ទស្សនា​ទិដ្ឋភាព​រោងចក្រ​ចម្រាញ់រ៉ែមាស​ នៅ​ខេត្តមណ្ឌលគិរី ដែល​ចម្រាញ់​បាន​មាស​ជាង ៦ពាន់គីឡូក្រាម​ហើយ

  • 2023-06-12 04:09:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី​បាន​សម្ពោធដាក់​ឱ្យដំណើរការ​ការដ្ឋាន និង​រោងចក្រ​ចម្រាញ់​រ៉ែមាស​របស់​ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត នៅ​តំបន់អូខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីខែមិថុនា ឆ្នាំ២០២១ រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន បានចម្រាញ់មាសដែលមានគុណភាព ៩០% បានចំនួនសរុប ៦ ៧២៧,៧០​គីឡូក្រាម។

សមិទ្ធផលនេះ បាននាំមកនូវលំហូរទុនវិនិយោគពីក្រៅប្រទេសមកកម្ពុជា ការបង្កើតឱកាសការងារ និងសេដ្ឋកិច្ច ការពង្រីកបាននូវពិពិធកម្មខឿនឧស្សាហកម្មក្នុងស្រុក និងផលប្រយោជន៍សេដ្ឋកិច្ចសង្គមផ្សេងៗទៀតជាច្រើនសម្រាប់ប្រទេសកម្ពុជា។

កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ​២០២៣ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្ដីក្រសួងរ៉ែនិងថាមពល រួមជាមួយអាជ្ញាធរខេត្តមណ្ឌលគិរី និង ក្រុមហ៊ុន វុឌសង់ អ៊រ៉ល (ខេមបូឌា) លីមីធីត បានរៀបចំកម្មវិធីទស្សនកិច្ចការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។ កម្មវិធីទស្សនកិច្ចនេះដែរ មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល ថ្នាក់ដឹកនាំក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងរដ្ឋបាលខេត្តមណ្ឌលគិរី ព្រមទាំងអ្នកសារព័ត៌មានជាតិមួយចំនួន។

សូមជម្រាបជូនថា តំបន់អាជីវកម្មរ៉ែមាសអូរខ្វាវ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានចំណាយពេលវេលាអស់ជិត ១៤ឆ្នាំ ក្នុងការសិក្សាស្វែងរុករករ៉ែ ការសិក្សាវាយតម្លៃសមិទ្ធភាពសេដ្ឋកិច្ចនៃជម្រកធនធានរ៉ែ និងការសិក្សាវាយតម្លៃគ្រប់ជ្រុងជ្រោយលើផលប៉ះពាល់បរិស្ថាន និងសង្គមនៃប្រតិបត្តិការអាជីវកម្មធនធានរ៉ែ ក្រុមហ៊ុនរ៉ឺនេសង់ មីនេីរ៉ល (ខេមបូឌា) លីមីធីត ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Emerald Resources NL របស់ប្រទេសអូស្រ្ដាលី។ គម្រោងអាជីវកម្មរ៉ែមាសនេះ បានផ្តល់ការងារសរុបចំនួន ៤៣៤ នាក់ ក្នុងនោះជនជាតិខ្មែរមានចំនួន ៣៤៧នាក់ (ក្នុងនោះស្រីចំនួន ៦១នាក់) និងជនជាតិបរទេសចំនួន ៨៧នាក់ (ក្នុងនោះស្រីចំនួន ៣នាក់)៕

សូមទស្សនាទិដ្ឋភាព​ខាងក្រោមនេះ៖

ប្រភព៖ ក្រសួងរ៉ែ និងថាមពល

អត្ថបទពេញនិយម