តើ​ប្រពៃណីព្យួរគោម ពេលចូលឆ្នាំខ្មែរ មានរឿងរ៉ាវបែបណាខ្លះ?

  • 2023-04-12 03:05:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វាមិនមានអ្វីចម្លែកទេប្រសិនបើអ្នកឃើញគោមផ្កាយចម្រុះពណ៌តូចធំដែលគេចងដាក់តាំងលម្អនៅ តាមគេហដ្ឋាន ឬ តាមដងវិថី ឬ ក្នុងកម្មវិធីកម្សាន្តសប្បាយនៅតាមសាលារៀន និង ស្ថាប័នការងារនានា ក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ព្រោះវាបានក្លាយជាទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរតាំងពីយូរយារណាស់មកហើយ។ ប្រជាជនខ្មែរមួយចំនួនធំប្រហែលជាដឹងត្រឹមថាគេចងព្យួរគោមផ្កាយសម្រាប់បង្កើន សោភ័ណភាពផ្ទះសម្បែង ឬ ទីតាំងប្រារព្ធកម្មវិធីឲ្យស្រស់ស្អាតតាមការនិយមតៗគ្នាតែប៉ុណ្ណោះប៉ុន្តែពួកគេ ទំនងជាពុំទាន់ដឹងអំពីមូលហេតុចម្បងនៃការប្រើប្រាស់គ្រឿងតុបតែងលម្អប្រភេទនេះឡើយ។

បងប្អូនប្រជាជនខ្មែរយើងតែងនិយម ព្យួរគោមផ្កាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលមានអត្ថន័យនាំសិរីមង្គលដ៏ល្អក្នុងឆ្នាំថ្មី។ ដោយគេតែងតាំងគោមដែលមានរចនាបថ និងពណ៌ប្លែកៗ ទៅតាមចំណង់ចំណូលចិត្តរៀងខ្លួន ជួនកាលគេប្រើគោមទោលមួយ ដែលមានទំហំធំជាងគេ ព្យួរនៅមុខក្លោងទ្វារផ្ទះ ឬ នៅចំកណ្តាលដីធ្លាភូមិ សម្រាប់ទុកជាតំណាងបណ្តូលនៃការជួបជុំ ប្រារព្ធបុណ្យចូលឆ្នាំ។ មានជំនឿអរូបីបែបបុរាណនិយមយល់ថា មនុស្សលើលោក សុទ្ធតែទទួលឥទ្ធិពល ពីផ្កាយនពគ្រោះ មានភពផែនអាទិត្យ ច័ន្ទ អង្គារ ពុធ ព្រហស្បតិ៍ សុក្រនិងសៅរ៍ ជាដើម ហើយមាន ការចែកវេនគ្នា បំភ្លឺពេលថ្ងៃនិងយប់។ នៅពេលណា មនុស្សលោកបាត់បង់ពន្លឺពីភពផែនទាំងនេះ គេរស់នៅពុំមានសិរីមង្គលឡើយ។

ខាងក្រោមនេះជាចំណុចទាំង ៤អំពីការព្យួរគោម៖

ទី១. ចូលឆ្នាំខ្មែរ ប្រារព្ធឡើងនៅរដូវក្ដៅដែលធ្វើឲ្យមនុស្សម្នាពិបាកដើរលេងពេលថ្ងៃ បែបនេះហើយទើបគេបង្កើតប្រពៃណីព្យួរគោមបំភ្លឺ សម្រាប់ឲ្យមនុស្សបាន មើលផ្លូវច្បាស់ និងធ្វើបុណ្យពេលយប់ដោយភាពរីករាយ។

ទី២. ជាការលម្អផ្ទះសម្បែង ឲ្យមានភាពភ្លឺចញ្ចែង ស្រស់ស្អាតប្រកបដោយសោភ័ណភាព។

ទី៣. ចាត់ទុកជាសក្ខីភាពនៃពរជ័យអំពីទេវតា មកដល់ផែនដី ឲ្យមនុស្សផងទាំងពួង ប្រកបដោយរាសី ជោគជតាល្អគ្រប់ៗគ្នា។

ទី៤. ដើម្បីបំភ្លឺដាស់ហៅ ព្រលឹងដូនតា ឲ្យលោកមកចូលរួមបុណ្យចូលឆ្នាំ ជាមួយកូនចៅ និងឲ្យពរកូនចៅឲ្យមានសុខសុភមង្គល ចៀសឆ្ងាយភាពក្រីក្រ ខ្វះខាត ឲ្យមានតែភាពរុងរឿង សុខសប្បាយតទៅ។

បើតាមអត្ថន័យទូទៅដែលចងក្រងដោយ អ្នកស្រី កែវ ច័ន្ទបូរណ៍ បានឱ្យដឹងបន្ថែមថា ខ្មែរជាជនជាតិដែលមានជំនឿលើពន្លឺដែលស្តែងឡើង តាមរយៈការសង់ផ្ទះបែរមុខទៅទិសខាងកើតឆ្ពោះទៅរកព្រះអាទិត្យ ការបើកទ្វារបើកបង្អួចធំៗឲ្យស្រឡះ ឲ្យផ្ទះភ្លឺ ការប្រើពាក្យតួយ៉ាង «ភ្ញៀវពន្លឺ» «ពន្លឺចំណេះវិជ្ជា» ជាដើម។ ពន្លឺជានិមិត្តរូបនៃសិរីសួស្តី និង ភាពរីក ចម្រើន ដែលមនុស្សគ្រប់រូបរមែងតែងតែប្រាថ្នាចង់បាន។ ដូចនេះ ការតុបតែងលម្អផ្ទះសម្បែង និងភូមិដ្ឋាន ដោយប្រើចង្កៀងគោមដែលមានពន្លឺជារឿងដែលមានហេតុផលសមស្របជាទីបំផុត។ ម្យ៉ាងវិញទៀត កាល ពីសម័យដើម ស្រុកទេសយើងពុំទាន់ជឿនលឿនពុំទាន់មានភ្លើងអគ្គិសនីប្រើ ពុំទាន់មានភ្លើងពិលនិងអំពូល ផ្សេងៗនៅឡើយ ដូចនេះ នៅពេលទៅលេងកម្មវិធីបុណ្យទាននៅក្នុងភូមិឬតាមវត្តអារាមនៅពេលយប់ងងឹត ប្រជាជនចាំបាច់ត្រូវការពន្លឺភ្លើងចង្កៀងគោមដើម្បីងាយស្រួលជួបជុំគ្នារាំលេងកម្សាន្តនិងធ្វើកម្មវិធីផ្សេងៗ៕

ប្រភព៖ អ្នកស្រី កែវ ច័ន្ទបូរណ៍

អត្ថបទថ្មី