បញ្ញា សិទ្ធ ជូនម្ដាយមកដាក់ផ្ទះមិនទាន់ស្រួលបួលផង ក៏ប្រញាប់ចេញទៅថតខ្សែភាពយន្ដភ្លាមហ្មង!

  • 2023-05-30 04:15:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង និងជាពិធីករ បញ្ញាសិទ្ធ បានជូនម្ដាយមកដល់ផ្ទះហើយនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីវះកាត់ជំងឺគ្រោះក្នុងតម្រងនោម និងជំងឺពោះវៀននៅមន្ទីរពេទ្យប្រទេសថៃជាច្រើនសប្ដាហ៍។

កំពុងរុញរទេះដែលម្ដាយជិះចេញពីព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ក្នុងទឹកមុខសប្បាយរីករាយ បញ្ញា សិទ្ធ បញ្ជាក់ថា ការវិលមកស្រុកកំណើតលើកនេះ គឺលោកលែងវិលទៅធ្វើការជាអចិន្ដ្រៃយ៍នៅប្រទេសថៃវិញហើយ ហើយលោកក៏មានការងារសិល្បៈជាច្រើនរង់ចាំលោកនៅស្រុកខ្មែរ។ បើទោះបីជាពេលនេះ ម្ដាយលោកមិនទាន់ជះស្បើយ១០០% ប៉ុន្ដែលោកជឿថាលោកមានពេលវេលាច្រើនក្នុងការប្រឡូកក្នុងអាជីពសិល្បៈពេញលេងឡើងវិញ បន្ទាប់ពីអាក់ខានជាង ២ឆ្នាំ។

លោក បញ្ញា សិទ្ធ៖ “ខ្ញុំមកនេះលែងទៅវិញហើយបង ថ្ងៃនេះគ្រាន់តែយកម្ដាយទៅផ្ទះហើយ ខ្ញុំត្រូវចេញទៅថតខ្សែភាពយន្ដភាគមួយឲ្យទូរទស្សន៍បាយ័ន។ នៅពីរខែទៀត បានជូនគាត់ទៅពិនិត្យម្ដងទៀត ហើយពេលនេះខ្ញុំមានពេលវេលាច្រើនសម្រាប់ការងារសិល្បៈ”។

បើតាមតារាចម្រៀងរូបនេះ ជំនួយសប្បុរសធម៌ពីសម្ដេចតេជោ ហ៊ុន សែន ចំនួន ៣ម៉ឺនដុល្លារ បានផ្ដល់ឱកាសឲ្យម្ដាយលោកបានវះកាត់ និងជាសះស្បើយក្នុងពេលឆាប់ៗ។ លោកអគុណជាពិសេសដល់សម្ដេចទាំងពីរ ព្រមទាំងអ្នកគាំទ្ររូបលោកក្នុងវិស័យសិល្បៈ ដើម្បីឲ្យលោកមានឱកាសបានរកចំណូលខ្លះៗតាមរយៈសិល្បៈឡើងវិញ។

ក្នុងជំនួបដោយចៃដន្យនៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ នៅព្រឹកនេះ ក្នុងពេលដែលលោកបញ្ជូនម្ដាយមកស្រុកកំណើតវិញជាមួយ Sabay បញ្ញា សិទ្ធ អះអាងថា ក្រៅពីស្ថានីយទូរទស្សន៍បាយ័ន ក៏មានក្រុមហ៊ុន និងផលិតកម្មមួយចំនួនទៀតបានទាក់ទងមកលោក ដើម្បីថតជាបន្ដបន្ទាប់ដែរ៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី