ការលួចរូបចម្លាក់ចេញពីប្រាសាទបន្ទាយស្រី របស់ជនជាតិបារាំង ក្នុងឆ្នាំ១៩២៣

  • 2023-04-27 08:32:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងឆ្នាំ១៩២៣ លោក ម៉ាល់រ៉ូ ដែលក្រោយមកជារដ្ឋមន្ត្រីក្រសួងវប្បធម៌បារាំង បានប្រព្រឹត្តអំពើទុច្ចរិត ដោយរៀបគម្រោងជាមួយភរិយាឈ្មោះក្លារ៉ា និងមិត្តម្នាក់ទៀតឈ្មោះ ល្វីស៍ ស្ហិវាស្យុង ដើម្បីលក់ផ្ទាំងចម្លាក់ប្រាសាទបន្ទាយស្រី និងដឹកជញ្ជូនតាមទូកកាត់បឹងទន្លេសាប ប៉ុន្តែគម្រោងនេះត្រូវអាជ្ញាធរតាមចាប់បានមកវិញ ដោយមានសំណើរបស់លោក ហ៊្សក ហ្គ្រោស៍លីយេរ៍ បានរាយការណ៍ពាក់ព័ន្ធនឹងករណីលួចវត្ថុបុរាណនោះ។ វត្ថុបុរាណទាំងនោះមានចំនួន៥ដុំ និងបំណែកផ្សេងៗ ភាគច្រើនជាដងខ្លួនរូបទេពអប្សរលម្អត្រង់ជ្រុងកែងខាងត្បូងនៃតួប្រាសាទ និងក្បាច់ជញ្ជាំងចំនួន២រូប គឺរូបឥសីអង្គុយ និងរូបទ្វារបាល។

នៅឆ្នាំ១៩២៥ សារមន្ទីរជាតិកម្ពុជា បានស្នើសុំបំណែកទេពអប្សរចំនួន ៩ដុំទៀតមកបំពេញបន្ថែមទៅលើផ្ទាំងចម្លាក់ដែលមានស្រាប់នោះ។ លុះដល់ឆ្នាំ១៩៣០ នៅពេលលោក ហង់រី ម៉ារស្ហាល រៀបចំជួសជុលប្រាសាទបន្ទាយស្រីឡើងវិញតាមបច្ចេកទេសអាណាស្ទីឡូ (រើថ្មចេញដើម្បីពង្រឹងគ្រឹះ និងរៀបថ្មឡើងវិញ) ជាហេតុដែលក្រុមការងារបានដឹកយកផ្ទាំងចម្លាក់ពីសារមន្ទីរទៅទីតាំងដើមវិញបន្ទាប់ពីជួសជុលរួច។ ចំណែកលោក អង់ដ្រេ ម៉ាល់រ៉ូ ត្រូវបានចៅក្រមពិភាក្សា និងផ្តន្ទាទោសតាមច្បាប់ ៕

ប្រភព៖ សារមន្ទីរជាតិកម្ពុជា / National Museum of Cambodia

អត្ថបទដកស្រង់ដោយ៖ ស៊ូ អីន

អត្ថបទថ្មី