ឯកឧត្តម ហ៊ុន ម៉ាណែត លើក​ទឹក​ចិត្ត​វិស័យ​ឯកជន ធ្វើ​បរិវត្តកម្ម​ឌីជីថល​នៅ​ក្នុង​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន

  • 2023-05-12 07:43:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ផែន​ការ​នៃ​ក្របខណ្ឌគោលនយោបាយ សេដ្ឋកិច្ច​ និង​សង្គម​ឌីជីថល​កម្ពុជា​ឆ្នាំ ២០២១-២០៣៥ ការ​កសាង​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​រស់រវើក​ អាច​ធ្វើ​ទៅ​បាន គឺ​ចាំ​បាច់​ត្រូវ​រៀប​ចំ​មូលដ្ឋាន​គ្រឹះ​ជំរុញ​ការ​ទទួល​យក និង​បរិវត្តកម្មឌីជីថល​នៅ​ក្នុង​គ្រប់​តួ​អង្គ​សង្គម ទាំង​រដ្ឋ ទាំង​ពលរដ្ឋ និង​ធុរជន ក្នុង​ន័យ​នេះ ឯកឧត្តម ហ៊ុន ម៉ាណែត បាន​លើក​ទឹក​ចិត្ត​វិស័យ​ឯកជន​ទាំង​អស់ ទទួល​យក និង​ធ្វើ​បរិវត្ត​ឌីជីថល​នៅ​ក្នុង​ធុរកិច្ច​របស់​ខ្លួន ដើម្បី​ធានា​បាន​ការ​ប្រកួត​ប្រជែង​អាជីវកម្ម និង​ជួយ​រុញ​សម្ទុះ​កំណើន​សេដ្ឋកិច្ច និង​លើក​កម្ពស់​សុខុមាលភាព​សង្គម​ផង។

ឯកឧត្តម បាន​លើក​ឡើង​ដូច្នេះ ក្នុង​ឱកាស​ធ្វើ​ជា​អធិបតី​បើក​សម្ពោធ​ក្រុមហ៊ុន BYTE DC Solutions ដែល​ជា​ក្រុមហ៊ុន​មជ្ឈមណ្ឌល​រក្សា​ទិន្នន័យ​ដ៏​ធំ​​ក្រោម​ការ​វិនិយោគរវាង​ប្រទេស​កម្ពុជា និង​ប្រទេសសិង្ហបុរី នា​ពេល​ថ្មី​ៗ​នេះ​​។នាឱកាស​នោះ ឯកឧត្តម ហ៊ុន មា៉ណែត លើក​ឡើង​ថា ការកើនឡើងនៃការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ និងបច្ចេកវិទ្យាឌីជីថលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេស ក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, បច្ចេកវិទ្យាឌីជីថល បានបង្កើតនូវកាលានុវត្តភាពថ្មី ដូចជាការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការប្រើប្រាស់ប្រព័ន្ធទូទាត់អេឡិចត្រូនិក ដែលអនុញ្ញាតឱ្យប្រតិបត្តិការអាជីវកម្មជាច្រើន អាចបន្តដំណើរការបាន ទោះក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ។

ចំណែកឯក្រសួង-ស្ថាប័នសាធារណៈវិញក៏​ដូច​គ្នា​ដែរ គឺអាចបន្តកិច្ចការងាររបស់ខ្លួនបាន តាមរយៈប្រើប្រាស់បច្ចេកវិទ្យាប្រជុំពីចម្ងាយ ដូចជាប្រព័ន្ធ Zoom ជាដើម ដែលជាការកាត់បន្ថយយ៉ាងមានប្រសិទ្ធភាពនូវផលប៉ះពាល់បង្កឡើងដោយបញ្ហាជំងឺកូវីដ-១៩។

ឯកឧត្តម បន្ត​ថា នៅក្នុងដំណើរការនៃការអភិវឌ្ឍវិស័យឌីជីថល រាជរដ្ឋាភិបាលក៏បានកត់សម្គាល់ផងដែរអំពីតួនាទីយ៉ាងសំខាន់របស់វិស័យឯកជន។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានរៀបចំច្បាប់ ស្តីពីវិនិយោគថ្មី ដើម្បីផ្តល់ការលើកទឹកចិត្ត និងអាទិភាពដល់សកម្មភាពនានាក្នុងវិស័យឌីជីថល និងវិស័យផ្សេងទៀតដែលមានគោលបំណងធ្វើបច្ចុប្បន្នកម្មប្រតិបត្តិការរបស់ខ្លួន តាមរយៈការធ្វើបរិវត្តកម្មឌីជីថល និងការបូកបញ្ចូលនូវបច្ចេកវិទ្យាថ្មីៗទៅក្នុងប្រតិបត្តិការអាជីវកម្ម។

បន្តទៅមុខទៀត រាជរដ្ឋាភិបាលកម្ពុជា ក៏​បានសម្តែងនូវការប្តេជ្ញាចិត្តរួចមកហើយ ក្នុងការគាំទ្រដល់កិច្ចដំណើរការអភិវឌ្ឍវិស័យឌីជីថល និងការលើកទឹកចិត្តឱ្យរាល់សកម្មភាពសង្គម-សេដ្ឋកិច្ចទាំងអស់ ខិតខំប្រឹងប្រែងក្នុងការធ្វើបរិវត្តិកម្មឌីជីថល និងចាប់យកបច្ចេកវិទ្យាឌីជីថលទៅក្នុងប្រតិបត្តិការរបស់ខ្លួន ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងផលិតភាពការងារសម្រាប់ជាប្រយោជន៍របស់អង្គភាពផ្ទាល់ផង និងសង្គមជាតិផង។

ឯកឧត្តម បញ្ជាក់​ថា ជាមួយ​គ្នា រាជរដ្ឋាភិបាលនឹងខិតខំប្រឹងប្រែងកសាងបរិយាកាសធុរកិច្ចឱ្យកាន់តែមានភាពអំណោយផលថែម​ទៀត សម្រាប់វិស័យឌីជីថលទាំងមូល និងវិស័យផ្សេងទៀតក្នុងការធ្វើឌីជីថលូបនីយកម្ម និងបរិវត្តកម្មឌីជីថល។

លោក​ BOB LIM (ប៊ប លីម) ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន BYTEDC Solutions

ថ្លែង​អំពី​ BYTE DC Solutions គឺ​ជាក្រុមហ៊ុន​រក្សា​ទិន្នន័យ​ដ៏​ធំក្រោម​ការវិនិយោគ​របស់​ប្រទេសកម្ពុជា និង​ប្រទេស​សិង្ហបុរី និង​ជា​ក្រុមហ៊ុន​ទី​១នៅ​កម្ពុជា​ទទួល​វិញ្ញាបនបត្រ Uptime Design Tier III។ ក្រុមហ៊ុន​នេះ បាន​ប្ដេជ្ញា​ចិត្ត​ជួ​យ​ដោះស្រាយ​បញ្ហា​លើ​សុវត្ថិភាព​នៃ​ការ​រក្សា​ទុក​ទិន្នន័យ​សំខាន់​ៗ​របស់ ស្ថាប័ន និង​ដៃគូ​ពាណិជ្ជកម្ម​នានា​ក្នុង​ប្រទេស​កម្ពុជា ជាមួយ​នឹង​បច្ចេកវិទ្យា​ខ្ពស់ សេវាកម្ម​សម្បូរបែប មាន​សុវត្ថិភាព និង​មាន​ភាព​បត់បែន​ច្រើន។

តប​ទៅ​នឹង​ការ​លើក​ឡើង​ពី​បេសកកម្ម​របស់ BYTEDC Solutions នៅ​កម្ពុជា​នា​ពេល​នេះ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត បាន​ថ្លែង​អបអរសាទរ​ចំពោះ​ការ​មក​ដល់​របស់​ក្រុមហ៊ុន​ ផ្តល់សេវាកម្មឌីជីថល និងសេវាកម្មមជ្ឈមណ្ឌលទិន្នន័យ (Data Center) ឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម​ថ្លែង​ថា ការ​មក​ដល់​របស់ BYTE DC ក៏បានឆ្លុះបញ្ចាំងផងដែរអំពីការរីកចម្រើនជឿនលឿនផ្នែកសង្គម-សេដ្ឋកិច្ចកម្ពុជា ដែលមានភាពទំនើប និងទាន់សម័យ ក៏ដូចជាអំពីភាពរួចរាល់របស់កម្ពុជាក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល និងបរិវត្តិកម្មឌីជីថល សម្រាប់ជាប្រយោជន៍ដល់ការលើកកម្ពស់ប្រសិទ្ធភាព និងផលិតភាពសេដ្ឋកិច្ច៕

អត្ថបទ៖ ទារិកា