សហគមន៍ធុរកិច្ចកម្ពុជាអបអរសាទរវីរជនដែលនៅពីក្រោយយុទ្ធនាការប្រមូលដបត្រឡប់មកវិញ

  • 2023-06-14 03:00:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ - កាលពីថ្ងៃទី ៩ ខែមិថុនា វេទិកាធុរកិច្ចបៃតងប្រចាំឆ្នាំរបស់គណៈកម្មាធិការធុរកិច្ចបៃតងនៃ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) បានប្រមូលផ្តុំអ្នកដឹកនាំដែលមកពីវិស័យឧស្សាហកម្ម អាជីវកម្ម អ្នកផ្តួចផ្តើមគំនិត និងអ្នកបង្កើតគោលនយោបាយដើម្បីពិភាក្សាអំពីវិធីពន្លឿនវឌ្ឍនភាពរបស់ប្រទេសកម្ពុជាឆ្ពោះទៅរកគោលដៅសេដ្ឋកិច្ចបៃតងរបស់ខ្លួន។

វេទិកានេះក៏បានបង្ហាញអំពីការចាប់ផ្តើមនៃយុទ្ធនាការការប្រមូលដបត្រឡប់មកវិញនៅក្នុងប្រទេសកម្ពុជាដែលយុទ្ធនាការនេះបានដាក់សាកល្បងនៅតាមវិស័យអាហារនិងភេសជ្ជៈ និងអាជីវកម្មបដិសណ្ឋារកិច្ចក្នុងស្រុកនៅក្នុងទីក្រុងភ្នំពេញចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២៣។ ក្រោមអធិបតីថ្នាក់ដឹកនាំប្រទេសកម្ពុជានិងភាពជាដៃគូជាមួយក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា វេទិកានេះត្រូវបានបញ្ចប់ដោយការប្រារព្ធពិធីអបអរសាទរដល់ធុរកិច្ច និងសហគ្រិនកម្ពុជាចំនួន ១៤ រូបសម្រាប់ការចូលរួមរបស់ពួកគេក្នុងយុទ្ធនាការការប្រមូលដបត្រឡប់មកវិញ។

ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថានដែលអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាធុរកិច្ចបៃតងបានមានប្រសាសន៍ថា៖ «កម្មវិធីដែលយើងប្រារព្ធថ្ងៃនេះជាកម្មវិធីដែលមានសក្តានុពលក្នុងការត្រួសត្រាយ ឱ្យមានលទ្ធភាពក្នុងការប្រមូលមកវិញ និងការប្រើប្រាស់ឡើងវិញបន្ថែមនៅក្នុងប្រទេសកម្ពុជា។ ធនធានធម្មជាតិរបស់យើងមិនស្ថិតស្ថេរនោះទេ។ ប្រសិនបើយើងចង់បន្តមានការរីកចម្រើន និងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាកន្លែងរស់នៅដ៏គួរឱ្យទាក់ទាញ យើងត្រូវផ្លាស់ប្តូរទៅរកគំរូអាជីវកម្មដែលប្រើធនធានប្រកបដោយនិរន្តភាព។ សេដ្ឋកិច្ចប្រកបដោយនិរន្តរភាពគឺជាផ្នែកចម្បងនៃដំណោះស្រាយ។ ខ្ញុំមានអារម្មណ៍រំភើបពេលដែលឃើញអាជីវកម្មជាអ្នកផ្តួចផ្តើមគម្រោងនេះ ហើយខ្ញុំមានជំនឿថាការផ្តួចផ្តើមនេះនឹងលើកទឹកចិត្តអាជីវកម្មដទៃជ្រើសយកសកម្មភាពនេះជាគំរូ។ ដូច្នេះការប្រើប្រាស់ធនធានប្រកបដោយនិរន្តរភាព និងការប្រមូលដបត្រឡប់មកវិញអាចអនុវត្តបានយ៉ាងទូលំទូលាយនាពេលអនាគត»។

ក្រោមអធិបតីភាព ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និង ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ព្រមទាំងលោក Samson Wong នាយកគ្រប់គ្រងក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានប្រគល់ពានរង្វាន់ទៅដល់អាជីវកម្មដើម្បីទទួលស្គាល់ជាផ្លូវការដល់វីរជនកម្ពុជានៅក្នុងយុទ្ធនាការប្រមូលដបត្រឡប់មកវិញដែលរួមមាន៖ V-Friend, Prel Leap, Traino-Pabu, Royal 214, Gold Pub, KC Restaurant & Sky Bar, Kiri Pub, Color Cup, Le Moon Rooftop, Prime Distributors Asia, Leng Channa, Ly Huy, Ly Kiet, និង KCV ។

លោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) បានមានប្រសាសន៍ថា៖ «វេទិកាប្រចាំឆ្នាំនេះបានគូសបញ្ជាក់អំពីតម្រូវការបន្ទាន់ដើម្បីទទួលបានអនាគតមួយដែលការអនុវត្តប្រកបដោយនិរន្តរភាពក្លាយជាទម្លាប់។ តម្រូវការនេះជាចក្ខុវិស័យដែលទាមទារឱ្យមានសកម្មភាពរួបរួមកាន់តែច្រើន។ ការទទួលបានវិធីសាស្រ្តត្រឹមត្រូវនឹងបើកឱកាសថ្មីអោយមានការលូតលាស់ក្នុងការវិនិយោគ ដែលប្រកបទៅដោយពណ៌បៃតងដើម្បីផ្តល់នូវតម្លៃសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពសម្រាប់ប្រទេសកម្ពុជា»។

ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានផ្តួចផ្តើមយុទ្ធនាការមួយដែលលើកទឹកចិត្តអតិថិជនឱ្យប្រគល់ដបមកវិញក្នុងការគាំទ្រកម្មវិធី «ធ្វើឱ្យពិភពលោកកាន់តែប្រសើរ» របស់ក្រុមហ៊ុន។ គំនិតផ្តួចផ្តើមនេះបានកំណត់គោលដៅប្រកបដោយមហិច្ឆិតាក្នុងការបង្កើនការប្រើប្រាស់ធនធានប្រកបដោយនិរន្តរភាពនិងកាត់បន្ថយការបំភាយឧស្ម័នកាបូនិចមិនត្រឹមតែនៅក្នុងផលិតកម្មរបស់ក្រុមហ៊ុនត្រឹមឆ្នាំ ២០៣០ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទូទាំងខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនទាំងមូលត្រឹមឆ្នាំ ២០៤០។ ការវេចខ្ចប់គឺជាការរួមចំណែកចម្បងដែលជួយដល់បរិស្ថាន ដូច្នេះការបង្កើនការប្រើប្រាស់ធនធានវេចខ្ចប់ដែលអាចប្រមូលត្រឡប់មកវិញបានមានសារៈសំខាន់ណាស់ដើម្បីសម្រេចបាននូវគោលដៅរយៈពេលវែងទាំងនេះ។ ការសហការគ្នាជាមួយវិស័យម្ហូបអាហារនិងភេសជ្ជៈ ព្រមទាំងវិស័យបដិសណ្ឋារកិច្ចគឺជាយុទ្ធសាស្ត្រមួយដើម្បីឈានទៅរកគោលដៅរបស់ក្រុមហ៊ុនពីព្រោះវិស័យទាំងនេះមានចំណែកធំមួយដែលប្រើប្រាស់ដបរបស់ផលិតផលក្រុមហ៊ុនច្រើននៅលើទីផ្សារ។

លោក Samson Wong នាយកគ្រប់គ្រងក្រុមហ៊ុនហ៊ិននីគែន ខេមបូឌាបានមានប្រសាសន៍ថា៖ «យុទ្ធនាការប្រមូលដបមកវិញគ្រាន់តែជាការចាប់ផ្តើមនៃកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងដំណើរប្រើប្រាស់ឡើងវិញប៉ុណ្ណោះ។ លោក Wong បានមានប្រសាសន៍បន្ថែមថា៖ «យើងទទួលស្គាល់ថាដំណើរឆ្ពោះទៅរកការប្រើប្រាស់ធនធានប្រកបដោយនិរន្តរភាពនឹងមានភាពលំបាកនិងជាដំណើរវែងឆ្ងាយ ហើយក្រុមហ៊ុនមិនអាចសម្រេចគោលដៅនេះបានតែឯងនោះទេ។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានរៀបចំរួចរាល់ក្នុងការបង្កើតប្រព័ន្ធដែលអាចគាំទ្រយុទ្ធនាការប្រមូលដបមកវិញដែលយុទ្ធនាការនោះអាចមានទ្រង់ទ្រាយធំជាងមុននាពេលអនាគត។ ដបផលិតផលរបស់យើងទាំងអស់គឺអាចប្រគល់ត្រឡប់មកវិញបាននាពេលបច្ចុប្បន្ន។ ទោះជាយ៉ាងណាក៏ដោយ យើងត្រូវការមនុស្សបន្ថែមទៀតដើម្បីចូលរួមយុទ្ធនាការប្រមូលដបមកវិញ និងធ្វើឱ្យយុទ្ធនាការនេះធំជាងនេះ។ យើងស្វាគមន៍ក្រុមហ៊ុនផលិតភេសជ្ជៈផ្សេងទៀតចូលរួមសហការជាមួយគ្នាដើម្បីឆ្ពោះទៅរកការបង្កើតខ្សែសង្វាក់ប្រកបដោយនិរន្តភាព» ។

លោកស្រី Shereen Teh ប្រធានផ្នែកពាណិជ្ជកម្មនៅក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «នៅពេលដែលយុទ្ធនាការប្រមូលដបមកវិញចាប់ផ្តើមទទួលបានសន្ទុះ អ្នកប្រើប្រាស់នឹងឃើញហាងនិងភោជនីយដ្ឋានដែលពួកគេចូលចិត្តកាន់តែច្រើនប្រគល់ដបភេសជ្ជៈទៅក្រុមហ៊ុនវិញក្នុងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយកាកសំណល់។ គោលបំណងរបស់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា គឺភ្ជាប់ទំនាក់ទំនងមនុស្ស ខណៈពេលដែលយើងកំពុងធ្វើឱ្យពិភពលោកកាន់តែប្រសើរឡើង ។ យើងក៏សង្ឃឹមដែរថា សកម្មភាពនេះនឹងអាចធ្វើជាគំរូទៅអាជីវកម្មផ្សេងទៀតក្នុងវិស័យនេះ»។

អំពីហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៤។ ជំរុញដោយគោល បំណងបង្កើតភាពសប្បាយរីករាយរួមគ្នា ក្រុមហ៊ុនបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អ្នកពិសា និងអតិថិជនដែលត្រូវការស្រាបៀរម៉ាក យីហោអន្តរជាតិគុណភាពខ្ពស់ដូចជាស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ជាមួយនឹងការគ្របដណ្តប់នៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើបស្ថិតនៅរាជធានីភ្នំពេញក្រុមហ៊ុន មានបុគ្គលិក ៧០០ នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ១២០,០០០ នាក់នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានបំណង “ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ” ជាមួយនឹងការផ្តោតលើបរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយការទទួលខុសត្រូវដែលស្ថិតនៅលើមាគ៌ាឆ្ពោះទៅកាន់ពិភពលោក ដែលមានកាបូនសូន្យកាន់តែស្មើភាពនិងកាន់តែមានសុខភាពល្អ។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា គឺជាផ្នែកមួយនៃក្រុមហ៊ុន HEINEKEN Company ដែលជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ថ្នាក់ពិភពលោក៕

អំពីសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា

សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១១ ដោយសមាគមធុរកិច្ចបារាំង អាល្លឺម៉ង់ និងអង់គ្លេសនៅកម្ពុជា ដើម្បីដើរតួជាសភាផ្លូវការនៃសហគមន៍ធុរកិច្ចអឺរ៉ុបក្នុងព្រះរាជាណាចក្រកម្ពុជា។ ចាប់តាំងពីពេលនោះមក សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាបានកើនសមាជិកជាង ៣០០ សមាជិកនិង ៥ ជាតិសាសដែលរួមមាន ១១ប្រទេសនៅទ្វីបអឺរ៉ុប។ សកម្មភាពស្នូលរបស់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាគឺដើម្បីលើកកម្ពស់គាំទ្រ តំណាងឱ្យសមាជិករបស់ខ្លួន និងផលប្រយោជន៍ធុរកិច្ចអឺរ៉ុបក្នុងការសន្ទនាជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងគោលបំណងអភិវឌ្ឍបរិយាកាសធុរកិច្ច និងការវិនិយោគប្រកបដោយប្រសិទ្ធភាពសម្រាប់ភាគីទាំងអស់។

គោលបំណងសំខាន់របស់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាគឺដើម្បី • ពិគ្រោះ និងតស៊ូមតិលើបញ្ហាសំខាន់ៗទាក់ទងនឹងការធ្វើអាជីវកម្មនៅកម្ពុជា។ • ជំរុញការវិនិយោគនៅកម្ពុជា។ • ធ្វើការកែលម្អលទ្ធភាពនាំយកអាជីវកម្មអឺរ៉ុបទៅកាន់ទីផ្សារកម្ពុជា និងអាជីវកម្មកម្ពុជាទៅទីផ្សារអ៊ឺរ៉ុប សម្របសម្រួលអាជីវកម្មរវាងក្រុមហ៊ុនខ្នាតតូចនិងមធ្យមនៅប្រទេសកម្ពុជា និងរដ្ឋសមាជិកសហភាពអឺរ៉ុប។ • ផ្តល់សេវាកម្មទាក់ទងនឹងសេដ្ឋកិច្ច ច្បាប់ បច្ចេកទេស ហិរញ្ញវត្ថុ ទីផ្សារ និងបញ្ហាធុរកិច្ចផ្សេងទៀតនៅក្នុងសហ«ភាពអឺរ៉ុបនិងកម្ពុជា និងព័ត៌មានជាក់លាក់នៃឧស្សាហកម្មដល់អ្នកវិនិយោគ។ • លើកកម្ពស់អត្តសញ្ញាណធុរកិច្ចរបស់សហភាពអឺរ៉ុបក្នុងសហគមន៍ធុរកិច្ចកម្ពុជា។ • ធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធនៅកម្ពុជាក្នុងការគាំទ្រកំណើនបរិយាប័ន្ន និងនិរន្តរភាពនៃសេដ្ឋកិច្ចកម្ពុជា។

អត្ថបទពេញនិយម