ធនាគារ ABA បន្ដគាំទ្រគម្រោងអប់រំរបស់ អ.ម.ត ដោយឧបត្ថម្ភថវិកា 300,000 ដុល្លារ សម្រាប់រយៈពេលបីឆ្នាំ

  • 2023-06-09 04:36:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ABA ​ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ​ដើម្បីបន្ដ​ផ្ដល់ការគាំទ្រដល់សមាគម ក្នុងការផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិត ដែលមានតម្រូវការសិក្សារៀនសូត្រ និងអភិវឌ្ឍធនធានមនុស្សសម្រាប់រយៈពេល 3 ​ឆ្នាំបន្ថែម។

តាមរយៈអនុស្សរណៈ​នេះ ធនាគារ ABA ​នឹងផ្ដល់ថវិកាសប្បុរសធម៌ចំនួន 100,000 ដុល្លារអាមេរិក ដល់សមាគម អ.ម.ត ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ 2023 ដល់ ឆ្នាំ2025 សម្រាប់កិច្ចការគាំទ្រ និងផ្ដល់ជំនួយដល់ប្រជាពលរដ្ឋកម្ពុជា ដែលពោរពេញដោយសមត្ថភាព តាមរយៈអាហារូបករណ៍ កម្មវិធីអប់រំ និងគម្រោងផ្ដល់ជំនួយផ្នែកហិរញ្ញវត្ថុផងដែរ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម សុខ ពុទ្ធីវុធ អនុប្រធានក្រុមប្រឹក្សាភិបាលនៃសមាគម អ.ម.ត លោក Askhat Azhikhanov ​នាយកប្រតិបត្តិធនាគារ ABA ​ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀតនៅការិយាល័យកណ្ដាលធនាគារ ABA ​កាលពីថ្ងៃទី 31 ​ខែឧស​ភា ឆ្នាំ 2023​។

លោក Askhat Azhikhanov មានប្រសាសន៍ថា “ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តដ៏រឹងមាំ និងយូរអង្វែងរបស់ធនាគារ យើងខ្ញុំបានបន្តឧបត្ថម្ភគាំទ្រដល់សមាគមសប្បុរសធម៌មួយនេះ សម្រាប់រយៈពេលបីឆ្នាំបន្ថែមទៀត នាថ្ងៃនេះ។ យើងខ្ញុំជឿជាក់ថា ការរួមចំណែកដ៏ស្ដួចស្ដើងរបស់យើងខ្ញុំ នឹងជួយឲ្យ អ.ម.ត បន្តការងារដ៏មានតម្លៃរបស់ខ្លួនក្នុងការកសាងធនធានមនុស្សប្រកបដោយគុណភាពសម្រាប់អនាគតរបស់ប្រទេស ហើយយើងខ្ញុំរង់ចាំ សហការឆ្ពោះទៅសម្រេចកិច្ចការរួមគ្នា ដើម្បីធ្វើយ៉ាងណាកែប្រែជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាឲ្យកាន់តែប្រសើរឡើង។”

លោកបន្ដថា “ធនាគារ ABA ប្តេជ្ញា​ចូលរួមចំណែកអភិវឌ្ឍក្នុងវិស័យអប់រំ។ យើងខ្ញុំជឿជាក់ថា ការអប់រំគឺជាកូនសោ សម្រាប់ អនាគតដ៏ត្រចះត្រចង់របស់មនុស្សគ្រប់គ្នា ហើយយើងខ្ញុំមានមោទនភាពក្នុងការគាំទ្រអង្គការដូចជា ​អ.ម.ត ដែលកំពុងអនុវត្តបេសកកម្មរបស់ខ្លួន ដើម្បីប្រាកដថា ការអប់រំគឺសម្រាប់ទាំងអស់គ្នា។” ឯកឧត្តម សុខ ពុទ្ធីវុធ អនុប្រធានក្រុមប្រឹក្សាភិបាលនៃ អ.ម.ត មានប្រសាសន៍ផងដែរថា “យើងខ្ញុំ មានសេចក្ដីសោមនស្សក្រៃលែងចំពោះការបន្តគាំទ្ររបស់ធនាគារ ABA។ ការគាំទ្រនេះ ពិតមានសារៈសំខាន់ ដើម្បីធានាថា សិស្ស-និស្សិត និងអ្នកជំនាញកម្ពុជាដែលពោរពេញដោយសមត្ថភាព និងទេពកោសល្យ ទទួលបានឱកាសសិក្សារៀនសូត្រ ហើយយើងខ្ញុំរីករាយដែល ABA បានចូលរួមជួយឲ្យពួកគាត់ មានឱកាស​បង្ហាញនូវសក្តានុពលដ៏ពេញលេញរបស់ពួកគាត់។”

ថ្មីៗនេះ ABA បានប្រកាសអំពីការបន្ដគាំទ្រ ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) រយៈពេលបីឆ្នាំជាប់គ្នា សម្រាប់ការងារមនុស្សធម៌របស់សមាគម ក្នុងការផ្តល់សេវាព្យាបាល និងថែទាំសុខភាពដោយឥតគិតថ្លៃដល់សហគមន៍ជនបទទូទាំងប្រទេស។

កាលពីដើមខែឧសភា ឆ្នាំ 2023 ធនាគារបានសហការជាមួយមូលនិធិកុមារកម្ពុជា បង្កើតកម្មវិធីអភិវឌ្ឍន៍សម្រាប់ទាំងអស់គ្នា ដើម្បីជួយដល់កុមារខ្វះខាត។ ការគាំទ្ររបស់ធនាគារ ABA រួមមាន ឱកាសហាត់ការ និងការងារ អាហារូបករណ៍ ការគាំទ្រផ្នែកថវិកា សម្រាប់កែលម្អហេដ្ឋារចនាសម្ពន្ធសាលារៀន និងគំនិតផ្តួចផ្តើមសំខាន់ៗផ្សេងទៀត។

អំពីធនាគារ ABA

ABA គឺជាធនាគារពាណិជ្ជធំជាងគេបំផុតនៅកម្ពុជា គិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល, ប្រាក់បញ្ញើអតិថិជន និងប្រាក់ចំណេញ នេះដោយផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2022 របស់ធនាគារជាតិនៃកម្ពុជា។

ដោយមានសាខាចំនួន 85 កន្លែង ទីតាំងស្វ័យសេវា ABA 24/7 ចំនួន 36 កន្លែង ម៉ាស៊ីនស្វ័យសេវាជាង 1,300 គ្រឿង ជាមួយនឹងសេវាធនាគារអនឡាញ និងកម្មវិធីធនាគារតាមទូរស័ព្ទដៃដ៏ទំនើប បានធ្វើឲ្យ ABA មានអតិថិជនជាង 2.9 លាននាក់ ដែលកំពុងប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុដ៏ទំនើបនេះយ៉ាងសកម្ម។ ភាគហ៊ុនិករបស់ធនាគារ ABA ដ៏ធំនោះគឺ ធនាគារជាតិកាណាដា ដែលជាធនាគារធំជាងគេទីប្រាំមួយនៅក្នុងប្រទេសកាណាដា និងជាធនាគារឈានមុខគេនៅកេប៊ិច ដែលជាជម្រើសដៃគូក្នុងចំណោមសហគ្រាសធុនតូច និងមធ្យម។