សមាគម​សណ្ឋាគារ ថា​សណ្ឋាគារ​ក្នុង​ស្រុក​នឹង​ទទួល​អត្ថប្រយោជន៍​បន្ថែម​តាម​រយៈ Lanton Cloud

  • 2023-06-08 06:55:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ឌិន សុមេធារិទ្ធ ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា​បាន​គូស​បញ្ជាក់​ថា សណ្ឋាគារ​នៅ​ក្នុង​ស្រុក នឹង​ទទួល​បាន​អត្ថប្រយោជន៍​បន្ថែម ក្រោយ​ពី​សមាគម​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុម​ហ៊ុន​អាកាស​ចរ ឡានម៉ី នាំ​យក​​ទីផ្សារ​ថ្មី​លើ Lanton Cloud។

ប្រធានសមាគមរូប​នេះ បាន​មានប្រសាស៍ទៀត​ថាកិច្ច​ព្រមព្រៀង​រវាង​ភាគី​ទាំង​ពីរ គឺមានគោលបំណងរៀនសូត្រពីគ្នាទៅវិញទៅមក និងជួយគ្នាទៅវិញទៅមកដូចជា "ឃ្មុំ និងផ្កា"។ លោកប្រធាន ក៏បានមានប្រសាសន៍ដែរថា ទីផ្សារចិនគឺជាទីផ្សារដ៏ធំមួយ ហើយកិច្ចសហ​ប្រតិបត្តិការ​នេះនឹងជំរុញការងើបឡើងវិញនៃទីផ្សារវិស័យទេសចរណ៍ និងជំរុញការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានៃឧស្សាហកម្មសណ្ឋាគារកម្ពុជា។

លោក​លើក​ឡើង​ថា មុន​កូវីដ ភ្ញៀវ​ទេសចរ​ចិន​ឈរ​នៅ​លំដាប់​លេខ១​ក្នុង​តារាង​ភ្ញៀវ​ទេសចរ​របស់​កម្ពុជា។ តែ​មក​ដល់​​ត្រី​មាស​ទី​១ ឆ្នាំ ២០២២ ភ្ញៀវ​ទេសចរ​ចិន​មក​កម្ពុជា​មាន​ត្រឹម​តែ​ជាង ១សែន​នាក់។ យ៉ាងណា​ក្រោយ ​រាជរដ្ឋាភិបាល​គ្រប់​គ្រង​កូវីដ​បាន​ទាំង​ស្រុង កំណើន​ភ្ញៀវ​ទេសចរ​ចិន ក៏​បាន​កើន​ឡើង ១០​ដង​ដល់​ទៅ​ជាង ១លាន ២សែន​នាក់​ក្នុង​ត្រី​មាស​ទី​១ ២០២៣។​

បន្ទាប់​ពី​កិច្ចសហការ​នេះ លោក​បាន​ព្យាករណ៍​ថា ភ្ញៀវ​ទេសចរ​ចិន និង​កើន​ឡើង​ថែម​ទៀត ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ក្នុង​តំបន់​អាស៊ាន​ដែល​មុន​កូវីដ១៩ ឈរ​នៅ​លំដាប់​លេខ​២ ក៏​នឹង​កើន​ឡើង​ថែម​ទៀត ដែល​នឹង​ជះ​ឥទ្ធិពលវិជ្ជមាន​ដល់​វិស័យ​ទេសចរណ៍ និង​អាជីវកម្ម​ដែល​រកស៊ី​ក្នុង​វិស័យ​នេះ ដូច​ជា​សណ្ឋាគារ​ជា​ដើម។

ឡានតុន ក្លៅដ៏ "Lanton Cloud" គឺ​វេទិកាពាណិជ្ជកម្មអេឡិច ត្រូនិក ផ្ដោត​ជា​សំខាន់​លើ​វិស័យ​អាកាសចរ សណ្ឋាគារ ទេសចរណ៍។ វេទិកា​ពាណិជ្ជកម្ម​អេឡិចត្រូនិក​នេះ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២២ និងបានទទួលអាជ្ញាប័ណ្ណពាណិជ្ជកម្មអេឡិចត្រូនិចដំបូងគេក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ន Lanton Cloud ​ក៏​ផ្តោត​ផង​ដែរ លើប្រតិបត្តិការពាណិជ្ជកម្មនៅប្រទេសកម្ពុជា និងពង្រីកទីផ្សារនៅអាស៊ាន និងប្រទេសចិន។

