កូវីដ១៩ លែង​ជាកង្វល់​អន្តរជាតិទៀតហើយ តែ​កម្ពុជា​បង្កើន​ការ​ត្រៀមលក្ខណៈ​ជាមួយ​​វីរុស​បំប្លែងថ្មីៗ

  • 2023-06-12 02:37:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ប្រកាសថា កូវីដ១៩ បច្ចុប្បន្ន​នេះ នៅជាបញ្ហា​សុខភាព​ដែលបានកើតឡើង​ហើយនឹងនៅជាបន្តទៀត តែលែង​បង្កើត​ជាភាព​អាសន្ន​សុខភាព​សាធារណៈ ដែល​ជាកង្វល់អន្តរជាតិទៀតហើយ។ នេះបើតាម​ការឱ្យដឹង​ពីក្រសួងសុខាភិបាលកម្ពុជា។

យោងតាម​សេចក្តីណែនាំ​ថ្មីមួយរបស់​ក្រសួង​សុខាភិបាល នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ​២០២៣ បញ្ជាក់ថា ថ្វីត្បិត​តែមានការ​ប្រកាស​បែបនេះពី WHO ក្តី តែ​វីរុស​កូវីដ១៩ នៅមិនទាន់ទៅណា​ឆ្ងាយ​ពីយើង​នៅឡើយទេ។ ការបំប្លែងខ្លួនថ្មីរបស់វីរុសនេះ ដូចជា BA.2, XBB, XBB.1.5, XBB.1.9.1, XBB.1.17.1 ជាដើម ដែលបង្ហាញ​យ៉ាងច្បាស់ថា វា​នៅតែបន្តមាន​វត្តមាន​លើសាកលលោក ក្នុងនោះរួមទាំងកម្ពុជាផងដែរ។

ដើម្បីឆ្លើយតប​នឹង​ករណី​នេះ ក្រសួង​សុខាភិបាល​បាន​ណែនាំដល់​ថ្នាក់កណ្តាល អាជ្ញាធរ​ក្រោមជាតិ និងផ្នែកពាក់ព័ន្ធ ត្រូវ​បន្ត​រក្សា​សមត្ថភាព​ជាតិដែល​មាន និង​ត្រៀមលក្ខណៈ ព្រមទាំង​បង្កើន​ធ្វើឱ្យបានល្អប្រសើរឡើង នូវភាព​ត្រៀមរួចរាល់​សម្រាប់​ព្រឹត្តិការណ៍​នាពេលអនាគត។

ក្រសួង​បន្តថា ការបន្ត​ពង្រឹង និងពង្រីក​សមត្ថភាព​មន្ទីរពេទ្យ​ទាំង​នៅថ្នាក់ជាតិ និងក្រោមជាតិ ត្រូវមានផែនការ​ច្បាស់លាស់គិតគូរវាយតម្លៃ​ទៅតាម​ស្ថានភាព​ដែលអាច​មានការរាតត្បាត​ពីមេរោគថ្មីៗ និង​កូវីដ១៩ បំប្លែងថ្មីៗ ដែល​អាចកើតមានឡើង​ជាយថាហេតុ នាពេលអនាគត​ ដោយផ្អែក​លើមូលដ្ឋាន​ធនធានដែលមាន។ ជាមួយគ្នានេះ គឺ​ត្រូវពង្រឹង​យន្តការគ្រប់គ្រង និងការអនុវត្ត​ច្បាប់​លើការចេញ​អាជ្ញាបណ្ណ ឬការ​អនុញ្ញាតធ្វើចរាចរឱសថ បរិក្ខារពេទ្យ និង​វ៉ាក់សាំងចាំបាច់ៗ៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម