តើក្រសួង​អប់រំកំណត់​ពិន្ទុ និងនិទ្ទេស​ប្រឡងបាក់ឌុបដូចម្តេចខ្លះ?

  • 2023-04-25 03:27:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​អប់រំ យុវជន​ និងកីឡា បាន​បង្ហាញ​ឱ្យដឹងថា រយៈពេល​នៃការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ គឺ២ថ្ងៃ ស្មើនឹង ៦៣០នាទី មានរបបពិន្ទុ​ប្រឡង​អតិបរមា ៥០០ពិន្ទុ ប៉ុន្តែ​ដោយ​មុខវិជ្ជា​ភាសាបរទេស​ជាវិញ្ញាសាតាមស្ម័គ្រ ដូច្នេះ​ពិន្ទុប្រឡង​ជាប់គឺ ៥០០ ដក ២៥ រួចចែក​នឹង ២ ស្មើនឹង ២៣៧,៥ពិន្ទុ យកត្រឹម​ ២៣៧ពិន្ទុ។

ចំពោះ​បេក្ខជន​អវត្តមាន​ចាប់ពីមួយវិញ្ញាសា​ឡើងទៅ​ត្រូវកំណត់​ឱ្យ​ធ្លាក់​ជាស្វ័យ​ប្រវត្តិ និង​ត្រូវ​ចុះអក្សរ "A" នៅក្នុងសន្លឹក​សម្រង់​ពិន្ទុ MCS។

ចំពោះ​បេក្ខជន​ដែល​មិនបាន​ប្រគល់​សន្លឹកកិច្ចការ​នៃវិញ្ញាសាណាមួយ​ដល់គណៈមេប្រយោគ ត្រូវ​ចាត់ទុកបេក្ខជន​នោះ អវត្តមាន​ចំពោះ​វិញ្ញាសានោះ ហើយត្រូវអនុវត្ត​ដូចករណីបេក្ខជន​អវត្តមាន​ដូចបាន​រៀបរាប់​ខាងលើ។

ចំពោះ​បេក្ខជន​ដែលមកប្រឡងគ្រប់វិញ្ញាសាទាំងអស់ លើកលែង​តែ​វិញ្ញាសា​ភាសាបរទេស​ដែលជាវិញ្ញាសាតាម​ស្ម័គ្រចិត្ត ហើយ​ត្រូវ​បូកពិន្ទុ​ជាធម្មតា ទោះបី​មាន​វិញ្ញាសាណាមួយ ឬច្រើន បានពិន្ទុ​សូន្យ​ក៏ដោយ។

និទ្ទេស​មាន ៥កម្រិត គឺ​និទ្ទេស A, B, C, D និង E។ ការកំណត់​និទ្ទេស​មានដូចខាងក្រោម៖

A: ល្អប្រសើរ = ពិន្ទុសរុប x ០.៩

B: ល្អណាស់ = ពិន្ទុសរុប x ០.៨

C: ល្អ = ពិន្ទុសរុប x ០.៧

D: ល្អបង្គួរ = ពិន្ទុសរុប x ០.៦

E: មធ្យម = ពិន្ទុសរុប x ០.៥

ក្នុងករណី​ចាំបាច់​អាចធ្វើសម្រង់ឱ្យ​ជាប់បន្ថែម​ក្រោយពីមាន​ការយល់ព្រម​ពីរដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និងកីឡា​តាមភាព​ជាក់ស្តែង។

សូមជម្រាប​ថា សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ​ គឺត្រូវបាន​កំណត់​យក​ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ​២០២៣៕

អត្ថបទ៖ ដកស្រង់​ចេញពី​សេចក្តី​ណែនាំ​ស្តីពី​ការ​អនុវត្ត​ប្រកាស​លេខ ១៥៥ អយក.ប្រក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ​២០១៩ ស្តីពីការ​រៀបចំ​ និងការប្រព្រឹត្តទៅ​នៃការប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សាទុតិយភូមិសម្រាប់​ឆ្នាំសិក្សា​ ២០២២-២០២៣ ដែល​ចុះហត្ថលេខាដោយ​ឯកឧត្តម ហង់ជូន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ​២០២៣

អត្ថបទ៖ សំភី

អត្ថបទពេញនិយម
អត្ថបទថ្មី