ» បើកឲ្យមហាជនចូលរួមដោយសេរី នៅថ្ងៃទី ០៧-០៨-០៩ ខែមេសា ឆ្នាំ២០២៣ នៅ វត្តភ្នៀតសិម្ពលី ក្នុងសង្កាត់ស្នោរ ដែលមានចម្ងាយប្រមាណ ២៨គីឡូម៉ែត្រ ដោយចំណាយពេលធ្វើដំណើរប្រមាណ ៥០នាទីពីចំណុចកណ្ដាលរាជធានីភ្នំពេញ។