ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប ត្រៀមបង្ហាញខ្លួន ខណៈ​សម្តេចតេជោ​សម្រេចបង្កើត​គណៈកម្មការ​ជំរុញ​កសាងផ្លូវនេះ

  • 2023-07-13 06:33:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បង្កើត​គណៈកម្មការ​អន្តរក្រសួង​ ដើម្បី​​ជំរុញដំណើរការ​អនុវត្ត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវល្បឿនលឿន​តភ្ជាប់​ពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប។ នេះបើយោងតាម​អនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន ចុះហត្ថលេខាកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ​២០២៣។

ផ្លូវល្បឿនលឿនទី៣​នេះ ត្រូវបាន​ស្នើសុំ​វិនិយោគ​ដោយក្រុមហ៊ុនសាជីវកម្ម​ស្ពាន និងថ្នល់​ចិន (CRBC) ក្រោម​ទម្រង់​វិនិយោគ សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT) ដែលមាន​ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និងដឹកជញ្ជូន ជា​ប្រធាន​គណៈកម្មការនេះ។

គួរ​រំលឹកថា កាលពី​ថ្ងៃទី៧ ខែមិថុនា ឆ្នាំ​២០២៣ កន្លងទៅ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​សាធារណការ និងដឹកជញ្ជូន បាន​ចុះកិច្ចព្រមព្រៀង​ក្របខណ្ឌ​លើ​គម្រោង​សាងសង់​ផ្លូវល្បឿនលឿន​ពី ​ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ជាមួយ​ក្រុមហ៊ុនសាជីវកម្ម​ស្ពាន និងថ្នល់​ចិន (CRBC)។

ក្នុងពិធីនោះ ឯកឧត្តម ស៊ុន ចាន់ថុល បាន​ថ្លែងប្រាប់អ្នកកាសែត​ថា គម្រោង​ផ្លូវល្បឿនលឿននេះ គឺបែងចែកជាពីរដំណាក់កាល រួមមាន ដំណាក់កាលទី១ ពីរាជធានី​ភ្នំពេញ ទៅ​ក្រុងសៀមរាប មានប្រវែង ២៥០គីឡូម៉ែត្រ និង​ដំណាក់កាលទី២ បន្តពីក្រុងសៀមរាប ទៅក្រុងប៉ោយប៉ែត ប្រវែង ១៥០គីឡូម៉ែត្រ៕

អត្ថបទ៖ សំភី