ទ្រាំតែ​បន្តិចសិន ព្រោះ​ការសង់​ស្ពានភ្ជាប់​កោះពេជ្រ-កោះនរា សល់តែ ១៥​ភាគរយទៀត​ប៉ុណ្ណោះ

  • 2023-07-03 03:22:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានីភ្នំពេញ បាន​ឱ្យដឹង​ថា គិតត្រឹម​ថ្ងៃទី៣ ខែ​កក្កដា ឆ្នាំ២០២៣ ការដ្ឋាន​សាងសង់​ស្ពាន​កោះពេជ្រ-កោះនរា ឆ្លងកាត់​ទន្លេ​បាសាក់ សម្រេច​បាន ៨៥% នៃ​គម្រោង ហើយគ្រោង​បញ្ចប់​ការសាងសង់​នៅខែ​វិច្ឆិកា ឆ្នាំ២០២៣​ខាងមុខ។

ស្ពានបេតុងខ្សែកាបនេះ ឆ្លងកាត់ទន្លេបាសាក់តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ស្ពានតភ្ជាប់ពីកោះពេជ្រ ទៅកោះនរា មានប្រវែង ៨២៤ម៉ែត្រ មានទទឹង ២៤,៥០ម៉ែត្រ និងគ្រោងចំណាយពេលសាងសង់ ៣៥ខែ ដោយចំណាយថវិកា ៣៨លានដុល្លារ។ដោយឡែកស្ពានភ្ជាប់ពីក្រុងរណបកោះនរា ទៅកាន់ផ្លូវជាតិលេខ១ មានប្រវែង ៦០ម៉ែត្រ ទទឹង ២១ម៉ែត្រ គ្រោងចំណាយពេលសាងសង់ ១២ខែ និងចំណាយថវិកា ១ ៦០៦ ៣៥៣ ដុល្លាអាមេរិក។

គួរឱ្យដឹងដែរថា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបើកការដ្ឋានសាងសង់ស្ពានខ្សែកាបនេះកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ហើយសម្តេចបានលើកឡើងថា នៅពេលសាងសង់រួច ស្ពាននេះនឹងចូលរួមចំណែកជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ១ ជាពិសេសជួយកាត់បន្ថយការកកស្ទះ នៅស្ពានព្រះមុនីវង្ស។

សូមបញ្ជាក់ថា នៅកោះនរា ស្ថិតក្នងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុន OCIC ធ្វើជាទីក្រុងរណបថ្មីលើផ្ទៃដីជាង ១០០ហិកតា។ គម្រោងនេះនឹងត្រូវរៀបចំអភិវឌ្ឍន៍ ដូចទៅនឹងទីក្រុងកោះពេជ្រនាពេលបច្ចុប្បន្នផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី