កូនឡាន Suzuki ស៊េរីថ្មីមួយនេះលក់នៅ​ឥណ្ឌាតម្លៃតែ​ជាង ៥ពាន់​ដុល្លារ​ប៉ុណ្ណោះ ចាក់១លីត្រជិះបាន ២៤គ.ម

  • 2023-06-29 03:55:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Suzuki ទើប​តែប្រកាស​ចេញ​រថយន្ត​ធុនតូចមួយ​ម៉ូឌែល​គឺ Suzuki Tour H1 នៅក្នុង​ប្រទេស​ឥណ្ឌា ដែល​មានតម្លៃ​ចាប់ពី ៥៨០០ ដល់ ៦៩០០​ដុល្លារ។

Suzuki មិនបានសង្កត់ធ្ងន់​លើការឌីហ្សាញ​រូបរាង​រថយន្ត​នេះប៉ុន្មានឡើយ ដោយ​គ្រាន់តែ​រំលេចដោយពណ៌ខ្មៅនៅផ្នែកមុខ និងក្រោយ ឯតួ​រថយន្តមានជម្រើសពណ៌ ស ប្រាក់ និងប្រផេះ។

កូនរថយន្ត​នេះ មាន​ប្រវែង ៣៥៣០មម ទទឹង ១៤៩០មម និងកម្ពស់ ១៤៧៥មម។ ទំហំ​ប៉ុណ្ណេះ គឺ​សឹងតែ​តូចជាង Kia Morning, Hyundai Grand i10 និង Toyota Wigo ទៅទៀត។

ក្រៅតែពីរូបរាងសាមញ្ញ រថយន្ត​ដ៏តូច្រឡឹងនេះក៏មិនមាន​បំពាក់​បច្ចេកវិទ្យាទំនើបអ្វី​ដែរ ពោលគឺ​សូម្បីតែ​អេក្រង់ថាច់ស្គ្រីនក៏គ្មានដែរ ដោយផ្តោតតែទៅលើការសន្សំសំចៃតែប៉ុណ្ណោះ។ យ៉ាងណាមិញ វាបានបំពាក់​ជាមួយកុងទ័រ​ឌីជីល ពោងសុវត្ថិភាព ២គ្រាប់ និងមាន​បំពាក់​ប្រព័ន្ធហ្វ្រាំង ABS និង EBD ផងដែរ។

រថយន្ត Suzuki Tour H1 ប្រើម៉ាស៊ីនសាំង K-Series ចំណុះ ១,០លីត្រ ដែល​អាចបង្កើត​កម្លាំង​ ៦៦សេះ និង​កម្លាំងរមួល ៨៩ញូតុនម៉ែត្រ ជាមួយកម្រិតស៊ីសាំង ចាក់ ១លីត្រជិះបាន ២៤គីឡូម៉ែត្រ។ វាក៏មានជម្រើស​ប្រើម៉ាស៊ីន CNG ដែលផលិតបានកម្លាំង ៥៦សេះ និងកម្លាំងរមួល ៨២ញូតុនម៉ែត្រ។ ជាមួយគ្នានេះ វាដំណើរការតែប្រអប់លេខ​ដៃ ៥វគ្គតែប៉ុណ្ណោះ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី