១៤មេសា​នេះ ជាថ្ងៃទីមួយ​នៃពិធី​បុណ្យ​ចូលឆ្នាំខ្មែរ ឬ​ជាថ្ងៃមហាសង្ក្រាន្ត

  • 2023-04-14 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣នេះ គឺ​ជាថ្ងៃទីមួយ​នៃពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ ឬ​ហៅថា ជាថ្ងៃមហាសង្ក្រាន្ត ​ដែល​ប្រជាជនខ្មែរ បាន​រៀបចំ​កន្លែង​ទទួល​ទេវតា​ឆ្នាំ​ថ្មី ដែល​​មាន​គ្រឿង​រណ្ដាប់​ផ្សេង​ៗ និង​មាន​តុបតែង​លម្អ​ដោយ​ភ្លើង​ចម្រុះ​ពណ៌​​តាម​ផ្ទះ​របស់​ពួក​គេ​ ។ ​

គ្រឿង​រណ្ដាប់ មានដូច​ជា ៖ ទឹក​ផ្ដិល​អប់​ដោយ​ផ្កា, ទៀន ៥, ​ ធូប ៥, ផ្កា​ភ្ញី, ភេសជ្ជៈ, និង នំចំណី, ផ្លែឈើជាច្រើន ។ល ។ បន្ទាប់មក ពួក​គេ​នឹង​ធ្វើ​ការ​សែន​ព្រេន ដោយ​មាន​អុជ​ធូប និង ទៀន តាម​​គេហដ្ឋាន​​របស់​ខ្លួន ។ នៅ​ពេល​ដល់​​កំណត់​ថា​​ទេវតា​ឆ្នាំ​ថ្មី យាង​ចុះ​មក​ប្រសិទ្ធិ​ពរជ័យ សិរី​សួស្ដី ដើម្បី​ឲ្យ​ពួក​គេ​ទទួល​បាន​សេចក្ដី​សុខ​ពេញ​មួយ​ឆ្នាំ។

ចូលឆ្នាំខ្មែរឆ្នាំនេះ គឺ​ជា​មហាសង្ក្រាន្តឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ចុល្លសករាជ១៣៨៥ ចូលមកនៅក្នុងថ្ងៃសុក្រ ៩រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៦:០០នាទីរសៀល។ ពេលនោះព្រះអាទិត្យចរចេញពីមីនរាសីទៅស្ថិតនៅមេសរាសី តាមគោវិថីគឺផ្លូវកណ្តាល ទើបមានទេវធីតាមួយព្រះអង្គ ជាមគ្គនាយិកាព្រះនាម កិមិរាទេវី គង់ឯចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌សេត ឬពណ៌ស ។ ព្រះកាណ៌ទ្រង់សៀតផ្កាចង្កុលណី មានន័យថាជាអម្បូរផ្កាឈូក-លំចង់ ជាដើម ។ អាភរណៈទ្រង់បុស្សរាគ័ម (ត្បូងពណ៌លឿង) ព្រះហស្ថស្តាំទ្រង់ព្រះខ័ន(ដាវមុខ២) ព្រះហស្ថឆ្វេងទ្រង់ពិណ(ចាប៉ី) ភក្សាហារចេកទឹក (ឬ ចេកណាំវ៉ា) គង់ពាក់ឆៀងលើខ្នងមហិង្ស(ឬសត្វក្របី) ជាពាហនៈ។

ថ្ងៃមហាសង្រ្កាន្ត ជាពាក្យកម្ចីពីឥណ្ឌា (សំស្ក្រឹត) ដែលប្រែថា ដំណើរចាកចេញរបស់ព្រះអាទិត្យពីមេនរាសី មកគោចរណ៍ តាមទិសខ្សែកោងតែមួយក្នុងរយៈពេល ១២ខែ ហើយជាពេលវេលាដែលទេវតា ទាំង៧ ដែលតំណាងឲ្យ ក្រុមផ្កាយ នព្វគ្រោះ នៃភពទាំង៧ក្នុងប្រព័ន្ធព្រះអាទិត្យយាងមកដល់ផែនដី ក៏ដូចជាការតំណាងឲ្យថ្ងៃនៃសប្ដាហ៍ផងដែរ៕

អត្ថបទថ្មី