ដូច្នេះ​ហើយ ឡានតុន ក្លៅដ៍ បាន​ធ្វើ​សហប្រតិបត្តិការ​បន្ត​បន្ទាប់​ជាមួយ​ភាគី​កម្ពុជា។ តាម​លោកបណ្ឌិត LI KUN ប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរឡានម៉ី Lanmei Airlines ដែល​ជាក្រុមហ៊ុនអាកាសចរណ៍​បង្កើតឡើងដោយកិច្ចសហប្រតិបត្តិការប្រទេសកម្ពុជា-ចិន និង​ដែល​បាន​កាន់កាប់ Lanton Cloud នោះ ឲ្យ​ដឹង​ថា វេទិកា​នេះ កន្លង​មក ក៏​ធ្លាប់​បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីរួមគ្នាលើកស្ទួយយុទ្ធសាស្ត្រ "ភូមិមួយ ផលិតផលមួយ" និងបញ្ជូនផលិតផលក្នុងស្រុកកម្ពុជាទៅកាន់បណ្តាប្រទេសអាស៊ាន ប្រទេសចិន និងសាកលលោក​ដែរ។

លោកបណ្ឌិត LI KUN ក៏បានមានប្រសាសន៍ទៀត​ថា បន្ទាប់ពីការចុះហត្ថលេខាលើអនុស្ស​រណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Lanton Cloud និងសមាគមសណ្ឋាគារកម្ពុជា​នា​ពេល​នេះ នឹង​ជួយ​ពង្រីក​បន្ថែម​លើ​សេវាកម្មកក់សណ្ឋាគារ​នៅ​កម្ពុជា​សម្រាប់អ្នកប្រើប្រាស់ទាំងអស់ ហើយនឹងតភ្ជាប់សណ្ឋាគារទាំងនោះ​ជាមួយខ្សែសង្វាក់ផ្គត់ផ្គង់ Lanton Cloud។ ម្យ៉ាង Lanton Cloud មានការសហការជាមួយក្រុមហ៊ុនដែលជាអ្នកផ្គត់ផ្គង់សេវាកម្ម និងផលិតផលផ្ទាល់ដែលបង្កភាពងាយស្រួលក្នុងការទាញយកសេវាកម្ម និងទំនិញដែលជាវត្ថុធាតុដើមក្នុងតម្លៃទាប។

លើសពីនេះទៅទៀត Lanton Cloud នឹងបើកដំណើរការផ្នែកកក់សណ្ឋាគារ នៅលើ APP របស់ខ្លួន, អភិវឌ្ឍវិស័យសណ្ឋាគារ និងទេសចរណ៍ ទាញយកធនធានពីការប្រើប្រាស់ កម្មវិធីអនឡាញ ក៏ដូចជាផ្តល់សេវាកម្មផ្ទាល់ខ្លួន និងតម្លៃបន្ថែមសម្រាប់អ្នកប្រើប្រាស់ក្នុងបណ្តាប្រទេសអាស៊ាន។ ភាគីទាំងពីរនឹងបន្តអនុវត្តការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការក្នុងពាណិជ្ជកម្មអេឡិចត្រូនិក ការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក សេវាកម្មឌីជីថល និងសេវាខ្សែសង្វាក់ផ្គត់ផ្គង់សកលសម្រាប់ ការផ្គត់ផ្គង់សណ្ឋាគារ ដើម្បីសម្រេចបាននូវការចែករំលែកធនធានរវាងគ្នានឹងគ្នាយ៉ាងមានប្រសិទ្ធភាព។

តាម​លោក ឌិន សុមេធារិទ្ធ ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពី​ចុះកិច្ចព្រមព្រៀង​រវាងគ្នា​នេះ Lanton Cloud នឹង​បើក​ដំណើរការ​កក់​សណ្ឋាគារ​ដែល​ជា​សមាជិក​សមាគម នៅ​តាម​បណ្ដា​រាជធានី ខេត្ត ដូច​ជា ភ្នំពេញ សៀមរាប បាត់ដំបង ក្រុង​ព្រះសីហនុ កំពត កែប ជា​ដើម ចាប់​ពី​ចុង​ខែ​មិថុនា​នេះ​ត​ទៅ។ ក្នុង​ន័យ​នេះ ប្រធានសមាគម​ដដែល អំពាវ​នាវ​ដល់​បណ្ដា​ម្ចាស់​សណ្ឋាគារ​ដទៃ​ទៀត​ដែល​មិន​ទាន់​ចូល​ជា​សមាជិក​សមាគម​របស់​លោក អាច​រួសរាន់​មក​ចូល​រួម ដើម្បី​ទទួល​យក​អត្ថប្រយោជន៍​បន្ថែម ដែល​លោក​ហៅ​ថា គឺ​ជា​ទីផ្សារ​ថ្មី​ទៀត​នេះ​ទាំង​អស់​គ្នា៕​

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម