នេះជា ប្រតិមាព្រះឥសូរ មកពីប្រាសាទភ្នំក្រោម តាំងពីសម័យកាលព្រះបាទយសោវម៌្មទី១ (៨៨៩-៩១០)

  • 2023-05-22 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះបាទយសោវម៌្មទី១ (៨៨៩-៩១០) បានសាងរាជធានីឈ្មោះថា យសោធរបុរ ដែលជាក្រុងអង្គរធំសព្វថ្ងៃ។ ព្រះអង្គបានសាងប្រាសាទធំៗ នៅលើកំពូលភ្នំនានាជាទីសក្ការៈក្នុងតំបន់អង្គរ ដូចជាប្រាសាទភ្នំបាខែង ជាប្រាសាទរាជ្យ ដោយដាប់ភ្នំថ្នាក់ៗជារាងពីរ៉ាមីតឧទ្ទិសដល់ព្រះឥសូរ និងប្រាសាទសំខាន់ចំនួន២ទៀតនៅលើកំពូលភ្នំបូក និងនៅលើកំពូលភ្នំក្រោម។ ប្រាសាទទាំងបីមានទម្រង់ដូចគ្នាបេះបិទ ដែលមានតួប៉មបីនៅលើខឿនតែមួយ ដែលឧទ្ទិសដល់អាទិទេពធំៗបីនៃព្រហ្មញ្ញសាសនា គឺព្រះព្រហ្ម ព្រះនារាយណ៍ និងព្រះឥសូរ។

នៅឆ្នាំ១៩៣៨ លោក ម៉ូរីស៍ ក្លែ បានបោសសម្អាត និងធ្វើកំណាយនៅភ្នំក្រោម លោកបានរកឃើញបំណែករូបអាទិទេពទាំងបី និងបំណែកបល្ល័ង្ករាយប៉ាយ ចាប់ពីបរិវេណប្រាសាទ វត្ត រហូតដល់ជើងភ្នំ។ ប្រតិមាទាំងនេះ មានតួខ្លួនត្រង់ រឹងឆ្កឺតពុំសូវទន់ភ្លន់ បន្ទាប់មកគេបានយកប្រតិមាទាំងនោះទៅជួសជុល និងផ្គុំជាមួយបល្ល័ង្ករួចតម្កល់ក្នុងតួប៉មឡើងវិញ។ នៅឆ្នាំ១៩៥៣ ប្រតិមាព្រះឥសូរ រលំដួលដោយឯកឯង ត្បិតតាមបរិវេណកជើងពុំសូវរឹងមាំល្អ។ ក្រោយការជួសជុលលើកទី២ ប្រតិមានេះរក្សាទុកនៅក្នុងប្រាសាទរហូតដល់ឆ្នាំ១៩៦៨ ក្នុងកំឡុងសង្រ្គាមស៊ីវិល ទើបផ្លាស់ប្តូរយកមករក្សាទុកនៅអភិរក្សដ្ឋានអង្គរ។

លុះដល់ឆ្នាំ១៩៧៥ ជនទុច្ចរិតបានកាត់ព្រះសិររបស់ទ្រង់ និងបញ្ជូនទៅលក់នៅបរទេស។នៅឆ្នាំ១៩៩៧ ក្រោយមានការចរចារ សម្របសម្រួល សារមន្ទីរមេត្រូប៉ូលីតែន សហរដ្ឋអាមេរិកបានយល់ព្រមប្រគល់ព្រះសិរនោះត្រឡប់មកវិញ ហើយក្រុមការងារសារមន្ទីរបានតដងខ្លួន និងព្រះសិររួចដាក់តាំងនៅក្នុងថែវសារមន្ទីរជាតិរហូតមកដល់បច្ចុប្បន្ន។ តាមការជួសជុលសារជាថ្មីគេឃើញប្រតិមាធ្លាប់មានការជួសជុល ឬប្ដូររូបរាងដើមដោយសារមានស្នាមម្រ័ក្សណ៍ពណ៌ខ្មៅនៅលើដងខ្លួន។ ប្រតិមានេះ មានរាងខ្ពស់សន្លឹម និងមានពន្លួញត្រង់ស្រួច មានព្រះនេត្រទី៣ និងមានចំណិតព្រះច័ន្ទនៅភ្នួងសក់ដែលជានិមិត្តរូបតំណាងឲ្យព្រះឥសូរ ៕

ប្រភព៖ សារមន្ទីរជាតិកម្ពុជា

អត្ថបទដកស្រង់ដោយ៖ ស៊ូ អីន

អត្ថបទថ្មី